en     km
en     km

វិភាគ៖ ពេលលោក សម រង្ស៊ី មកដល់កម្ពុជា ប្រសិនបើមានផ្ទុះហឹង្សាកើតឡើង តើអ្នកណាអន្តរាគមន៍?

Share


ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង អះអាងថានឹងចូលកម្ពុជាដើម្បីប្ដូរការដឹកនាំ ឯបក្សកាន់អំណាចវិញថា នឹងប្រឆាំងវត្តមានរបស់ក្រុមប្រឆាំង ដោយការចាប់ដាក់គុក ឬមានការបង្ក្រាបដោយកម្លាំង ។ ប្រសិនបើវត្តមានរបស់លោក សម រង្ស៊ី នៅកម្ពុជាតាមកាលកំណត់ មានផ្ទុះហឹង្សា ថាតើមានភាគីណាជាអ្នកអន្តរាគមន៍ ហើយបើគ្មានផ្ទុះហឹង្សាទេ តើនឹងមានលទ្ធផលបែបណា ?
សូមស្ដាប់លោក សោម លាភ ធ្វើសេចក្ដីអត្ថាធិប្បាយអំពីព័ត៌មាននេះ៖


លោក សម រង្ស៊ី ត្រៀមវិលចូលកម្ពុជាវិញ
ថេរវេលានៃការកំណត់ចូលស្រុកវិញ របស់លោក សម រង្ស៊ី និងក្រុមរបស់លោកមួយចំនួន រួមទាំងមានមន្ត្រីនៃប្រទេសដទៃអមដំណើរនោះ មានត្រឹមតែពីរខែទៀតតែប៉ុណ្ណោះ ពោលគឺមាតុភូមិនិវត្តនេះ ត្រូវបានកំណត់ថា នឹងកើតឡើងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
អ្វីដែលគួរឱ្យកត់សម្គាល់ជុំវិញព្រឹត្តិការណ៍នយោបាយនៅកម្ពុជាដែលបានវិវត្តន៍ថ្មីៗនេះ គឺថាទាំងមុនពេលដែលលោក សម រង្ស៊ី កំណត់ពេលវេលាជាក់លាក់ មន្ត្រីរាជរដ្ឋាភិបាលឯណេះវិញ បានប្ដេជ្ញាថា នឹងមានការបង្រ្កាប ដោយចាត់ទុកថាបង្ក្រាបអំពើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល ។
ក្នុងនាមជានាយរដ្ឋមន្ត្រីកម្ពុជា កាន់អំណាចជិត ៤០ ឆ្នាំ ដែលប្រកាសថា នឹងមិនឆ្លើយតបឡើយ ជាមួយលោក សម រង្ស៊ី ដោយមន្ត្រីរាជរដ្ឋាភិបាលចាត់ទុកអ្នកនយោបាយនិរទេសខ្លួនក្រៅប្រទេស ថាជាទណ្ឌិតរត់ចោលស្រុក ។
មិនមែនមានតែមន្ត្រី ឬសមាជិករាជរដ្ឋាភិបាលតែប៉ុណ្ណោះនោះទេ ដែលតែងតែពិភាក្សាទៅលើប្រធានបទនៃការវិលចូលកម្ពុជាពីប្រធានស្ដីទីអតីតគណបក្សប្រឆាំង ក៏មានការលើកឡើងពីមជ្ឈដ្ឋានជាច្រើន ពាក់ព័ន្ធទៅនឹងថាតើ នឹងមានវិធានការបែបណាពីរាជរដ្ឋាភិបាល ហើយបើមានវិធានការ តើមានវត្តមានលោក សម រង្ស៊ី នោះទេ ។
គេដឹងជាទូទៅថា ការប្រកាសថានឹងវិលចូលកម្ពុជាវិញ របស់លោក សម រង្ស៊ីជាថ្មីម្ដងទៀតនេះ មិនមែនជាលើកទីមួយនោះទេ ។
យ៉ាងណា មានការលើកឡើងថា ការពន្យាពេលរបស់លោក សម រង្ស៊ី អាចជាការដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកភ្លើងខៀវឱ្យ ពោលគឺកាលៈទេសៈមិនទាន់ដល់ ។
អ្នកវិភាគមួយចំនួនក៏ថាដែរថា ការប្រកាសកំណត់ថេរវេលារបស់លោក សម រង្ស៊ី ជាការស្ទង់ការគាំទ្រជាមុនសិន ។ យ៉ាងណា ប្រសិនមានការគាំទ្រច្រើន នោះលោក សម រង្ស៊ី នឹងមក តើបើមិនច្រើននោះទេ លោក សម រង្ស៊ី អាចនឹងមិនទាន់មកក៏ថា ។
ក៏ប៉ុន្តែ ទាំងលោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងតែធ្វើនយោបាយនៅបរទេស ថានឹងវិលចូលកម្ពុជាតាមការកំណត់ជាដាច់ខាត មិនអាចពន្យាបានឡើយ ។ លោក សម រង្ស៊ីថា ប្រជាជនកម្ពុជាកំពុងតែរង់ចាំលោកយ៉ាងអន្ទះសារ ដើម្បីឱ្យលោកសោះស្រាយបញ្ហាដែលកម្ពុជាកំពុងតែជាប់គាំង ឬបញ្ហាដែលរាជរដ្ឋាភិបាលបង្កើតឡើង ។
លោក សម រង្ស៊ីថា លោកនឹងនាំប្រជាជនកម្ពុជាមិនតិចជាងលាននាក់នោះទេ មកកម្ពុជាជាមួយលោក រួមទាំងអន្តរជាតិមួយចំនួនទៀតផង ។
តែយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ត្រីជាន់ខ្ពស់ថា មិនស្វាគមន៍ចំពោះអន្តរជាតិណាដែលមកជាមួយលោក សម រង្ស៊ីនោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍លោក សម រង្ស៊ី ហើយក៏រំលឹកម្ដងហើយម្ដងទៀតថា គុកនៅស្វាគមន៍ ។ កន្លងមកទៀតសោត នាយករដ្ឋមន្រ្តីកម្ពុជាថា អាជ្ញាត្រៀមកំចាត់ក្រុមលោក សម រង្ស៊ី ដែលមន្ត្រីកម្ពុជាហៅថា ជាភារវករនយោបាយរួចរាល់ហើយដែរ ។
