ដោយឥតបង្អង់តបនឹងសារ ដែលលោកសមរង្ស៊ីបបួលសម្ដេចហ៊ុនសែនដាក់ តំណែងនាយករដ្ឋមន្រ្ដីក្នុងការភ្នាល់បើកាលណាលោកជាន់ទឹកដីកម្ពុជានៅថ្ងៃ០៩វិច្ឆិកាឆ្នាំ២០១៩នោះ សម្ដេចហ៊ុនសែននាព្រឹកព្រលឹមថ្ងៃ៣០សីហាបានបញ្ចូន សារឱ្យផ្សាយតាមអង្គភាពសារព័ត៌មានហ្រ្វេសញ៉ូវថា សម្ដេចហ៊ានភ្នាល់ ដាក់តំណែងខ្លួន អំឡុងពេល២៤ម៉ោងលោកសមរង្ស៊ីជាន់ដីកម្ពុជាតែ មិនមានការចាប់ខ្លួន។ពេលនេះមជ្ឈដ្ឋានអ្នកតាមដានកំពុងរង់ចាំសង្គ្រាមចិត្តសាស្រ្ដ ពីលោកសមរង្ស៊ីមកវិញ ខណៈអ្នកវិភាគថា ការភ្នាល់គ្នានេះពុំមានតម្លៃនៃ ដំណោះស្រាយជាតិ ពិតប្រាកដឡើយ។
កញ្ញា ឆោម ពៅនិកាជូនសេចក្ដីប្រែសម្រួល៖
រង្វាស់ពេលមួយយប់មួយថ្ងៃស្មើនឹង ២៤ម៉ោង នៃ ទិវាឯករាជ្យជាតិ០៩វិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ អាចនឹងជាកាលបរិច្ឆេទចុងក្រោយនៃជីវិតនយោបាយរបស់អ្នកនយោបាយកំពូលនៅកម្ពុជាពីររូប។
ដោយសម្អាងលើសារដំបូងរបស់លោកសមរង្ស៊ី ច្រានចោលការបបួលភ្នាល់ដាក់លុយរបស់សកម្មជនហ្វេសប៊ុកមួយចំនួន លោកបានបបួលសម្ដេចថាអ្នកនយោបាយមិនមែនជាអ្នកល្បែងស៊ីសង។ ដូចនេះលោកក៏បានស្នើឱ្យដាក់តំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនឹងការចូលប្រទេសវិញរបស់លោក។ មុនកិច្ចប្រជុំធំរបស់គណៈរដ្ឋមន្រ្ដីក្នុងថ្ងៃសុក្រសប្ដាហ៍នេះ សម្ដេចសម្រេចផ្ដល់សម្ភាសឱ្យសារព័ត៌មានហ្វ្រេសញ៉ូវដោយរក្សាទម្រង់និងកម្មវត្ថុនៃការភ្នាល់ដដែលតែសង្កត់ន័យលើការដែលលោកសមរង្ស៊ីថាជាន់ដីកម្ពុជា គឺសម្ដេចដែលជាប្រមុខរដ្ឋាភិបាលប្រកាសឱ្យលោកសមរង្ស៊ីជាន់ឱ្យជាប់ដើម្បីបានចាប់ខ្លួនក្នុងអំឡុងពេល២៤ម៉ោង បើពុំនោះសោតតំណែងនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវសម្ដេចព្រមលះបង់ចោលគ្រាន់តែមិនបញ្ជាក់ថានឹងមាននីតិវិធីជ្រើសរើសយ៉ាងណាទៀតនោះទេក្នុងកាលៈទេសៈអន្ដរកាលនោះ។
