បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗពីអ្នកប្រើប្រាស់ប្រព័ន្ធនេះ ៧០០ពាន់នាក់ថាPray for Amazonia គឺ បួងសួងដល់ព្រៃអាម៉ាហ្សូន។ពិភពលោកកំពុងផ្ដោតរួមគ្នា ព្រោះពេលនេះព្រៃដ៏ធំបំផុតក្នុងពិភពលោក អាម៉ាហ្សូន កំពុងស្ថិតនៅក្នុងការឆាបឆៅអស់រយៈពេលជាង១៦ថ្ងៃមកហើយ និងមិនទាន់អាចវាយតម្លៃនៃការខូចខាតនៅឡើយ។ប្រជាពលរដ្ឋទូទាំងសកលលោកអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានជាបន្ទាន់ជាងនេះគឺសំណងដល់ការខូចខាតព្រៃមហិមាមួយនេះព្រោះវាត្រូវបានចាត់ទុកថាជាវិបត្តិបរិស្ថាននិងសង្គមអន្ដរជាតិ។ប៉ុន្ដែនៅប្រេស៊ីល វាបានបង្កឱ្យក្លាយជា ការទម្លាក់កំហុសដាក់គ្នារវាងរដ្ឋាភិបាល និង អង្គការមិនមែនរដ្ឋាភិបាល។
ខណៈនេះផ្សែងខ្មួរខ្មាញ់បានអណ្ដែតត្រសែតមកដល់ក្រុងSão Pauloដែលសម្បូរប្រជាជនអ្នកមានស្ដុកស្ដម្ភបំផុតក្នុងប្រទេសនេះ។បើតាមសារព័ត៌មានBBC ផ្សែងដ៏ខ្មួរខ្មាញ់នេះបានបក់មកចម្ងាយប្រមាណ១៧០០ម៉ាយ។មជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល INPE បានរកឃើញថាភ្លើងឆេះជិត ៧៣.០០០ដងត្រូវបានរកឃើញ។ ទីភ្នាក់ងារនេះបាននិយាយថាវាជាកំណត់ត្រានៅឆ្នាំនេះ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថាអគ្គិភ័យកម្រកើតមានណាស់នៅក្នុងតំបន់អាម៉ាហ្សូនអស់រយៈពេលជាច្រើនឆ្នាំ។ អង្គការណាសាបាននិយាយថាការសង្កេតផ្កាយរណបបានបង្ហាញថា“ សកម្មភាពអគ្គីភ័យសរុបនៅក្នុងអាងអាម៉ាហ្សូន” គឺស្ថិតនៅក្រោមកម្រិតមធ្យមបន្តិចបើប្រៀបធៀបទៅនឹង ១៥ ឆ្នាំកន្លងមក។
ពាក់ព័ន្ធនឹងការឆេះព្រៃនេះ ប្រធានាធិបតីស្តាំនិយមនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ថាបានបង្កអន្តរាយដល់ព្រៃអាម៉ាហ្សូននិងជនជាតិដើមភាគតិចផ្ទុយទៅវិញគឺផ្តល់ផលប្រយោជន៍ដល់អ្នកកាប់ឈើអ្នករុករកនិងកសិករដែលបានជួយឱ្យគាត់ជាប់ឆ្នោត។
សារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃនេះថា លោក Bolsonaro ប្រធានាធិបតីដែលទើបឡើងកាន់អំណាចនៃប្រទេសនេះបានថ្លែងជុំវិញ ភ្លើងឆេះព្រៃថាគឺជាទង្វើឆ្មក់វាយប្រហាររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលលួចដុតព្រៃក្នុងគោលបំណងមួយសំខាន់គឺធ្វើឱ្យរដ្ឋាភិបាលប្រេស៊ីលអាម៉ាសមុខបន្ទាប់ពីរដ្ឋាភិបាលផ្ដាច់ជំនួយដល់ពួកគេ។តែយ៉ាងណាទល់ពេលនេះ មិនទាន់មានអង្គភាពឬគណៈកម្មាធិការចាស់ឬ ថ្មី រកឃើញភស្ដុតាងណាប្រាកដនោះទេ។
តែសម្រាប់លោក Marcio Astrini មន្រ្ដីជាន់ខ្ពស់មកពីអង្គការ Greenpeace បាននិយាយថាការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើនិងការដុតបំផ្លាញគឺជា“ លទ្ធផលនៃគោលនយោបាយប្រឆាំងបរិស្ថានរបស់លោកប្រធានាធិបតី Bolsonaro”ទៅវិញទេ ៕
អត្ថបទ៖ ឆោមពៅនិកា