en     km
en     km

​គ្រូ​អនុ​វិទ្យាល័យ​គគីរ​ត្អូញត្អែរ​ពី​ការ​យឺតយ៉ាវ​នៃ​ការ​ដោះស្រាយ​ករណី​ពុក​រលួយ​

Share

Logo Women's  Media Finalក្រុម​គ្រូបង្រៀន​គ្រូ​អនុ​វិទ្យាល័យ​គគីរ​ខេត្តកណ្តាល​ បាន​ត្អូញត្អែរ​ពី​ការ​ដោះស្រាយ​យឺតយ៉ាវ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កី​ទ្បា​ ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចំពោះ​ករណី​ពុក​រលួយ​ ដែល​ពួក​គេ​ចោទ​ថា​ នាយក​អនុ​វិទ្យាល័យ​នេះ​ បាន​ប្រើប្រាស់​ថវិកា​ PB​ ខុស​គោលដៅ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ក្រុម​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រមទាំង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​ដែរ​ ដោយ​ចោទប្រកាន់​នាយក​សាលា​ឈ្មោះ​ យឹ​ម​ នី​រ៉ា​ អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​ថវិកា​ផ្គត់ផ្គង់​សាលា​។​

​គ្រូបង្រៀន​ម្នាក់​ ក្នុង​ចំណោម​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ ជិត​២០​នាក់​ គឺ​លោក​ អៃ​ ឈី​ម​ បាន​និយាយ​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​ដាក់​ពាក្យបណ្តឹង​មក​ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងនោះ​មិន​ទាន់​បាន​ដោះស្រាយ​ជូន​លោកគ្រូ​ អ្នកគ្រូ​ នៅ​ទ្បើ​យ​ទេ​។​

​លោក​បន្ថែម​ថា​ ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទេ​នោះ​ លោកគ្រូ​ អ្នកគ្រូ​ នឹង​ជួបជុំ​គ្នា​រក​វិធានការ​ផ្សេងៗ​ទៀត​។​ លោក​ថា​បាន​និយាយ​ថា​៖​ «​ដំណោះស្រាយ​ដូច​អត់​ទាន់​មាន​ឃើញ​ថា​ខាង​ក្រសួង​សាមី​ អត់​ទាន់​បាន​ចុះ​មក​ស៊ើបអង្កេត​អី​ដូច​ព័ត៌មាន​មើលឃើញ​ប្រាកដប្រជា​នៅ​ទ្បើ​យ​នោះ​ទេ​។​ រឿង​ហ្នឹង​នៅ​ពេល​មិន​ទាន់​មាន​ដំណោះស្រាយ​ពួក​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ត្រូវធ្វើ​យ៉ាងម៉េច​ ចាំ​មើល​ពេល​ដែល​ជុំ​គ្នា​ នឹង​រក​វិធី​អ្វី​បន្ត​ទៀត​ មិន​ទាន់​បានដឹង​ថា​លទ្ធផល​យ៉ាងម៉េច​ ព្រោះ​មិន​ទាន់​មាន​ចំណាត់ការ​មក​ពី​ខាងលើ​ថា​ គេ​ត្រូវ​ដោះស្រាយ​ជូន​យើង​យ៉ាងម៉េច​ ។​ អ​ញ្ចឹ​ង​មិន​ទាន់​បាន​រៀបចំ​គម្រោង​ថា​ធ្វើ​យ៉ាងម៉េច​នោះ​ទេ​ចាំ​មើល​ព័​ត៌​ពីលើ​មក​សិន​»​។​

​ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ លោកស្រី​បាន​ដាក់​លិខិត​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​នាយក​សាលា​អនុ​វិទ្យាល័យ​គគីរ​ គឺ​លោក​ យឹ​ម​ នី​រ៉ា​ ដែល​ត្រូវ​បាន​ លោកគ្រូ​ អ្នកគ្រូ​បង្រៀន​ចោទ​ថា​ បាន​យក​ប្រាក់​ PB​ ទៅ​ចាយវាយ​ខុស​ទិស​ដៅ​។​

​លោកស្រី​អ៊ុ​ក​ ឆា​យ៉ា​វី​ បន្ត​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​ដាក់​លិខិត​នោះ​មក​ដល់​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ទ្បើ​យ​ទេ​ ។​ អ្នកស្រី​បន្ថែម​ថា​ ប្រសិនបើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​តែ​មិន​ឆ្លើយ​តប​ទេ​នោះ​ អ្នកស្រី​នឹង​ដាក់​លិខិត​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ថ្មី​ម្តងទៀត​នៅ​ដើមខែ​វិច្ឆិកា​ ។​ អ្នកស្រី​ថា​៖​ «​តាម​ពិត​ទៅ​ រាល់​ការ​ដែល​យើង​ដាក់​លិខិត​ទៅ​តាំងពី​សម័យ​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​ម្ល៉េះ​ គឺ​អត់​បាន​មាន​អ្នក​ណា​ឆ្លើយ​តប​នូវ​អ្វី​ដែល​ជា​លិខិត​របស់​យើង​ទេ​ ហើយ​យុទ្ធសាស្ត្រ​របស់​យើង​ បើសិន​អត់​មាន​អ្នក​ណា​ឆ្លើយ​តប​ថ្ងៃ​ណាមួយ​ ឬ​ក៏​ពេលវេលា​ដែល​យើង​ដាក់​ម្តង​ពីរ​ដង​ទៀត​ បើសិន​អត់​ឃើញ​ឆ្លើយ​តប​នូវ​រាល់​លិខិត​ គឺ​យើង​ប្រាប់​ដល់​អ្នក​ដែល​គេ​កំពុង​មាន​បញ្ហា​ ដូច​ជា​ម្ចាស់​សាលា​ ឬ​បុគ្គលិក​នៅ​សាលា​ហ្នឹង​ បើ​គាត់​អត់​យល់​ទាស់​ទេ​ គាត់​ថា​មិន​សុខចិត្ត​ទេ​ក្នុង​ការ​មិន​ឆ្លើយ​តប​ គឺ​គាត់​បង្ខំចិត្ត​ធ្វើ​កូដកម្ម​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ សៅ​រិ៍​ទី​ ២៤​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​ថា​ លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រួច​ហើយ​។​ ប៉ុន្តែ​លោក​ឱម​ យ៉ិ​ន​ទៀង​ មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ឆ្លើយ​តប​នោះ​មាន​ខ្លឹមសារ​យ៉ាងណា​ទ​ ។​ លោក​បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំ​បាន​ទទួល​ហើយ​ ខ្ញុំ​បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​គាត់​ហើយ​ បាទ​មុន​ចុង​ស​ប្តា​ហិ៍​នឹង​បាទ​»​។​

​សូម​រំឭក​ថា​ ក្រុម​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគី​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ ហើយ​នៅ​ថ្ងៃ​១០​ ខែសីហា​ ឆ្នាំ​២០១៥​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អញ្ជើញ​តំណាង​ គ្រូបង្រៀន​ចូល​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​បណ្តឹង​នោះ​ ។​ ប៉ុន្តែ​ចាប់ពី​ពេល​នោះ​មក​ ករណី​នេះ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​ រង់ចាំ​ដំណោះស្រាយ​រហូត​មក​ដល់​ពេល​នេះ​ អស់​រយៈពេល​ជា​ច្រើន​ខែ​៕

Share

ព័ត៌មានទាក់ទង

Image