តាមរយៈការសិក្សាមួយបានរកឃើញថា ការចំណាយលើវិស័យការពារសន្តិសុខជាតិកម្ពុជា មានទឹកប្រាក់ជិត៤០០០លានដុល្លារ សម្រាប់រយៈពេល១៦ឆ្នាំចុងក្រោយនេះ។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា រដ្ឋាភិបាលគួរតែបង្កើនការចំណាយទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ដើម្បីជួយបង្កើនសេដ្ឋកិច្ចជាតិ ព្រោះជីវភាពពលរដ្ឋខ្មែរនៅក្រីក្រនៅឡើយ។
លោកមាស នី បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ថា ចាប់ពីឆ្នាំ២០០១រហូតដល់២០១៦ ការចំណាយលើការការពារ និងសន្តិសុខកម្ពុជាមានទឹកប្រាក់សរុបប្រមាណជា៣៩៥២ លានដុល្លារ ។ លោកមាស នី បានបញ្ជាក់ថា តួលេខនេះ ជាទិន្នន័យរកឃើញត្រួសៗប៉ុណ្ណោះ ចំពោះចំនួនពិតមែនទែននោះ អាចមានការខុសគ្នាបន្តិចបន្តួចទៀត។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដដែលនេះដែរ លោកមាស នី បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រីអេហ្វអឹម ១០២ នៃWMC ថា ជាការល្អហើយ ដែលមានការចំណាយថវិកាជាតិទៅលើវិស័យការពារ និងសន្តិសុន្តិសុខជាតិបែបនេះ។ ប៉ុន្តែលោកថា ការចំណាយនោះហាក់ដូចជាមានចំនួនច្រើនពេក ណាមួយប្រទេសកម្ពុជានាពេលបច្ចុប្បន្នក៏មានសន្តិភាពហើយដែរ។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរបន្ថែមថវិកាជាតិ ទៅដល់ក្រសួងពាក់ព័ន្ធនឹងវិស័យកសិកម្ម ឧស្សាហ៍កម្ម វិញ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសជីវភាពប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋខ្មែរភាគច្រើនជាកសិករ។
លោកមាស នី បានសរសេរលើទំព័រហ្វេសប៊ុកលោកថា ចំនួនកងកម្លាំងប្រដាប់អាវុធកម្ពុជាបានត្រូវគេប៉ាន់ប្រមាណថា មានចំនួន១៦៩.៥០០ នាក់ក្នុងនោះមាន កងទ័ពជើងគោគ ៨៥.០០០នាក់ កងកម្លាំងពិសេស ៥.០០០នាក់ កងទ័ពអាកាស ២.៥០០នាក់ កងងទ័ពជើងទឹក ៣.០០០នាក់ កងរាជអាវុធហត្ថ ១០.០០០នាក់ និងប៉ូលីសជាតិ ៦៤.០០០នាក់។
លោកមាស នី សរសេរបន្តថា ប្រសិនបើយកថវិកានោះ មកចែកជាមួយចំនួនកងកម្លាំងសរុបដោយមិនបាច់ទិញគ្រឿងសព្វាវុធ នោះឃើញថាកងកម្លាំងម្នាក់អាចទទួលបានប្រាក់ចំនួន២៣.៣១៥ដុល្លារ ក្នុងម្នាក់ៗ៕