ខណៈពេលរដ្ឋាភិបាលបានប្រកាសឈប់យកពន្ធផ្លូវលើម៉ូតូ ទូកនេសាទខ្នាតតូច និងត្រាក់ទ័រ ចាប់តាំងពីឆ្នាំ២០១៦ តទៅ អ្នកវិភាគលើកឡើងថា យុទ្ធសាស្ត្រនោះមិនបានជួយដល់អ្នកក្រពិតប្រាកដនោះទេ ផ្ទុយទៅវិញ នេះគ្រាន់តែជាយុទ្ធសាស្ត្រ
ឱ្យស្ករគ្រាប់ ដើម្បីលួងកូនក្មេងកុំឱ្យយំតែប៉ុណ្ណោះ។ អ្នកវិភាគលើកឡើងថា យុទ្ធសាស្ត្រដែលជួយអ្នកក្រ និងប្រជាកសិករពិតប្រាកដ គួរតែកាត់ពន្ធសាំង ។
តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ការសម្រេចឈប់យកពន្ធនេះ ជាយុទ្ធសាស្ត្រយកស្ករគ្រាប់លួងចិត្តកូនក្មេងកុំឱ្យយំ។ លោកថា ក្រោយពីអស់ស្ករគ្រាប់ ក្មេងនឹងយំដដែល។
លោកបន្តថា ការបន្ថយពន្ធសាំងទើបជាយុទ្ធសាស្ត្រ សង្គ្រោះអ្នកក្រ អ្នកមានចំណូលទាប និងសេដ្ឋកិច្ចជាតិ ដែលហាក់ពឹងលើការនាំចូលភាគច្រើន ព្រោះវានាំឱ្យអាចទប់ស្កាត់ទំនិញឡើងថ្លៃ ពេលអ្នករាជការបានកើនប្រាក់ខែខ្លះៗ។ លោកបន្ថែមថា នៅពេលដែលបន្ថយពន្ធសាំង ពេលនោះរដ្ឋាភិបាលនឹងមានទឹកមាត់ប្រៃបន្តិច សម្រាប់គ្រប់គ្រងលើតម្លៃទំនិញនៅលើទីផ្សារ។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ក៏បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែរថាពេលនេះកម្ពុជាកំពុងដើរចេញពីការពឹងផ្អែកលើវិស័យកសិកម្ម មកចាប់យកវិស័យឧស្សហកម្ម និងសេវាកម្ម ដែលជាប្រាក់ចំណូលសំខាន់វិញ។ លោកថា កម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ កំពុងដើរចេញពីវិស័យកសិកម្ម ទៅធ្វើការនៅក្នុងរោងចក្រ ឬរកការងារនៅទីក្រុងវិញ ដោយរួមទាំងការធ្វើចំណាកស្រុកទៅក្រៅស្រុកផងដែរ។
លោក មាស នី បន្តថា នៅតាមតំបន់ជនបទ ចំនួនជនចំណាកស្រុកមានរហូតដល់ជាង១០% ក្នុងភូមិនីមួយៗ ជាហេតុធ្វើឱ្យកម្លាំងពលកម្ម ហាក់ដូចជាកំពុងងាកចេញពីការផលិតសម្រាប់ផ្តល់ឱ្យអ្នកហូប ហើយបែរទៅជានាំគ្នាធ្វើជាអ្នកហូបដោយខ្លួនឯងកាន់តែច្រើនឡើងៗទៅវិញ។
លោក មាស នី បានសម្ដែងមតិទៀតថា ដើម្បីប្រឈមនឹងបញ្ហាបាត់បង់កម្លាំងពលកម្មផ្នែកកសិកម្មដូចរៀបរាប់ខាងលើ ពេលនេះកសិករខ្មែរកាន់តែច្រើនឡើងបាននាំគ្នាទិញគ្រឿងចក្រកសិកម្មមកប្រើជំនួសវិញ។
លោកថា តាមរបាយការណ៍មួយថ្មីៗនេះ បានរកឃើញថានៅក្នុងអំឡុងឆ្នាំ២០១២ ប្រទេសកម្ពុជាបាននាំចូលគោយន្តចំនួនប្រមាណជា ១២៩.០០០ គ្រឿង ដែលចំនួននេះបានកើនឡើងពីចំនួនតែ ៨.៨០០ គ្រឿង កាលពីឆ្នាំ ២០០១ ហើយចំនួននេះមិនបានបូកសរុបទាំងប្រភេទគ្រឿងចក្រកសិកម្មធុនធំ និងធុនតូចផ្សេងៗទៀតនោះឡើយ។
លោក មាស នី បានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃទី២៤ ខែតុលា នេះថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការជួយដល់ការរស់នៅរបស់ប្រជាជន ជាពិសេសកសិករ រដ្ឋាភិបាលគួរតែពិចារណាទៅលើការបញ្ចុះនូវពន្ធសាំង ជាជាងការឈប់យកពន្ធម៉ូតូ ព្រោះថាពន្ធម៉ូតូក្នុងមួយឆ្នាំប្រជាពលរដ្ឋចំណាយអស់តែ ១ ដុល្លារ ឬជាង១ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែបើការបញ្ចុះពន្ធសាំង គឺទាក់ទងផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្តង ហើយការប្រើប្រាស់សាំងរបស់កសិករ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៩ តុលា ថា លោកនឹងជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈ ដើម្បីកំណត់ និងដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចេះតែដំឡើង និងបញ្ចុះតម្លៃដោយគ្មានគោលការណ៍ជាក់លាក់។
ក្នុងពិធីដាក់សម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី២ កាលពីថ្ងៃទី២២ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ២០១៦ ម៉ូតូ រ៉ឺម៉កកង់បី រួមទាំងគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គោយន្ត កាណូត រដ្ឋាភិបាលនឹងឈប់យកពន្ធទៀតហើយ។
ចំណែកសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៦ ដែលដាក់ទៅរដ្ឋសភា ដើម្បីអនុម័តនៅពេលខាងមុខនេះ បានឱ្យដឹងផងដែរថា ដើម្បីបន្តលើកស្ទួយដល់វិស័យកសិកម្ម ពិសេសដើម្បីលើកទឹកចិត្ត និងសម្រាលបន្ទុករបស់កសិករ រដ្ឋាភិបាលនឹងលុបចោលការយកពន្ធលើមធ្យោបាយដឹកជញ្ជូន ដូចជាត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល។ រដ្ឋាភិបាលក៏លុបចោលការយកពន្ធលើជលយានយន្តធុនតូច ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ជលយានយន្តទាំងនោះ ជាមធ្យោបាយដឹកជញ្ជូន និងប្រកបអាជីវកម្មជាលក្ខណៈគ្រួសារផងដែរ៕