កម្ពុជា និងទំនាក់ទំនងកាទូត
ប្រទេសកម្ពុជាជាប្រទេសដែលផ្ដល់សច្ចាប័ន និងជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។
យ៉ាងណា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញានេះ អាចនឹងចូលខ្លួន ចរចាឱ្យកម្ពុជាអនុវត្តន៍ ដើម្បីឱ្យកម្ពុជាដើរតាមស្មារតីនៃការបង្កើតសន្ធិសញ្ញានេះឡើងមក ។
កម្ពុជាក៏ផ្ដល់សច្ចាប័នដល់ច្បាប់អន្តរជាតិជាច្រើនទៀត ដើម្បីធានាថា កម្ពុជា​មិនរំលោភសិទ្ធិមនុស្ស ។
មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏មាននយោបាយការទូត ឬនយោបាយការបរទេស ដែលធ្វើឱ្យប្រទេសនេះមានទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់ និងក្រៅតំបន់ ។
ក្នុងនាមជាប្រទេសមួយដែលជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវប្រកាន់នូវខ្ជាប់នូវលក្ខខ័ណ្ឌរបស់អង្គការអន្តរជាតិនេះ ដែលការបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីឱ្យមានសន្តិភាពពិភពលោក ។
ក្រៅពីនយោបាយការបរទេស កម្ពុជាក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដូចជាអាមេរិក និងសហភាពអឺរ៉ុប និងចិនជាដើម ។
គេសង្កេតឃើញថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំចូលទំនិញ និងផ្ដល់ការអនុគ្រោះពន្ធជាច្រើនដល់កម្ពុជានោះ បានបង្ហាញការខ្វាយខ្វល់ចំពោះស្ថានភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ទំនងដោយសារតែមើលឃើញថា ស្ថានភាពនៃការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះក្រោយការបោះឆ្នោតសភានីតិកាលទី ៦ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានទទួចឱ្យកម្ពុជាស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។
យ៉ាងណា ការទទួចនេះ បានធ្វើឡើងម្ដងហើយម្ដងទៀត តែហាក់ដូចជាមិនបានដូចចិត្ត ។ ចំពោះកម្ពុជាជាប្រទេសសាម៉ីវិញ ដែលត្រូវបានអន្តរជាតិថា មិនមានប្រជាធិបតេយ្យ នៅតែប្រកាន់ជំហរដដែល ថាកម្ពុជាមិនមែនដូចអន្តរជាតិទាំងនេះវាយតម្លៃនោះទេ ។
សមាជិករាជរដ្ឋាភិបាលកម្ពុជា ថាកម្ពុជាជារដ្ឋឯករាជ្យ មានរាជរដ្ឋាភិបាលស្របច្បាប់បានមកពីការបោះឆ្នោតស្របទៅតាមច្បាប់ មានពលរដ្ឋបោះឆ្នោតរហូតដល់ទៅជាង ៨០ % ។
ដោយការសន្មតថាកម្ពុជា គឺរាជរដ្ឋាភិបាលបានអនុវត្តន៍ប្រជាធិបតេយ្យបានល្អប្រសើរហើយនោះ ទើបមន្ត្រីស្ទើរគ្រប់ជាន់ថ្នាក់ ជាពិសេសគឺនាយករដ្ឋមន្ត្រីផ្ទាល់ថា កម្ពុជាមិនអាចធ្វើតាមការទទួចរបស់អន្តរជាតិនោះទេ ។
យ៉ាងណា ការទទួចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះ ធ្វើឡើងជាថ្នូរទៅនឹងការទទួលបានការអនុគ្រោះពន្ធ និងទណ្ឌកម្មផ្សេងទៀត ។ តែកម្ពុជាថា របស់ទាំងនេះ មិនដូរជាមួយអធិបតេយ្យកម្ពុជានោះទេ ។
ខណៈពេលនេះមានការព្រួយបារម្ភថា ទំនាក់ទំនងការទូតកម្ពុជាអាចនឹងមានការធ្លាក់ចុះជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាបណ្ដាប្រទេសដែលគេទទួលស្គាល់ថា ជាប្រទេសមានប្រជាធិបតេយ្យពេញលេញ ។
ជាងនេះទៅទៀត គេក៏ទទួលស្គាល់ថា ប្រទេសទាំងនេះនឹងធ្វើអន្តរាគមន៍ ដើម្បីឱ្យមានប្រជាធិបតេយ្យនៅប្រទេសដទៃ ក្នុងនោះក៏អាចនឹងមានកម្ពុជាផងដែរ ។
ជាក់ស្ដែង បណ្ដាសមាជិកសភា របស់សហភាពអឺរ៉ុមួយចំនួន បានបង្ហាញជំហ ថានឹងអមដំណើរជាមួយលោក សម រង្ស៊ី មកកម្ពុជា ដើម្បីឱ្យមានប្រជាធិបតេយ្យ ។ រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដែលប្រទេសនេះគិតថា ជាមន្ត្រីដែលចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ។

