ស្រុកបារាយណ៍,ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣០នាក់នៃមជ្ឈមណ្ឌល HIL ស្ថិតនៅក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកយុទ្ធនាការដើររើសសំរាមតាមភូមិមួយចំនួន ដើម្បីសំអាតបរិស្ថានក្នុងសហគមន៍។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀនឯកជនមួយនេះ បានប្រើប្រាស់ឧបករណ៍មួយចំនួនមានចប បង្គី ការុង និងដង្កាប់ ដើម្បីដើររើសសំរាមតាមផ្ទះអ្នកភូមិ។
លោក សុគន្ធ ជានាយកមជ្ឈមណ្ឌល HIL មានប្រសាសន៍ថា លោករីករាយដែលឃើញសិស្សានុសិស្សចេះស្រឡាញ់បរិស្ថាន និងចេះសាមគ្គីក្នុងការសំអាតបរិស្ថានតាមភូមិឃុំដូច្នេះ។
ដោយឡែកមេឃុំបឹងបានកោតសរសើរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនក្នុងការធ្វើសកម្មភាពដើររើសសំរាមសំអាតបរិស្ថានតាមសហគមន៍បែបនេះ។
សំរាមដែលពួកគេប្រមូលបានពីតាមផ្ទះប្រជាពលរដ្ឋភាគច្រើនជាសំណល់ប្លាស្ទិក និងដបជ័រជាដើម។ ពួកគេសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវមានស្មារតីទទួលខុសចំពោះសំរាមខ្លួនឯង កុំបោះចោលពាសវាលពាសកាស ព្រោះនាំឱ្យខូចបរិស្ថាន និងខូចសោភ័ណភាពក្នុងសហគមន៍ ពិសេស សំរាមជាកន្លែងផ្ទុកទៅដោយមេរោគគ្រប់ប្រភេទ៕
ខាងក្រោមនេះជារូបភាពសកម្មភាពចុះរើសសំរាម៖
អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។