រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថា គឺជារឿងព្រេងប្រវត្តិសាស្រ្តមួយ ដែលរឿងនេះ ស្ថិតនៅក្នុងភាពជាអាថ៌កំបាំងនៅឡើយទាក់ទងទៅនឹងព្រឹត្តិការណ៍តំណរាជវង្ស «វរ្ម័ន» នៅសម័យអង្គរ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវខ្មែរ និងបរទេសបានចាត់ទុកថា តាត្រសក់ផ្អែម ឬអង្គជ័យ គឺជាស្តេចសោយរាជ្យបន្ទាប់ពីព្រះបាទសីហនុរាជ។ រឺឯអ្វីដែលជាការចាប់អារម្មណ៍នោះគឺ រឿងព្រេងនេះមានដំណើរសាច់រឿងប្រហាក់ប្រហែលគ្នាទៅនឹងរឿងព្រេងរបស់ប្រទេសភូមា និងប្រទេសឥណ្ឌាបុរាណ ដែលរឿងទាំងនោះមានភាពចំណាស់ជាងរឿងព្រេងនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែបើរឿងព្រេងនេះមានលក្ខណៈប្រវត្តិសាស្ត្រពិតប្រាកដមែននោះ នាយត្រសក់ផ្អែមនេះអាចជាស្តេចជ្រែករាជ្យដើម្បីបដិវត្តន៍សាសនា។
ដូចនេះ តើនៅពីក្រោយរឿងព្រេងតាត្រសក់ផ្អែមនេះមានដំណើរទាក់ទង និងអាថ៌កំបាំងយ៉ាងណាខ្លះនៅក្នុងប្រវត្តិសាស្រ្តខ្មែរ?
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីអធិប្បាយ៖
កាលដើមឡើយមានអ្នកចម្ការម្នាក់ឈ្មោះថា «តាចាយ» មានកំណើតជាជនជាតិភាគតិចសំរ៉ែ ពូកែខាងដាំត្រសក់ផ្អែម។ ត្រសក់គាត់មានរសជាតិផ្អែមឆ្ងាញ់ខុសពីត្រសក់ធម្មតា ឆ្ងាញ់រហូតល្បីដល់ព្រះរាជា ដែលព្រះរាជានៅក្នុងសម័យនោះត្រូវបានគេស្គាល់ថាជា «ព្រះបាទសីហនុរាជ» ដែលត្រូវជាបុត្ររបស់ «ព្រះបាទសេនកៈ» ជាស្តេចសោយរាជ្យនៅរាជធានី ឥន្ទបត្ត។ នៅពេលនោះព្រះរាជាបានបង្គាប់អោយនាយត្រសក់ផ្អែមរក្សាត្រសក់ទុកមិនឲ្យលក់ឲ្យអ្នកណាទាំងអស់ក្រៅពីព្រះអង្គ បើពុំនោះទេនឹងត្រូវមានទោស ហើយព្រះរាជាក៏បានប្រទានលំពែងមួយដែលមានឈ្មោះថា «លំពែងជ័យ» ដើម្បីទុកឲ្យអ្នកចម្ការនោះការពារនៅពេលមានចោរចូលចម្ការលួចត្រសក់។ បច្ចុប្បន្នលំពែងនេះស្ថិតនៅក្នុងព្រះរាជវាំងភ្នំពេញ។ សម័យថ្ងៃមួយព្រះរាជាទ្រង់ក៏បានលួចចូលទៅមើលពីសកម្មភាពយាមកាមរបស់បុរសដាំត្រសក់នៅក្នុងចំការទាំងកណ្តាលអធ្រាតស្ងាត់ អ្នកចម្ការត្រសក់គិតស្មានថាជាចោរក៏ចោលលំពែងជ័យចំព្រះរាជាសុគតទៅ។ នៅពេលនោះ នាម៉ឺនសព្វមុខមន្រ្តីប្រជុំគ្នារិះរកមនុស្សម្នាក់ឲ្យសោយរាជ្យ ដើម្បីកុំឲ្យរាជបល្ល័ង្គទំនេរ ដល់មិនដឹងថាត្រូវជ្រើសរើសយកអ្នកណា ក៏សម្រេចលើកនាយត្រសក់ផ្អែមឲ្យឡើងសោយរាជ្យតែម្តងទៅ ដោយថ្វាយព្រះនាមថា «ព្រះបាទសម្តេចព្រះបរមមហាបពិត្រធម្មិកមហារាជាធិរាជ» ហើយក៏បានអភិសេកព្រះរាជបុត្រីច័ន្ទវរាវតីដែលជាបុត្រីរបស់ស្តេចអង្គមុន ជាព្រះអគ្គមហេសី ដោយមានព្រះនាមថា «ស្រីចន្ទរាជ» ហើយព្រះអង្គក៏មានព្រះរាជបុត្រ២ព្រះអង្គ គឺព្រះបរមនិព្វានបទ និង ព្រះសិទ្ធានរាជា។