បើមានវត្តមានលោក សម រង្ស៊ី ដោយផ្ទុះឡើងនូវហឹង្សា តើនរណាជាអ្នកចេញមុខអន្តរគមន៍ ?
ចំពោះការវិលចូលកម្ពុជាវិញ របស់ក្រុមលោក សម រង្ស៊ី រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរប្រុងប្រៀបដើម្បីចាប់លោក សម រង្ស៊ី​មកអនុវត្តទោស ឬដោយមានការបង្ក្រាបដោយកម្លាំង ។ ការណ៍នេះ អាចនឹងមានផ្ទុះហឹង្សា រវាងអាជ្ញាធរ នឹងក្រុមលោក សម រង្ស៊ី និងប្រជាពលរដ្ឋអ្នកគាំទ្រ ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះ។
ប្រសិនបើមានការផ្ទុះហឹង្សាមែននោះ ទំនងជាអាចនឹងធ្វើឱ្យសហរដ្ឋរដ្ឋអាមេរិក នឹងសហភាពអឺរ៉ុបបន្ថែមការចោទថា កម្ពុជា រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកាន់តែខ្លាំង ។
បើយើងក្រឡេកទៅមើលស្ថានភាពនៅប្រទេសវេណេហ្សូអេឡា នៅពេលដែលោក ជួន ហ្កៃដូរ វិលត្រឡប់ចូលប្រទេសវិញ ក្រោមការគម្រាមពីលោក នីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធីបតីសព្វថ្ងៃនៃប្រទេសនេះថា នឹងចាត់វិធានការកម្ចាត់ក្ដី ។ យ៉ាងណា ខណៈពេលដែលលោក ហ្កៃដូ ចូលវេណេហ្សូអេឡាមែននោះ ម៉ាឌូរ៉ូ មិនអាចធ្វើបានទេ ដោយនៅពីក្រោយមេបក្សប្រឆាំងនេះ មានអន្តរជាតិមួយចំនួនគាំទ្រលោក មានដូចជា អាឡឺម៉ង់ អាមេរិក ឈីលី អេស្ប៉ាញ កាណាដា និងដាណាម៉ាកជាដើម ។
ដោយឡែកចំពោះកម្ពុជា ប្រសិនបើមានហឹង្សាផ្ទុះឡើងមែននោះ ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា លោក Partrict murphy និងមន្ត្រីទូតមួយចំនួន របស់សហភាពអឺរ៉ុប ទំនងនឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ ។
ជាងនេះទៀត ក្រៅពីអន្តរជាតិ ព្រះមហាក្សត្រកម្ពុជា ក៏អាចនឹងធ្វើអន្តរាគមន៍ផងដែរ ។
បើតាម មាត្រា​ ៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។
ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ » ។
បើគ្មានហឹង្សាផ្ទុះឡើង ពេលមានវត្តមានលោក សម រង្ស៊ី
ក៏ប៉ុន្តែ ប្រសិនបើមិនមានការចាប់លោក សម រង្ស៊ី មិនមានផ្ទុះឡើងនូវហឹង្សាទេនោះ អាចជារឿងវិជ្ជមានល្អណាស់សម្រាប់កម្ពុជា ។
ការណ៍នេះអាចនឹងធ្វើឱ្យកម្ពុជាមានការចរចានយោបាយឡើងវិញ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ។
កិច្ចចរចា អាចនឹងធ្វើទៅបាន ក្រោមការព្រមព្រៀងពីគណបក្សទាំងពីរ ឬមានការរៀបចំពីសហភាពអឺរ៉ុប ឬអាមេរិក ។
យ៉ាងណា ការណ៍នេះ ជាការធ្វើឱ្យកម្ពុជាអាចរក្សាបាននូវការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ និង ការនាំចូលទំនិញទូទៅទៅសហអាមេរិក ។ ជាងនេះ កម្ពុជាក៏បន្ថែមមុខមាត់លើឆាកអន្តរជាតិ ៕

Share

ព័ត៌មានទាក់ទង

Image