en     km
en     km

អង្គការ​មួយ​បាន​រក​ឃើញ​ថា​ យុវជន​កម្ពុជា​អត់​ការងារ​ធ្វើ​ជិត​ ៥០​ ភាគរយ​

Share

Cover-YCUD-logo

 

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍​(YCUD)​ បាន​ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៥​ បង្ហាញ​ថា​ អត្រា​យុវជន​កម្ពុជា​អត់​មានការ​ងារ​ធ្វើ​មាន​ជិត​ ៥០​ ភាគរយ​ ។​ ជុំវិញ​បញ្ហា​នេះ​ ក្រុម​និស្សិត​ធ្វើការ​ពាក់ព័ន្ធ​នឹង​យុវជន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ កម្ពុជា​ឱ្យ​បើក​ទូលាយ​នូវ​រាល់​ព័ត៌មាន​អំពី​ការ​ទទួល​បានការ​ងារ​ និង​អំពាវនាវ​ដល់​យុវជន​ខ្លួនឯង​
ឱ្យ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ ដើម្បី​បង្កើន​ឱកាស​ការងារ​ពួក​គេ​។​

​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍​(YCUD)​ ស្តី​ពី​ «​តម្រូវការ​ជា​អាទិភាព​របស់​យុវជន​​កម្ពុជា​»​ មាន​កម្រាស់​ ៤០​ ទំព័រ​ បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​អត់​មានការ​ងារ​ធ្វើ​មាន​រហូត​ដល់​ជិត​ ៥០​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ម្សិលមិញនេះ​។​

​ការ​បង្ហាញ​របាយការណ៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​និង​អភិវឌ្ឍន៍​ (YCUD)​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​​។​

​ស្ថាបនិក​នៃ​សង្គម​យុវជន​កម្ពុជា​ និង​ជា​សមាជិក​សភា​យុវជន​​ត្រាប់​ លោក​ ពុធ​ កុ​ល​កា​  បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​​នេះ​ថា​ ទីផ្សារ​ការងារ​នៅ​កម្ពុជា​ពិតជា​សម្បូរ​ណាស់​ ក៏​ប៉ុន្តែ​លោក​បន្ទោស​ទៅ​រដ្ឋាភិបាល​ថា​ មិន​បាន​បើក​ទូលាយ​នៅ​ព័ត៌មាន​ផ្សេងៗ​ ទាក់ទង​ទៅ​នឹង​ការងារ​ ជា​ពិសេស​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ ថា​តើ​យុវជន​​កម្ពុជា​គួរតែ​ជ្រើស​រើសមុខ​ជំនាញ​អ្វី​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ដើម្បី​ងាយស្រួល​ទទួល​បានការ​ងារ​ធ្វើ​ក្រោយ​ទទួល​បាន​សញ្ញាបត្រ​។​

លោក ពុធ កុលកា ស្ថាបនិកនៃសង្គមយុវជនកម្ពុជា និងជាសមាជិកសភាយុវជនត្រាប់
លោក ពុធ កុលកា ស្ថាបនិកនៃសង្គមយុវជនកម្ពុជា និងជាសមាជិកសភាយុវជនត្រាប់

លោក​ ពុធ​ កុ​ល​កា​ បន្ត​ថា​សូម​ឱ្យ​អ្នកនយោបាយ​ ប្រជាពលរដ្ឋ​ និង​យុវជន​ខ្មែរ​ទាំងអស់​ ត្រូវ​គិត​ថា​ បញ្ហា​យុវជន​ គឺជា​បញ្ហា​របស់​ជាតិ​ ព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​ជួយ​អភិវឌ្ឍ​ប្រទេស​។​

​លោក​ថា​៖​ «​សូម​ផ្តាំផ្ញើ​ទៅ​ដល់​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ប្រជាពលរដ្ឋ​ ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​តែ​យល់​ថា​ បញ្ហា​យុវជន​មិនមែន​ជា​បញ្ហា​របស់​យុវជន​តែឯង​ទេ​ គឺជា​បញ្ហា​របស់​ជាតិ​ទាំងមូល​ ព្រោះ​យុវជន​ដែល​បានដឹង​គឺជា​អ្នកដឹកនាំ​សម្រាប់​អនាគត​»​។​