លោកសមរង្ស៊ីដែលជាអ្នកនយោបាយជើងចាស់លេចធ្លោនៅកម្ពុជានិងលើឆាកអន្ដរជាតិបានបង្កើតគណបក្សនយោបាយក្នុងអត្ថន័យក្លាយជារដ្ឋាភិបាល ហើយជារឿយៗលោកសមរង្ស៊ី រិះគន់ខ្លាំងៗនិងចំៗជាងគេគឺទៅលើការដឹកនាំអវិជ្ជមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាតែមួយមុខគត់ដែលបណ្ដែតបណ្ដោយឱ្យមានរឿងអសកម្មជាច្រើនកើតឡើងប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។ការរិះគន់របស់លោកសមរង្ស៊ីកាន់តែកក្រើកនិងរសើបបំផុតនៅពេលដែលលោកសម្រេចចិត្តចាកចោល ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ក្រោយបណ្ដឹងខ្ទង់រយធ្លាក់មកជាហូរហែរបស់មន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់កំពូលៗមានជាអាទិ៍សម្តេចហ៊ុន សែន សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី ក្រសួងការបរទេស។ បណ្តឹងមួយចំនួនត្រូវតុលាការបើកសវនាការនិងបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដោយកំបាំង មុខ។
ខណៈនេះ បណ្ដាញផ្សាយព័ត៌មាននានាក្នុងស្រុក និង ខ្មែរអន្ដរជាតិបាននិយាយអំពីដំណើរមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីដែលលោកថាលោកត្រូវមកដល់មាតុប្រទេសនេះនៅថ្ងៃឯករាជ្យជាតិ។ ជាងនេះវាក្លាយជាប្រធានបទដេញដោលសម្រាប់ពលរដ្ឋមួយចំនួនថាតើលោកសមរង្ស៊ីប្រាកដជាចូលឬ មិនចូល ព្រោះលោកបានធ្លាប់ប្រកាសបែបនេះមិនតិចដងទេ តែអូសបន្លាយៗជារឿយតែលោកមិនដែលដាក់កាលបរិច្ឆេទច្បាស់លាស់ដូចលើកនេះទេ។
តែម្ដងនេះ លោកសមរង្ស៊ីបានប្រកាន់ជំហរជាសាធារណៈថានឹងចូល ហើយលោកបានឱ្យសម្ដេចដែលកាលមុនធានាខ្លួនជាសាក្សីឱ្យសកម្មជនហ្វេសប៊ុកមួយរូបដាក់១យកកន្លះ គឺដាក់១លានដុល្លារយក៥០ម៉ឺនទៅជាដាក់តំណែងរបស់សម្ដេចនាយករដ្ឋមន្រ្ដីទៅវិញ។
ភ្នាល់ចូលឬមិនចូល ឬ ភ្នាល់ចាប់ឬមិនចាប់
ដំបូងឡើយ គឺជារឿងចូលឬមិនចូលនៅថ្ងៃទី០៩វិច្ឆិកានោះទេ ដូចទំនុកច្រៀងទទាយំឆ្លងឆ្នាំ២០១៩របស់សម្ដេចចំអកនោះ ពេលនេះគេអាចមើលឃើញជំហររបស់លោកសមរង្ស៊ីព្រោះវាអាចទឹកចុងក្រោយពិតមែនក្នុងជំនឿចិត្តពលរដ្ឋដែលមានលើលោកសមរង្ស៊ី ហើយក្រុមគណបក្សកាន់អំណាចក៏បានប្រែជាមិននិយាយអំពីរឿងចូល ឬ មិនចូលនេះទៅវិញ តែគូសបញ្ជាក់កាន់តែធ្ងន់អំពីការចាប់ឬមិនចាប់ខ្លួនលោកសមរង្ស៊ីព្រោះតុលាការចេញសាលក្រមកំបាំងមុខផ្ដន្ទាទោសលោកសមរង្ស៊ីរួចទៅហើយ ដែលការមកដល់របស់លោកគឺមិនទាន់ផុតអាជ្ញាយុកាលឡើយ។
