en     km
en     km

លោក សម រង្ស៊ី៖បើពលរដ្ឋមក ទទួលខ្ញុំក្រោមមួយលាននាក់ ចាប់ខ្លួន ខ្ញុំចុះ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី​ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានបបួលនាយករដ្ឋមន្ត្រីកម្ពុជាដោយបន្ថែមលក្ខខ័ណ្ឌភ្នាល់មួយទៀត ពាក់ព័ន្ធទៅនឹងដំណើរមាតុភូមិនិវត្តរបស់លោកមកកម្ពុជា ។

លោក សរសេរលើទំព័រហ្វេសបុកនៅរសៀលថ្ងៃទី ៣០ សីហានេះថានាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន បានមានការផ្លាស់ប្ដូរ ល្បែងភ្នាល់មួយនេះ ។

លោកសរសេរក្នុងន័យដើមថា «លោក ហ៊ុន សែន បង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់ខ្ញុំ សម រង្ស៊ី ទៅថ្ងៃមុខ ។ កាលពីថ្ងៃ ២៣ សីហា កន្លងទៅនេះ គាត់បានយល់ព្រមធ្វើជាសាក្សី ក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិក។ ស្រាប់តែ ថ្ងៃ ៣០ សីហានេះ គាត់បបួលខ្ញុំ ឲ្យភ្នាល់គ្នាជាមួយគាត់ ដោយប្តូរលក្ខខណ្ឌទាំងស្រុង ក្នុងការភ្នាល់គ្នាថ្មីនេះ»

តែយ៉ាងណា ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្ថែមថា  តែក្នុងចន្លោះពេល ពីថ្ងៃ ២៣ ដល់ថ្ងៃ ៣០ សីហានេះ លោកបានដាក់សំណើរបន្ថែមមួយទៀតឱ្យសម្ដេច ហ៊ុន សែន ដែលលោកថា សម្ដេចមិនទាន់បានឆ្លើយតបនៅឡើយ ។

លោកសម រង្ស៊ីថា លោកសួរសម្ដេច ហ៊ុន សែន ថាតើនឹងចុះចេញពីដំណែងភ្លាមៗទេ បើលោកមកដល់កម្ពុជាក្នុងថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។

លោកបានដាក់សំណើរនៃការភ្នាល់មួយទៀត ដែលលោកសរសេរថា «នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា — ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ — មានតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ»

តែលោកបានសួរបន្តទៅសម្ដេច ហ៊ុន សែនថា បើចំនួនប្រជាពលរដ្ឋដែលគាំទ្រលោក កើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត ដែលលើស៣ ដង កាលពីលោកមកកម្ពុជាថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៣ តើពេលនោះសម្ដេច ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ។

លោកបន្ថែមថាការណ៍នេះ  ជាការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជារូបនេះចុះចេញពីដំណែង ។

លោកថា នឹងស្នើសុំឲ្យអង្គការសហប្រជាជាតិ និង/ឬ សារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់គ្នា ប្រកបដោយភាពថ្លៃថ្នូរនេះ ។

អ្នកវិភាគថា​ អ្នកនយោបាយជើងចាស់ទាំងពីរនេះ គួរបញ្ឈប់ល្បែងភ្នាល់ទាំងនេះទៅ ដោយចាប់ផ្ដើមរកវិធីដើម្បីដោះស្រាយវិបត្តិនយោបាយដើម្បីជាប្រយោជន៍ជាតិទៅល្អជាង ៕

Share

ព័ត៌មានទាក់ទង

Image