​ដូច​គ្នា​នេះ​ដែរ​ កញ្ញា​ ហុង​ សា​ឡាយ​ ជា​យុវជន​ស្ម័គ្រចិត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​ និង​លុប​បំបាត់​បក្ខពួក​និយម​នៅ​ក្នុង​វិស័យ​ការងារ​ ដើម្បី​បង្កើន​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​។​ កញ្ញា​បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​កញ្ចប់​ថវិកា​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​កញ្ញា​លើក​ឡើង​ថា​៖​ «​មិន​ត្រឹម​រដ្ឋាភិបាល​ មិន​ត្រឹម​ក្រសួង​អប់រំ​ ត្រូវ​តែ​បោះ​ថវិកា​ឱ្យ​ខ្លាំង​។​ គាត់​កុំ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មិន​គួរ​រីក​ចម្រើន​ ឧទាហរណ៍​ដូច​ជា​សិល្បៈ​ បើ​តាម​ទស្សនវិទូ​ថា​ ការ​រីក​ចម្រើន​មិន​ចាំបាច់​ បញ្ហា​ភាគច្រើន​ ស្រុក​ខ្មែរ​យើង​រីក​ចម្រើន​ ផ្នែក​ក្លឹ​ប​ ខារ៉ាអូខេ​ គ្រប់​បែប​យ៉ាង​។​ ប្រសិនបើ​រដ្ឋាភិបាល​គាត់​ចាប់អារម្មណ៍​លើ​វិស័យ​អប់រំ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​តែ​មាន​សៀវភៅ​»​។​

​យុវជន​មួយ​រូប​ទៀត​គឺ​ លោក​ ជា​ សុវណ្ណ​ឆៃ​ ជា​យុវជន​ស្ម័គ្រចិត្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ទាំងអស់​ថា​ ដើម្បី​មានឱកាស​ការងារ​ច្រើន​ យុវជន​កម្ពុជា​គួរ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ តាម​រយៈ​ការ​ចូលរួម​សកម្មភាព​ក្នុង​សង្គម​ ឬ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​បាន​ច្រើន​។​ លោក​បន្ត​ថា​ យុវជន​កម្ពុជា​ មិន​គួរ​ជ្រើស​រើសមុខ​វិជ្ជា​នៅ​មហាវិទ្យាល័យ​ តម្រូវ​តាម​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គួរ​ជ្រើសរើស​ជំនាញ​ណា​ដែល​ខ្លួន​ចូល​ចិត្ត​ ទើប​ជា​ការ​ប្រសើរ​។​

​លោក​និយាយ​ថា​ «​អ្វី​ក៏​ដោយ​ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​តាម​ចិត្ត​ចង់​ ប៉ុន្តែ​សមត្ថភាព​ខ្ញុំ​អត់​ដល់​ អ​ញ្ចឹ​ង​គឺ​កង្វះខាត​របស់ខ្ញុំ​គឺ​ធ្ងន់​មែនទែន​ ដល់​សម្រេច​គោលដៅ​ចុង​ក្រោយ​ ខ្ញុំ​ស្មើ​សូន្យ​ ប៉ុន្តែ​បើ​ខ្ញុំ​មាន​គោលដៅ​ច្បាស់លាស់​ពិតប្រាកដ​ ពិសេស​ស្គាល់​ពី​សមត្ថភាព​របស់​យើង​ ថា​តើ​មុន​នឹង​យើង​មក​រៀន​ អាហ្នឹង​តើ​យើង​មាន​សមត្ថភាព​ឬ​អត់​»​។​
​ជុំវិញ​របាយការណ៍​ស្តី​ពី​ «​តម្រូវការ​ជា​អាទិភាព​របស់​យុវជន​កម្ពុជា​»​ នេះ​ កញ្ញា​ អោ​ក​ ស្រី​រ័​ត្ន​ ជា​មន្ត្រី​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍​(YCUD)​ ពន្យល់​ថា​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ បាន​សិក្សា​ចំពោះ​យុវជន​នៅ​តាម​រាជធានី​ និង​ខេត្ត​ចំនួន​៥​ ដោយ​បាន​សម្ភាសន៍​យុវជន​ប្រមាណ​ជាង​៦០០​នាក់​ ។​ កញ្ញា​បន្ត​ថា​ របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​អត់​ការងារ​ធ្វើ​ចំនួន​៤៩​ភាគរយ​ ។​

​កញ្ញា​បន្ត​ទៀត​ថា​ បញ្ហា​អាទិភាព​របស់​យុវជន​កម្ពុជា​មាន​ចំនួន​៣​សំខាន់ៗ​ ដូច​ជា​បញ្ហា​អត់​ការងារ​ធ្វើ​ បញ្ហា​អសន្តិសុខ​ដូច​ជា​ គ្រឿងញៀន​ ចោរកម្ម​ គ្រោះថ្នាក់​ចរាចរណ៍​  ការ​រំលោភសិទ្ធិ​មនុស្ស​ និង​បញ្ហា​
​អាទិភាព​ចុង​ក្រោយ​របស់​យុវជន​ គឺ​ផ្តោត​ទៅ​លើ​គុណភាព​អប់រំ​របស់​យុវជន​នៅ​មាន​កម្រិត​នៅឡើយ​។​

​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានឱ្យ​សារព័ត៌មាន​ក្នុង​ស្រុង​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០១៤​  អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​កម្រិត​តែ​ ០,២​ ភាគរយ​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ជាង​ ៣​ លាន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image