ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាពអឺរ៉ុបគិតឱ្យច្បាស់មុននឹងសម្រេចចិត្ត ខណៈសហភាពនេះយកពន្ធអង្ករពីកម្ពុជា ដែលការណ៍នេះធ្វើឱ្យកម្ពុជាឈឺចាប់ ហើយថែមទាំងកំពុងតែពិចារណាដកប្រពន្ធអនុគ្រោះពន្ធEBA ពីកម្ពុជាទៀត ។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយពេលដែលអ៊ឺរ៉ុបបិទបញ្ចប់ការពិនិត្យថាផ្ដល់ ឬមិនផ្ដល់ EBA ដល់កម្ពុជា បើទោះបីជាមិនទាន់មានលទ្ធផលផ្លូវការប្រកាសនៅឡើយ ។
រាយការណ៍ដោយលោក សោម លាភ
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២២ សីហានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយទទួចដល់សហភាពអឺរ៉ុបឱ្យជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារ ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានរៀបរាប់ថា នៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករបានជិត ៩៣,០០០តោន ទៅកាន់ទីផ្សារអឺរ៉ុប ។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា ចំនួននេះគឺជាចំនួនដ៏ច្រើនមួយ ប៉ុន្តែចំនួននេះទៀតសោត គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ការណ៍នេះ ដោយសារតែនេះជាឆ្នាំទីមួយ ដែលអឺរ៉ុប បានកំណត់យកពន្ធលើការនាំចូលពីកម្ពុជា ។
សហព័ន្ធស្រូវអង្ករកម្ពុជាហៅកាត់ថា ស.អ.ក បានទទួលស្គាល់ថា ការកំណត់ពន្ធនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាង ៥០០,០០០ គ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយ ការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ។ ស្រូវប្រភេទទាំងនេះ គឺជាប្រភេទពូជស្រូវដែលបានដាំដុះនៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយផលិតផលដែលបានដាំដុះនៅអឺរ៉ុបនោះឡើយ ។
ស.អ.ក ថា បញ្ហាទាំងនេះធ្វើឲ្យមានឈឺចាប់ មិនទាន់គ្រប់គ្រាន់នៅឡើយទេ តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណា ដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ថែមទៀតផង ។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បង្ហាញពីអត្ថប្រយោជន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺបានអនុញ្ញាតឲ្យនាំចូលទំនិញពីកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បាននាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយរួចពន្ធនាំចូល និងពន្ធអាករណ៍ផ្សេងៗ ។
យ៉ាងណាសហព័ន្ធស្រូវអង្ករកម្ពុជា ចោទថាអ្នកតាក់តែងច្បាប់របស់អ៊ឺរ៉ុប ថាកំពុងគំរាមកំហែង ដែលឈានដល់ការបញ្ចប់នូវការអនុគ្រោះនេះ ដើម្បីដាក់សម្ពាធឲ្យមានការកែទម្រង់នយោបាយនៅកម្ពុជា ។ ការណ៍នេះ គឺជាការវាយបំផ្លាញមួយ ដែលនាំឲ្យឧស្សាហកម្មស្រូវអង្ករ ត្រូវខ្ទេចខ្ចី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានរំលឹកថា ចាប់តាំងពីឆ្នាំ២០០១មក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ ឬហៅកាត់ថា EBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញ សម្រាប់កម្ពុជាតែប៉ុណ្ណោះនោះទេ តែវាក៏បានផ្តល់គោលនយោបាយ ធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលអាចផ្តល់លទ្ធភាពឲ្យមានកំណើនដ៏ខ្លាំងក្លា និងឧត្តមភាព នៃកំណើនតម្រូវការពីទីផ្សារពិភពលោកផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធស្រូវអង្ករកម្ពុជាថា ខ្លួនបានជួយដល់អ្នកផលិតឲ្យអនុវត្ត ស្របតាមកម្មវិធីដែលរៀបចំឡើង ដោយជំរុញឲ្យគោរពគោលការណ៍បង្កបង្កើនផលប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព ។ ជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយ ដែលមានសមធម៌ ហើយផ្តល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ ។ ជាងនេះ អង្ករកម្ពុជា ត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានទទូចឱ្យសហភាពអឺរ៉ុប ត្រូវគិតគូរឱ្យបានម៉ត់ចត់ មុននឹងសម្រេចធ្វើអ្វីមួយ ព្រោះបើគ្មាន EBA នោះទេ ការប្រឹងប្រែងទាំងប៉ុន្មាននឹងទៅជាក្លាយជាអសាបង់ ។
ជាចុងក្រោយនៃសេចក្ដីប្រកាសព័ត៌មាន សហព័ន្ធស្រូវអង្ករកម្ពុជា បានទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ឲ្យជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជា ចំនួនជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារ ដែលបាននិងកំពុងធ្វើកន្លងមក ។
កាលពីថ្ងៃទី ២១ សីហាម្សិលមិញ សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន ១២៤លានដុល្លារ ដល់កម្ពុជាសម្រាប់គាំទ្រវិស័យកសិកម្មផ្នែកជលផល ។
ដោយឡែក ពាក់ព័ន្ធទៅនឹងពន្ធអនុគ្រោះពីសហភាពអឺរ៉ុបនេះ ចំពោះការយកពន្ធអង្ករពីកម្ពុជា ដែលសម្រេចជាផ្លូវការកាលពីដើមឆ្នាំ ២០១៩នេះ គឺមិនពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយ ឬការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ពោលគឺដោយសារតែទាក់ទងទៅនឹងផលប្រយោជន៍ប្រជាជននៃប្រទេសជាសមាជិកសហភាពនេះតែប៉ុណ្ណោះ ។
បើតាមរបាយការណ៍ បន្ទាប់ពីអឺរ៉ុបយកពន្ធអង្ករពីកម្ពុជា ការនាំចូលអង្ករពីកម្ពុជាទៅទីផ្សារនៃប្រទេសទាំងនេះ មានការថយចុះ ខណៈមានការកើនឡើងការនាំចូលទៅប្រទេសវៀតណាម និងចិន ។
ដោយឡែក ការណ៍ដែលកំពុងតែដំណើរការដកEBA ពីកម្ពុជាវិញ ទើបទាក់ទងទៅនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ពោលគឺសហភាពអឺរ៉ុប បាននិងកំពុងតែបន្តទទួចដល់កម្ពុជាឱ្យស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។
បន្ទាប់ពីសហភាពអឺរ៉ុប បានបិទបញ្ចប់ការពិនិត្យលទ្ធភាពព្យួរ EBA ពីកម្ពុជានៅថ្ងៃទី១២ខែសីហា ដែលសិក្សាអស់រយៈពេលប្រាំមួយខែរួចមក រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើរបាយការណ៍លម្អិត ស្តីអំពីលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទៅកាន់គណៈកម្មការអឺរ៉ុប ។ មន្ត្រីកម្ពុជាថា ការបញ្ជូនរបាយការណ៍នេះ ដើម្បីឱ្យសហភាពអឺរ៉ុបពិចារណារឿងការអនុគ្រោះពន្ធ ។
កន្លងមកថ្មីៗនេះ សមាគមថៅកែរោងចក្រ ឬ GMAC ព្រមានថា កម្មករចំនួន៧៥ម៉ឺននាក់អាចនឹងជួបវិបត្តិអត់ការងារធ្វើ ហើយក្រុមគ្រួសាររបស់ពួកគេចំនួន៣លាននាក់ នឹងទទួលរងផលប៉ះពាល់ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាមែននោះ ។
អ្នករកស៊ីមួយចំនួនធំទៀត ក៏បានដាក់លិខិតទៅសហភាពអឺរ៉ុប ឱ្យពិចារណាលើកិច្ចការនេះដែរ ព្រោះនឹងប៉ះពាល់ធំជាងគេដល់ប្រជាជនកម្ពុជា ។
ប្រមុខដឹកនាំកម្ពុជា និងមន្ត្រីធំៗមួយចំនួនទៀត ធ្លាប់បានអះអាងម្ដងជាពីរដងថា ការដកការអនុគ្រោះពន្ធអង្ករ និងការដកឬមិនដកEBA មិនមែនជាបញ្ហាសម្រាប់កម្ពុជានោះទេ ព្រោះមានទីផ្សារផ្សេងទៀត ដូចជាចិន វៀតណាម និងប្រទេសផ្សេងទៀត ដែលទទួលការនាំចូលពីកម្ពុជា ដើម្បីបង្ហាញការកម្ពុជាអាចរស់ និងរីកចម្រើនទៅបាន ដោយការធ្វើពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែង ៕