តែបែបណាក៏មានមតិខ្លះ វាយតម្លៃថារឿងរបស់អ្នកនយោបាយទាំងអស់នេះគឺជាស្នៀតប្រកាប់ប្រចាក់នយោបាយជាងការចោទក្នុងបទព្រហ្មទណ្ឌ ដែលជួនកាលធ្វើឱ្យមានការអូសទាញឱ្យមានការចាប់ខ្លួនអ្នកចំណុះនយោបាយបក្សទាំងនោះទៅទៀត រួចក៏ផ្ទុះការរិះគន់ថាតុលាការជាឧបករណ៍របស់អ្នកនយោបាយ។
បើនិយាយពីពាក្យថា ចូលខ្លួន វាខុសគ្នាមិនតិចទេពីការចាប់ខ្លួន បើតាមអត្ថន័យដើមទាំងស្រុងរបស់ការភ្នាល់របស់លោកសមរង្ស៊ីគាត់យកខ្លួនលោកភ្នាល់នឹងតំណែងរបស់សម្ដេចហ៊ុនសែនករណីមិនជឿមាតុភូមិនិវត្តន៍របស់លោក។លោកសមរង្ស៊ី បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹមសារថា៖ «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?»។
តែសម្រាប់សម្ដេចហ៊ុនសែន សម្ដេចបានភ្នាល់ទៅជាការចាប់បានឬមិនបានខ្លួនអ្នកនយោបាយប្រឆាំងបំណងធ្វើមាតុភូមិនិវត្តន៍នេះ។ សម្ដេចហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះជម្រាបប្រាប់សាធារណជនថា៖ «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈ ពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?
ជាងនេះសម្ដេចបានឱ្យតម្លៃលើសម្បថ គឺសម្ដេចថា ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ»។
មកដល់រសៀលថ្ងៃសុក្រនេះ នៅមិនទាន់ឃើញឡើយនូវការទទួលព្រមឬកែប្រែកម្មវត្ថុភ្នាល់របស់លោកសមរង្ស៊ី តែគេគ្រាន់តែដឹងថាលោកសមរង្ស៊ីមិនអាចប្រកាសមិនមកឬកែប្រែកាលបរិច្ឆេទបានទេខណៈក្រុមអ្នកគាំទ្រ ឬ មិនគាំទ្របក្សណាក៏ដោយអន្ទះសារចង់ឃើញលោកមក ហើយនឹងមានអ្វីបន្ទាប់ពីលើលោកមកដល់ដីកម្ពុជា។
តើលោកសមរង្ស៊ីព្រមឱ្យមានការចាប់ខ្លួនលោកចូលពន្ធនាគារឬទេ?
លោកសមរង្ស៊ីអ្នកនយោបាយពោរពេញដោយបណ្ដឹង តែមិនមានវាសនាជាប់ពន្ធនាគារម្ដងណាឡើយ ខណៈបច្ចុប្បន្នលោកអាយុ៧០ឆ្នាំទៅហើយ ដែលលោកថាលោកចង់ឃើញកម្ពុជាមានច្បាប់មួយកំណត់អាយុអ្នកនយោបាយឱ្យចូលនិវត្តន៍ក្នុងអាយុ៧០ឆ្នាំដើម្បីទុកឱកាសឱ្យអ្នកជំនាន់ក្រោយបញ្ចេញស្នាដៃដឹកនាំ។អ្នកនយោបាយអនុបណ្ឌិតវិទ្យាសាស្រ្ដសេដ្ឋកិច្ចនិងធ្លាប់ជារដ្ឋមន្រ្ដីសេដ្ឋកិច្ច២ឆ្នាំនៃឆ្នាំ១៩៩៣ ១៩៩៤ ធ្លាប់ជួបគ្រោះដ៏កាចមានការយាយីប្រុងផ្ដាច់ជីវិតលោក តែលោកមិនបានបោះបង់ចោលនូវអ្វីដែលលោកថា