ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីកីឡានៅសេសសល់ប្រមាណ ១៤ គ្រួសារបានចូលទៅសាលារាជធានីភ្នំពេញ ដើម្បីដាក់សំណើថ្មី ឈានទៅដោះស្រាយលើបញ្ហាចេញតវ៉ារុំារ៉ៃជិត ២០ឆ្នាំមកហើយនោះ។
ការចូលខ្លួនរបស់ពលរដ្ឋបុរីកីឡាពេលនេះ បន្ទាប់ពីសាលាក្រុងភ្នំពេញទើបចេញសេចក្តី ជូនដំណឹងម្តងទៀត ដោយដាក់ឱសានវាទឲ្យពលរដ្ឋទាំង ១៤ គ្រួសារត្រូវទៅដោះស្រាយសំណងត្រឹមចុងខែសីហានេះ បើពុំនោះសោតទេ អាជ្ញាធរមិនទទួលខុសត្រូវចំពោះការខូចខាតពេលអនុវត្តវិធានការរដ្ឋបាល។
អ្នកស្រី សរ ស៊ន ពលរដ្ឋបុរីកីឡាមួយរូបដែលបានចូលទៅដាក់សំណើនៅសាលារាជធានីភ្នំពេញកាលពីព្រឹកមិញប្រាប់វិទ្យុស្រ្តីថា អ្នកស្រីបានទៅកំណត់តម្លៃជាថ្មីតាមការអញ្ជើញរបស់សាលាក្រុង ដើម្បីឈានទៅរកដំណោះស្រាយជាថ្នូរនៃការចាកចេញពីអគារចាស់នោះ។ អ្នកស្រីឱ្យដឹងថា អ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានកំណត់តម្លៃថ្មីទាបជាងមុន ព្រោះមិនចង់កើតបញ្ហាច្រើនឈានទៅការប៉ះទង្គិចគ្នា។
អ្នកស្រីឱ្យដឹងថា ពលរដ្ឋបុរីកីឡាធ្លាប់បានចរចាជាមួយភាគីខាងសាលាក្រុងជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនទាន់ត្រូវរូវគ្នា។ អ្នកស្រីបន្តថា ខាងសាលាក្រុងមានគោលការណ៍សំណងចំនួនពីរជម្រើសទី១ ការដោះដូរលំនៅឋានទៅភូមិអណ្តូងដែលនៅដាច់ឆ្ងាយពីរាជធានីភ្នំពេញ។ មួយទៀត គឺទទួលសំណងជាថវិកាចំនួនខ្ទង់ ២ម៉ឺន ៥ពាន់ដុល្លារ តែពលរដ្ឋបុរីកីឡាសុំ ៣ម៉ឺនដុល្លារដើម្បីអាចទិញផ្ទះលើអគារបុរីកីឡារស់នៅបាន។ យ៉ាងណាគោលការណ៍ទាំងពីរខាងលើមិនត្រូវគ្នាទេ។
អ្នកស្រី សរ ស៊ន បានរំលឹកប្រាប់ថាក្នុងកិច្ចប្រជុំជាមួយពលរដ្ឋកាលពីលើកមុន លោក ឃួន ស្រេង ធ្លាប់ពោលថា៖«អាជ្ញាធរក្រុងប្រៀបដូចម៉ែឳ ចំណែកពលរដ្ឋប្រៀបដូចកូនចៅ ខណៈនេះ ម៉ែឳក្រមានលទ្ធភាពទិញត្រឹមកង់ឱ្យកូនជិះ ដូច្នេះសុំកូនកុំទាមទារដល់ឡាន»។
អ្នកស្រីបញ្ជាក់ថា កាលពីព្រឹកមិញអ្នកស្រី និងពលរដ្ឋផ្សេងទៀត ភាគច្រើនបានកំណត់តម្លៃទាបជាង ៣ម៉ឺនដុល្លារ ដើម្បីងាយចចារឆាប់ត្រូវរូវគ្នា។
ចំណែកអ្នកស្រី សោម សុម៉ាលី បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា អ្នកស្រីមិនបានដាក់តម្លៃខ្ពស់ជាងលើកមុននោះទេ ដើម្បីចង់បានដំណោះស្រាយឆាប់រហ័ស។ ប៉ុន្តែអ្នកស្រីបន្តថា បើសាលាក្រុងនៅតែមិនយល់ស្របហើយមានវិធានការបណ្តេញចេញ នោះអ្នកស្រីនឹងនៅតែចេញតវ៉ាដូចលើកមុនទៀតដោយមិនខ្លាចនោះទេ។
អ្នកស្រីឱ្យដឹងថា អ្នកស្រីជាពលរដ្ឋបុរីកីឡារស់នៅជាង ៤០ឆ្នាំមកហើយ និងមានឯកសារបញ្ជាក់ត្រឹមត្រូវប៉ុន្តែអាជ្ញាធរមិនព្រមផ្តល់ផ្ទះលើអគារបុរីកីឡា បែរជាឱ្យទៅរស់នៅភូមិអណ្តូង។ អ្នកស្រីបន្តថា ទង្វើរបស់អាជ្ញាធរនេះ ព្រោះអាជ្ញាធរយល់ថាអ្នកស្រីជាមនុស្សមាននិន្នាការទៅរកបក្សប្រឆាំង។
សូមបញ្ជាក់ថា ការកំណត់តម្លៃជាថ្មីនេះនឹងត្រូវចរចាដោះស្រាយនាពេលខាងមុខឆាប់ៗ។
គួររំឭកថា ជម្លោះដ៏រ៉ាំរ៉ៃនៅសហគមន៍បុរីកីឡាកើតមានតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដែលមានសហគមន៍ចំនួន៨ និងមានប្រជាពលរដ្ឋរស់នៅចំនួនជិត ២ពាន់គ្រួសារ។ រហូតមកដល់បច្ចុប្បន្ន នៅសល់១៤គ្រួសារដែលអាជ្ញាធរ អង្គការ ក្រុមហ៊ុន និងសហគមន៍កំពុងរួមគ្នារកដំណោះស្រាយបញ្ចប់ក្នុងពេលនេះ៕