ព្រះបាទត្រសក់ផ្អែម ឬអង្គជ័យ សោយរាជ្យបានរយៈពេល ១៧ឆ្នាំហើយក៏ចូលទិវង្គតនៅឆ្នាំ១៣៤០ ក្នុងព្រះជន្ម ៧០ព្រះវស្សា។ ក្រោយមកព្រះរាជបុត្រច្បងរបស់ព្រះអង្គគឺ ព្រះបរមនិព្វានបទ ឡើងសោយរាជ្យបន្តពីព្រះបិតា៦ ឆ្នាំក៏សុគតទៅទៀត ហើយត្រូវព្រះអនុជសិទ្ធានរាជាសោយរាជ្យសម្បត្តិបន្តនៅឆ្នាំ ១៣៤៧។
បើយោងតាមឯកសារប្រវត្តិសាស្រ្តដែលចងក្រងឡើងដោយលោក អាដេម៉ារ ឡឺក្លែរ ដែលជាអតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា លោកបានសរសេររៀបរាប់ថា បើទោះបីជារឿងព្រេងនិទាននេះមានភាពស្រដៀងគ្នាទៅនឹងរឿងនិទានប្រទេសភូមា ឬរឿងនិទានឥណ្ឌាដែលមានវ័យចំណាស់ជាង មកធ្វើជារឿងខ្មែរក៏ដោយ ក៏រឿងនេះអាចនឹងមានបង្កប់នូវព្រឹត្តិការណ៍ដ៏អាថ៌កំបាំងមួយនៅរវាងឆ្នាំ១៣២០ ឬ ១៣២៥ ដែលមានព្រះរាជាមួយអង្គត្រូវបានគេធ្វើឃាត ហើយឃាតករនោះមិនមែនជាអ្នកចាំចម្ការត្រសក់ទេ តែជាមន្រ្តីម្នាក់ដែលមានដើមកំណើតជាជនជាតិសំរ៉ែ។ រឿងនេះបានបំពេញនូវចម្លោះដែលគេបានលើកឡើងពីខាងលើសម្រាប់សតវត្សន៍ទី១៤ បើហោចណាស់ក៏រឿងនេះបានប្រាប់អំពីប្រភពនៃរាជវង្សសព្វថ្ងៃ ព្រមទាំងបានបញ្ជាក់ថា ព្រះរាជាខ្មែរលេងកាន់ព្រហ្មញ្ញសាសនាទៀតហើយ តែបែរមកកាន់ព្រះពុទ្ធសាសនាវិញ។
ដូចនេះ តើការធ្វើឃាតព្រះរាជាដែលសោយរាជ្យនៅសម័យនោះគឺជាការធ្វើឃាតដោយសារបដិវត្តន៍សាសនា ដែលមិនមានជាប់ទាក់ទងនឹងបញ្ហានយោបាយ ឬយ៉ាងណា?
គេអាចទទួលស្គាល់ថា ព្រះរាជាមួយអង្គដែលធ្លាប់តែហ៊ឺហា បែបព្រះរាជាកម្ពុជាសតវត្សន៍ទី១៣យាងទៅណាមកណាមានសេនាហែហមស្កេកស្កះ បើហោចណាស់ក៏មានស្រីមហាតលិកតាមការពារដែរ ពេលយាងចេញពីព្រះរាជវាំង ទ្រង់ពាក់អាវក្រោះធ្វើពីដែកការពារព្រះកាយ អាចនឹងយាងចេញពេលយប់ស្ងាត់ទៅប្រពាតចម្ការត្រសក់ដែលទ្រង់សព្វព្រះទ័យសោយ ដើម្បីពិនិត្យមើលថា តើចៅចាំចម្ការបានយាមកាមការពារត្រសក់ដែរ ឬទេ? ក៏ប៉ុន្តែបើគេចង់ទទួលស្គាល់ថា ព្រះរាជាត្រូវគេធ្វើឃាតនោះមិនមែនជាម្ចាស់ចម្ការទេដែលជាឃាតករ តែវាប្រាកដថាជានាម៉ឺនសព្វមុខមន្រ្តីណាម្នាក់ជាឃាតករ គ្រាន់តែថាឃាតកម្មនេះគេធ្វើនៅក្នុងចម្ការត្រសក់ នៅចំពោះមុខអ្នកចម្ការ ឬក៏ឃាតករនោះជានាយក្រុមដំណាំផងមិនដឹង។ ម្យ៉ាងទៀត បើព្រះរាជាទ្រង់សុគតហើយ ហេតុអ្វីក៏នាម៉ីនសព្វមុខមន្រ្តីមិនរើសអ្នកស្នងរាជ្យក្នុងក្សត្រិយវង្ស ដែលប្រាកដជាបន្តកាន់សាសនាព្រាហ្មញ្ញតទៅទៀត តែបែរជាជ្រើសរើសប្រជារាស្រ្ត ហើយអាចជាឃាតករផងយ៉ាងដូច្នេះឲ្យឡើងសោយរាជ្យបន្តទៅវិញ?