ប្រយុទ្ធដើម្បីប្រជាធិបតេយ្យកម្ពុជា។ ម្ដងកាលលោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះ មានខ្មាន់កាំភ្លើងម្នាក់បាន បាញ់មករករូបលោក តែអង្គរក្សលោកបានច្រានលោកធ្លាក់ទឹកទាន់។ ម្ដងទៀត នៅមុខមន្ទីររដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការយុត្តិធម៌ ត្រូវគេគប់គ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករងរបួស និងមានមនុស្សស្លាប់ចំនួន១៦នាក់។ ចំណែកនៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាប់បែកម្តងទៀត។
សម្រាប់លើកនេះវិញ គេមិនអាចដឹងថា ការចូលមកកម្ពុជាលើកនេះជាគ្រោះ ឬ សំណាងចុងក្រោយរបស់លោកនោះទេ ។សម្រាប់លោកសមរង្ស៊ីខ្លួនឯងផ្ទាល់ តាមរយៈវីឌីអូកន្លងមកលោកបានស្នើឱ្យសម្ដេចហ៊ុនសែនជ្រើសតាមផ្លូវលោកម៉ាកូសប្រធានាធិបតីហ្វីលីពីនចាកចេញពីប្រទេសព្រោះពេលលោកមកនឹងមានពលរដ្ឋលាននាក់មកគាំទ្រ ហើយពលទាហាននឹងមិនមានចំណាត់ការលើពលរដ្ឋស៊ីវិលស្លូតត្រង់នោះទេតែអាចនឹងដូរទិសដៅចុងកាណុងវិញ។ មួយវិញទៀត លោកសមរង្ស៊ីថារូបលោកមិនមែនមកឱ្យសម្ដេចចាប់ខ្លួននោះទេ គឺមកចាប់ខ្លួនសម្ដេចហ៊ុនសែនវិញ។
ទោះបែបណាក៏ដោយសម្ដេចហ៊ុនសែន ពេលនេះក្នុងតំណែងជានាយករដ្ឋមន្រ្ដីដែលក្ដោបក្ដាប់កិច្ចការប្រទេសជាតិរាប់រយជំពូក រួមនឹងជាម្ចាស់ទំនួលខុសត្រូវដែនសមត្ថកិច្ចជាតិកម្ពុជា បានប្រកាសថាហ៊ានលះបង់តំណែងរបស់លោក ដែលកាន់បានជាង៣០ឆ្នាំ ដាក់ឱ្យស្មើតែមួយនឹងការចាប់ខ្លួនលោកសមរង្ស៊ីដែលជាអ្នកនយោបាយប្រឆាំងឱ្យបានក្នុងរយៈពេល២៤ម៉ោងលើផ្ទៃដី១៨១០៣៥គម២។ តែយ៉ាងណាអ្នកណាក៏ដឹងដែរថា លោកសមរង្ស៊ីគឺជាអ្នកនយោបាយខ្មែរល្បីល្បាញលើឆាកអន្ដរជាតិ លោកបានដឹងថាEBAរបស់សហភាពអឺរ៉ុប និងGSPរបស់អាមេរិកគឺជាផ្នែកមួយនៃដង្ហើមរស់របស់សេដ្ឋកិច្ចកម្ពុជាហើយវាជាផ្លូវតែមួយគត់ដែលបានភ្ជាប់លក្ខខណ្ឌនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់ម្ចាស់ជំនួយ។រូបលោកសមរង្ស៊ីជាអ្នកនយោបាយមានទំនាក់ទំនងល្អនឹងពួកលោកខាងលិច លោកត្រូវបានសមាជិកសភាអឺរ៉ុបនិងអ្នកមុខអ្នកការអន្ដរជាតិមិនតិចជាង១០រូបសន្យាថានឹងមកអមជាមួយលោកផងដែរនៅថ្ងៃនោះ។ប៉ុន្ដែបើសិនណាមានរឿងអ្វីកើតឡើងចំពោះរូបលោកសមរង្ស៊ីដែលអាចចេញមកពីក្រុមបាតដៃទីបីនោះ គឺម្ចាស់ដែនសមត្ថកិច្ចកម្ពុជាប្រហែលត្រូវតែជាមនុស្សដំបូងគេហើយនៅក្នុងការចោទឱ្យមានការទទួលខុសត្រូវលើឧបទ្ទវហេតុណាមួយ។
