ប្រទេសសមាជិកអាស៊ាន នឹងធ្វើសមយុទ្ធយោធាលើកដំបូងជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ខណៈអាមេរិកនិងចិនកំពុងដណ្ដើមឥទ្ធិពល ក្នុងតំបន់។ សម្រាប់កម្ពុជា គឺជាសមាជិកមួយនៃសមាគមនេះដែរតែ កម្ពុជាមិនទាន់ឃើញឆ្លើយថាត្រូវចូលរួមសមយុទ្ធនៅឡើយទេ។
កញ្ញា អុំ ច័ន្ទលក្ខិណា រាយការណ៍៖
សមយុទ្ធនេះនឹងត្រូវធ្វើនៅក្នុងតំបន់ឈូងសមុទ្រថៃ តំបន់ច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសម៉ាឡេស៊ី និងតំបន់សមុទ្រក្បែរប្រទេសវៀតណាម។សមយុទ្ធយោធានេះ មាននាវាចំនួន ៨គ្រឿង និងយន្តហោះចម្បាំង ២គ្រឿង ដោយនៅចាប់ផ្ដើមពីថ្ងៃទី២ដល់ថ្ងៃទី ៦ កញ្ញា ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២៣ សីហាដែលស្រង់មកចុះផ្សាយដោយ គេហទំព័រ Rappler.com ។
តាមប្រភពដដែលនេះ សមុទ្ធទ័ពជើងទឹករួមគ្នាលើកទីមួយរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងអាមេរិកនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការកសាងសន្តិសុខលំហសមុទ្រ និងផ្តោតជាសំខាន់លើការបង្ការ និងបង្រ្កាបសកម្មភាពល្មើសច្បាប់ផ្សេងៗ នៅលើផ្ទៃសមុទ្រ។ សមាជិកដែលចូលរួមក្នុងសមយុទ្ធយោធានេះ នឹងចែករំលែកព័ត៌មាន បង្កើនការស្វែងយល់ និងសហការគ្នាក្រោមច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសនីមួយៗ។
វិទ្យុស្ត្រីបាន ព្យាមយាមទាក់ទងទៅលោកឧត្តមសេនីយ៍ឈុំសុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ តែពុំមានការលើកទូរស័ព្ទ ។តែអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺលោកផៃស៊ីផានថា មិនស្ថិតក្នុងសមត្ថកិច្ចរបស់លោករឿងនេះ។
កម្ពុជា បានដកខ្លួនពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក គឺនៅឆ្នាំ២០១៦ ហើយក្រោយមកកម្ពុជា ទទួលយកការធ្វើសមយុទ្ធជាមួយចិនជំនួសអាមេរិក។
អ្នកវិភាគម្នាក់គឺលោក ឯម សុវណ្ណារ៉ា យល់ថា សមុយុទ្ធនេះ គឺជាការបង្ហាញពី ការរឹតចំណងទាក់ទង រវាងកងទ័ពអាមេរិក និងប្រទេសសមាគមអាស៊ាន ដែលលោកថៃ ក្ដី គឺគេចង់ប្រាប់ថាគេធ្វើសមយុទ្ធដូចបានទាំងអាមេរិក និងចិនគឺមិនដូចកម្ពុជា ធ្វើបានតែជាមួយចិននោះទេ។
តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាទីតាំងប្រជែងឥទ្ធិពលគ្នាដ៏ស្រួចស្រាល់រវាងមហាអំណាចកុម្មុយនីស្តចិន និងសហរដ្ឋអាមេរិក។
ក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងលើតំបន់មួយនេះ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់ និងផ្លូវ” ស្របពេលសហរដ្ឋអាមេរិកបានព្យាយាមរាំងខ្ទប់ឥទ្ធិពលរបស់ចិន ដោយអនុវត្តយុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។
ប្រទេសមួយចំនួន ដូចជា កម្ពុជា និងឡាវ ជាដើម តែងចេញមុខគាំទ្រ និងការពារផលប្រយោជន៍ចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ស្របពេលប្រទេសអាស៊ានមួយចំនួនទៀតបានជ្រើសរើសយកសហរដ្ឋអាមេរិកជាខ្នងបង្អែកទប់ទល់ជាមួយចិន។ ចំពោះកម្ពុជាកំពុងត្រូវបានអាមេរិក ចោទថានឹងអនុញ្ញតិអោយមានមូលដ្ឋានទ័ពជើងទឹកចិននៅ កម្ពុជា គឺឆ្នេររាម ។តែការចោទនេះ ត្រូវបានកម្ពុជាច្រើនចោលទាំងស្រុង។
ការធ្វើសមយុទ្ធយោធារវាងអាស៊ាន និងសហរដ្ឋអាមេរិកនេះ គឺនៅស្របពេលដែលបញ្ហាជម្លោះសមុទ្រចិនខាងត្បូងកំពុងតែតានតឹងខ្លាំង ដោយសារចិនបានបង្កើនសកម្មភាពឥតឈប់ឈរលើតំបន់ជម្លោះ ។
វៀតណាម និងហ្វីលីពីន កំពុងប្រទាញប្រទង់គ្នា ដណ្ដើមកាន់កាប់ដែនកោះមួយចំនួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិន ត្រូវបានរាយការណ៍មកថា បានដណ្ដើមកាន់កាប់តំបន់នោះសឹងទាំងស្រុងទៅហើយ បន្ទាប់ពីពាន ស្ថាបនាកោះសិប្បនិម្មិតចំនួន១០ នៅទីនោះ ដែលជាមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។
ការធ្វើសមយុទ្ធ ទ័ពជើងទឹក រវាងអាស៊ាននិង អាមេរិក នៅលើឈូងសមុទ្រថៃ គឺជាលើកដំបូង បន្ទាប់ពីអាមេរិក សង្ស័យថាឆ្នេររាមកម្ពុជាទៅថ្ងៃខាងមុខអាចក្លាយជាមូលដ្ឋានទ័ពជើងទឹកចិន។ តែកម្ពុជា បដិសេធដាច់ខាតថាពុំមានដូចការសង្ស័យរបស់អាមេរិកនោះទេ៕