នៅត្រង់ចំណុចនេះបានសបញ្ជាក់ឲ្យឃើញថា ពិតជាមានការផ្សំគំនិត ឬក៏ព្រឹត្តិការណ៍នោះអាចបម្រើឲ្យផលប្រយោជន៍របស់អ្នកទាំងនោះ ឬក៏អាចនិយាយបានថា អ្នកទាំងនោះស្ថិតនៅចំពោះមុខក្រុមឃាតករដែលមានអំណាចខ្លាំងជាង ហើយត្រូវតែលើកអ្នកនោះឲ្យឡើងលើ បល្ល័ង្ករាជ្យ ដោយមិនអាចលើកយករឿងឃាតកម្ម ឬរឿងដែរមានសារជាតិជាពួកសំរ៉ែយកមកពិចារណាបាន។
បើយោងតាមសៀវភៅដដែលរបស់អតីតរ៉េស៊ីដង់បារាំងរូបនេះ លោកបានបង្ហាញឲ្យឃើញថា ទាំងស្តេចនរោត្តម និងអស់អង្គម្ចាស់ទាំងឡាយបានទទួលស្គាល់ការពិតនៃប្រភពដើមរបស់រឿងនេះ ហើយមិនខ្លាចនឹងនិយាយថា រាជវង្សបច្ចុប្បន្នចេញមកពីវង្សតាត្រសក់ផ្អែម ដែលមានកំណើតដើមជាពួកសំរ៉ែ ធ្វើឃាតស្តេច ព្រមទាំងរៀបអភិសេកជាមួយបុត្រីស្តេចនោះទេ។
រឿងនេះបានផ្សាភ្ជាប់ជាមួយលំពែងរាជ្យដែលគេរក្សាទុកនៅក្នុងព្រះរាជវាំងសព្វថ្ងៃ ហើយវាមិនជាល្អប៉ុន្មាននោះទេសម្រាប់រាជ្យវង្សបច្ចុប្បន្ន ហើយវាក៏ជាភស្តុតាងមួយចំណែកបញ្ជាក់ពីលក្ខណៈប្រវត្តិសាស្រ្តនៃរឿងទិទានទាំងចរិតលក្ខណៈ ទាំងអំពីការពិត ហើយអ្វីដែលជាការពិតជាក់ស្តែងនោះគឺថា ព្រះរាជាដែលសោយរាជ្យបន្តពីព្រះបាទសីហនុរាជ គឺជាស្តេចដែលកាន់ព្រះពុទ្ធសាសនា។ រីឯភស្តុតាងដែលបញ្ជាក់ថាទ្រង់គោរពព្រះពុទ្ធសាសនាគឺនៅត្រង់ ព្រះនាមរបស់ទ្រង់ថា ព្រះបាទធម្មិក ចំណែកឯព្រះនាមរបស់ព្រះរាជបុត្រច្បងគឺ និពាន្វបទមានន័យថាទ្រង់ចូលនិព្វានហើយ រីឯព្រះអនុជ សិទ្ធានមានន័យថា ជំនឿសាសនា ដែលការទាំងនេះបានសបញ្ជាក់ឲ្យឃើញថា ព្រះរាជាដែលសោយរាជ្យបន្តពីព្រះបាទសីហនុរាជ គឺជាពុទ្ធសាសនិកទាំងអស់។
សាសនាព្រាហញ្ញបានហូរចូលមកក្នុងប្រទេសកម្ពុជាតាំងពីសតវត្សន៍ទី១មកម្ល៉េះ ក៏ប៉ុន្តែមកដល់ សតវត្សន៍ទី១៣ រាជ្យវង្សថ្មីលែងគោរពបូជាព្រហ្មញ្ញសាសនាទៀតហើយ ហើយក៏លែងមានការបូជាយញ្ញមនុស្សថ្វាយព្រះនាងកាលីទៀតហើយ។ បើសិនជាដូច្នេះមែន បដិវត្តន៍ដែលបានកើតឡើងនៅសម័យនោះ គឺជារឿងសាសនា មិនមែនជារឿងនយោបាយនោះទេ តែវាក៏បានបម្រើផលប្រយោជន៍ផ្នែកសម្ភារខ្លះដែលបានបង្កប់នៅពីខាងក្នុងទំនាស់នោះដែរ បើទោះជាថាគេមើលមិនឃើញក៏ដោយ។ ក៏ប៉ុន្តែដើម្បីឲ្យការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ ដូចដែលបានលើកឡើងខាងលើនេះ អាចសម្រេចទៅបានលុះត្រាតែមានការគាំទ្រពីក្រុមមនុស្ស ហើយព្រះរាជាណាចក្រមួយនោះត្រូវមានមនុស្សមួយចំនួនធំ ជាពិសេសនៅរាជធានី ឥន្ទបត្តមានមនោសញ្ចេតនាជាមួយព្រះពុទ្ធសាសនាមួយរយៈកាលរួចមកហើយមុននឹងចាប់ផ្តើមនៃបដិវត្តន៍មួយនេះ។ តាមមើលទៅប្រហែលជាព្រះពុទ្ធសាសនា បានឈ្នះសាសនាដ៏ទៃទៀតមែន នៅចុងសតវត្សន៍ទី១៣នោះ ហើយព្រះសង្ឃដែលសុទ្ធតែជាបញ្ញាវន្តកំពុងបង្ហាត់បង្រៀនទ្រឹស្តីព្រះពុទ្ធដល់សិស្សគណៈជាច្រើន ផ្ទុយពីពួកព្រហ្មណ៍ដែលគ្មានសាលាបង្ហាត់បង្រៀន ហើយលាក់គម្ពីរទុកតែក្នុងចំណោមវណ្ណៈរបស់ខ្លួន មិនចែករំលែកឲ្យអ្នកដ៏ទៃនោះទេ។
នៅពេលនោះប្រហែលជានាម៉ឺនមន្រ្តីមួយចំនួនធំ បានទទួលយកព្រះពុទ្ធសាសនារួចទៅហើយ ហើយនៅតែរាជវង្សានុវង្សរបស់ព្រះរាជាតែប៉ុណ្ណោះ ដែលនៅប្រកាន់ ព្រហ្មញ្ញសាសនា ដោយខ្លាចរអានឹងអាទិទេពដែលធ្លាប់កសាងអាណាចក្រ ហើយក៏ប្រហែលដោយសារមានពួកព្រហ្មណ៍បណ្ឌិតនៅជុំវិញ ទើបត្រូវសម្រេចចិត្តបូជាមនុស្សម្នាក់ថ្វាយព្រះនាងកាលីជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀតដោយមិនហ៊ានបោះបង់ការគោរពទេវរាជចេញ ព្រោះដោយសារតែការគោរពនេះគឺកើតមានឡើងតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ នៅសតវត្សន៍ទី៩មកម្ល៉េះ។
ជំនឿសាសនារបស់ប្រទេសទាំងមូលត្រូវបានកែប្រែបន្តិចម្តងៗ ជាមួយនឹងពេលវេលា តែរាជវង្សានុវង្សដែលធ្លាប់តែអភិរក្សតាមសភាវគតិ ហើយថែមទាំងប្រកាន់ទំនៀមទម្លាប់អាស្រ័យដោយផលប្រយោជន៍ផងនោះ នៅរក្សាជំនឿតាមពីមុន ដែលគោរពអាទិទេពព្រហ្មញ្ញសាសនា គោរពព្រះវិស្ណុ ព្រះសិវៈ និងព្រះនាងកាលី ប៉ុន្តែក៏ធូរទូលាយជាមួយព្រះពុទ្ធសាសាផងដែរ។
បើសិនជារឿងនិទានខាងលើគឺជារឿងពិតប្រាកដមែននោះ ហើយចំណុចដែលអះអាងថាព្រះបាទសីហនុរាជត្រូវបានធ្វើឃាតនៅឆ្នាំ១២៩០ នោះគឺមានសម្មតកម្មថ្មីមួយទៀតដែលលេចឡើង។ ហើយបើយោងតាមកំណត់ហេតុរបស់លោកឈាវតាក្វាន់វិញបានបង្ហាញថា ព្រះរាជាដែលសោយរាជ្យនៅឡើយនៅឆ្នាំ១២៩៦ ជាបុត្រសុណិសារបស់ព្រះរាជាមុន ហើយបានសោយរាជ្យដោយដណ្តើមរាជ្យពីរាជាទាយាទមួយអង្គ។ បើដូច្នេះស្តេចដែលសោយរាជ្យនៅឆ្នាំ ១២៩៦ គឺជាតាចាយ ដែលរឿងនិទានហៅថា តាត្រសក់ផ្អែម។ ក្នុងករណីនេះ បដិវត្តន៍សាសនា និងនយោបាយ ដែលលើកព្រះរាជាកាន់ព្រះពុទ្ធសាសនា ឲ្យឡើងសោយរាជ្យនៅលើបល័ង្គព្រហ្មញ្ញនិយម មិនមែនកើតឡើងនៅឆ្នាំ ១៣២០នោះទេ គឺនៅប្រហែលជា៣០ឆ្នាំមុន គឺនៅឆ្នាំ ១២៩០។ បើយើងក្រឡេកទៅមើលឯកសារឈាវតា ក្វាន់បានលើកឡើងថា ព្រះរាជាដែលបានឡើងសោយរាជ្យនៅឆ្នាំ១២៩៦ដោយបារម្ភខ្លាចគេធ្វើឃាត បានពាក់អាវក្រោះធ្វើអំពីដែក និងមានកងពលសេនាតាមហែហម ណែនណាន់តាន់តាប់ ហាក់ដូចជាគាំទ្រទៅដល់សម្មតកម្មដែលនិយាយថា ស្តេចសោយរាជ្យនៅឆ្នាំ ១២៩០នោះ គឺជានាយចម្ការនោះហើយព្រោះខ្លាចគេតាមធ្វើឃាតខ្លួនឯងវិញ ទើបមានការប្រុងប្រយ័ត្នជាងស្តេចដែលបានសោយរាជ្យស្របច្បាប់។
គួរឲ្យកត់សម្គាល់ថា អ្នកកត់ត្រាចិន ដែលនិយាយថា ស្តេចសោយរាជ្យនៅឆ្នាំ១២៩៦ បានឡើងសោយរាជ្យតាំងពី៥ឆ្នាំមុនដោយជ្រែករាជ្យ តែមិនបានប្រាប់ថា បានធ្វើគុតស្តេចមុនផងទេ គ្រាន់តែថា បានទម្លាក់ពីរាជ្យសម្បត្តិប៉ុណ្ណោះ។
តើគេអាចកាត់ថាជាការធ្វើឃាតបានដែរ ឬទេ?
រឿងឃាតកម្មនេះអាចកើតមានបាន ព្រោះថាបើពុំនោះ មិនមែនរាជបុត្រទេ ដែលត្រូវគេបំបែកចេញពីរាជសម្បត្តិ។ បើរាជទូតចិនរូបនោះនិយាយតែរាជបុត្រនោះ គឺបានន័យថា គ្មានព្រះបិតាទេ ពោលគឺព្រះបិតាអាចត្រូវគេធ្វើគុតរួចទៅហើយ។
ទាក់ទងទៅនឹងចំណុចមួយទៀត គឺអ្នកវិទូចិនបានលើកឡើងថា បុត្រីស្តេចដែលសោយរាជ្យមុនឆ្នាំ១២៩០ បានលួចយកព្រះខ័នរាជ្យមកប្រគល់ឲ្យព្រះស្វាមី ទើបស្វាមីនោះហើយប្រកាសខ្លួនឯងជាស្តេចសោយរាជ្យទៅ តែអ្នកនិពន្ធមិនបានបញ្ជាក់ទេថា ព្រះនាងបានលួចព្រះខ័នរាជ្យពីព្រះបិតាទ្រង់ បានន័យថា កាលពីសម័យបុរាណនៅពេលដែលនរណាម្នាក់អាចដណ្តើមយកព្រះខ័នរាជ្យបាន នៅះអ្នកនោះនឹងអាចឡើងសោយរាជ្យបានហើយ ដែលក្ខណៈនេះមានភាពស្រដៀងគ្នាទៅនឹងប្រទេសឥណ្ឌាដែរ នៅពេលដែលនរណាអាចដណ្តើមអង្គុយនៅលើកៅអីបល្គ័ង្គបាន គឺអាចក្លាយជាស្តេចហើយ។
ដូចនេះគេអាចសន្និដ្ឋានបានថា ព្រះនាងបានលួចព្រះខ័នរាជពីព្រះបិតានៅពេលដែលព្រះបិតាសុគត ហើយព្រះនាងក៏បានប្រគល់ព្រះខ័នរាជនោះទៅឲ្យព្រះស្វាមីរបស់ខ្លួន ដើម្បីឲ្យពញរះអង្គបានសោយរាជ្យជំនួសព្រះអនុជ៕