អ្នកសិក្សាសង្គម៖ការភ្នាល់របៀបនោះគ្មានតម្លៃសម្រាប់ដោះស្រាយបញ្ហាជាតិ
ក្នុងបទសម្ភាសនឹងវិទ្យុស្រ្ដីកាលពីម្សិលមិញ អ្នកវិភាគបញ្ហាសង្គមជើងចាស់ លោកបណ្ឌិតមាសនី សឹងមិនចង់ធ្វើការអធិប្បាយឡើងអំពីការភ្នាល់គ្នារបស់អ្នកនយោបាយ។អ្នកវិភាគយល់ឃើញថាជារឿងដដែលៗហើយមិនចំទិសដៅស្រោចស្រង់ជាតិឱ្យបានរីកចម្រើនឡើយទំនងថាការដាក់ភ្នាល់បែបនេះកាន់តែបង្ហាញអំពីលក្ខណៈអត្មានិយមរបស់អ្នកនយោបាយទៅទៀតដើម្បីយកឈ្នះគូប្រកួតដាក់កិច្ចការជាតិសំខាន់ៗរួមនឹងសន្ដិភាពដែលទើបកសាងបានរួមជាមួយ។
នៅថ្ងៃ៣០សីហានេះ លោកប៉ា ងួនទៀង នាយកប្រតិបត្តិវិទ្យុវីអូឌីដែលបានចាក ចេញពីប្រទេសកករណីរងបណ្ដឹងដោយដោយលោកពេជ្រស្រស់ បានចេញមុខអធិប្បាយថា ការភ្នាល់នេះប្រហែលអាចជាកំណត់ត្រា នៃប្រវត្តិសាស្ត្រពិភពលោក៖ មេដឹកនាំនយោបាយខ្មែរ២រូបដែលបបួលគ្នា ភ្នាល់ម្តងម្នាក់ក្នុងការដោះស្រាយនយោបាយជាតិ។ អ្នកគាំទ្រម្ខាងៗស្រែកបន្ទរថាគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យ។ មេដឹកនាំនយោបាយប្រទេសជឿនលឿនផ្សេងៗមិនដែលគិតឃើញយុទ្ធសាស្ត្របែបនេះសោះ តែនៅតែដឹកនាំប្រទេសគេជឿនលឿនហើយ ថែមទាំងធ្លាប់បានទទួលការស៉ំពឹងពាក់ពីមេដឹកនាំនយោបាយខ្មែរទាំងពីរនេះទៀតផង។
លោកសមរង្ស៊ីបានចេញខិត្តប័ណ្ឌមួយថាការធ្វើមាតុភូមិនិវត្តន៍របស់លោកមានគោលដៅ៧ចំណុចដែលលំដាប់ទី១ គឺការមកស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង ការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ មកស្រោចស្រង់EBA មកដោះស្រាយវិបត្តិសង្គមជាច្រើន ជាដើម។ តែគេរង់ចាំមើលថាលោកមកដល់ដីខែ្មរវិញ លោកឈរជើង មានសេរីភាពបាន រយៈ២៤ ដែរឬទេ ហើយចំណែក សម្ដេចហ៊ុន សែននៅស្ងាត់ស្ងៀម បានរយៈពេល២៤ម៉ោងឬទេ គឺ២៤ម៉ោងនេះ ហើយគឺមានអ្នកឈ្នះមានអ្នកចាញ់ បើចាញ់បាត់តំណែងគឺជារឿងប្រវត្តិសាស្ត្រ ខ្មែរជាលើកដំបូងពុំធ្លាប់មាន៕