en     km
en     km

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

Share

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ដោយ ប្រកាសថា សមាជិកគណៈកម្មា​ធិការ​អចិន្ត្រៃយ៍បក្ស បានសម្រេច យកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាការធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា របស់ ថ្នាក់​ដឹកនាំ នៃអតីតគណបក្សប្រឆាំងធំនេះ វិលចូលកម្ពុជា ក្រោមការដឹកនាំរបស់លោកសមរង្ស៊ី ដែលបច្ចុប្បន្នជា ប្រធានស្ដីទីរបស់បក្សនេះ។

សេចក្ដីប្រកាសព័ត៌មាននៃអតីតគណបក្ស សង្គ្រោះជាតិ  មិនបានរៀបរាប់លំអិតទេ ថា លោកសមរង្ស៊ី និងថ្នាក់​ដឹកនាំ បក្សនេះ នឹងធ្វើមាតុភូមិនិវត្តន៍ ចូលកម្ពុជាវិញ តាមប្រទេសថៃ ឬ តាមយន្តហោះផ្ទាល់នោះទេ គ្រាន់​តែ​បញ្ជាក់ថា ថ្ងៃទី៩វិច្ឆិកាឆ្នាំ ២០១៩នេះ គឺជាខួបទី ៦៦​នៃទិវាឯករាជ្យជាតិ ដែលកម្ពុជា ដណ្ដើមបាន​ពី​អាណា​និគម​បារាំង នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ក្រោមការដឹកនាំរបស់សម្ដេចព្រះបាទនរោត្តសីហនុ។

តែយ៉ាងណា ហ្វេសបុក ផ្ទាល់ខ្លួនរបស់លោក សមរង្ស៊ី បាន បង្ហោះ​​​​រូបមួយផ្ទាំង ដែលបានថយជាមួយថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ហើយបានសរសេរ ថ្ងៃ​នេះទី១៦សីហា​ ខ្ញុំ​នៅប្រទេសម៉ាឡេស៊ី ហើយបានជួប ជាមួយយុវជនខ្មែរមកពីប្រទេសកម្ពុជា។ ក្នុង​ចំណោម នេះ មាន លោកស្រីមួ​សុខហូ និងលោកអេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។

ជាមួយគ្នានេះ លោកសមរង្ស៊ី ក៏បាននិយាយនៅក្នុងវេដេអូឃ្លិប ដោយ ប្រកាសអំពីការវិលចូលកម្ពុជារបស់លោក

និងថ្នាក់ដឹកនាំបក្ស ហើយពេលនេះ លោកថាលោកកំពុងជាន់ទឹកដីប្រទេសម៉ាឡេស៊ី។

ទាំងលោកសមរង្ស៊ី លោក អេងឆៃអ៊ាង និងលោកស្រីមូសុខហួរ បើទោះជាមានដីកាចាប់ខ្លួន​ ពួកគាត់​បាន ប្ដេជ្ញាថា នឹងវិលកម្ពុជាវិញ ហើយថា វត្តមានរបស់​ពួក​គាត់​គឺដើម្បីទប់ស្កាត់កុំអោយ សហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។ តែបើតាម​ស្ថាន​ភាពនេះ លោកសមរង្ស៊ី ដែលជាមុខសញ្ញាខ្លាំងជាងគេ នៃការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា គឺវត្តមាន​របស់ ​លោកនៅលើទឹកដីម៉ាឡេស៊ី ជាប្រទេសជិតខាងកម្ពុជា ហាក់ដូចជាប្រាប់ថា លោកកំពុង​រុល​ចូលទឹកដីកម្ពុជាហើយនៅពេលនេះ ។ 

គេមិនដឹងថា នៅពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី អនុវត្តតាមការអំពាវនាវរបស់ អគ្គស្នងការ​នគរ​បាលជាតិ និងក្រសួងមហាផ្ទៃ កម្ពុជា ដែលបានសុំអោយសហគមន៍អន្តរជាតិ ជួយឃាត់ខ្លួន​លោក​សមរង្ស៊ី ឬយ៉ាងណានោះទេ ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅដើមខែកញ្ញា ខែក្រោយនេះ។

អ្នកសង្កេតការណ៍ខ្លះ មើលឃើញថា បើវត្តមានរបស់លោកសមរង្ស៊ី នៅ ប្រទេសក្នុងតំបន់ គឺ​ជា​ដំណើរវិលមកវិញ យ៉ាងពិតប្រាកដរបស់មេដឹកនាំបក្សប្រឆាំងមកកម្ពុជាវិញ។

លោកសមរង្ស៊ី គឺជាអ្នកនយោបាយ មានរឿងក្ដី ជាច្រើន នៅតុលាការ ។ ដើមបណ្ដឹងប្រឆាំងប្រធានស្ដីទីនៃ​គណបក្ស​សង្រ្គោះជាតិរូបនេះ គឺមានទាំងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេចហេងសំរិន ប្រធានរដ្ឋសភា និង សម្ដេច​​ស ខេងឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចនាយករដ្ឋមន្ត្រីធ្លាប់ព្រមានថា បើលោកសមរង្ស៊ីវិលកម្ពុជាចូលតាមច្រកព្រំដែន គឺត្រូវត្រៀមកាំភ្លើងយន្ត ចាំ​ទទួល ហើយវាយខ្នោះ តែម្ដង។សម្ដេចថា​ អ្នកណា ក៏ដោយ បើគ្មានដីកាចាប់ខ្លួន របស់តុលាការទេ គឺ​មិនមានការចាប់ខ្លួនទេ។

តែបែបនេះ គឺយ៉ាងហោចណាស់ សមាជិកសភាអឺរ៉ុប ជិតដល់រូប បានសន្យាអមដំណើរ​លោក​សមរង្ស៊ីវិ​លចូលកម្ពុជាវិញហើយ ជាមួយគ្នានេះ ក៏មានពលរខ្មែរស័្មគចិត្តរាប់ពាន់នាក់ នៅប្រទេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងថៃ ពួកគាត់ក៏សន្យា មកការពារលោកសមរង្ស៊ី ធ្វើមាតុភូមិនិវត្តន៍​ចូលកម្ពុជា​ផង​ដែរ។

អ្នកវិភាគខ្លះយល់ថា វត្តមានរបស់ លោកសមរង្ស៊ី នៅកម្ពុជា អាចជាការធ្វើមានដំណោះស្រាយ នយោបាយ​ឡើង​វិញ។

សូមជម្រាបថា ថ្ងៃទី៩វិច្ឆិកា គឺជាថ្ងៃបុណ្យឯករាជ្យជាតិ ដែលរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់ អតីត​ព្រះមហាក្សត្រ​នរោត្តសីហនុ និងថ្នាក់ដឹកនាំនៃគណបក្សសង្គមរាស្ត្រនិយម របស់ព្រះអង្គបានគាបសង្កត់បារាំង អោយប្រគល់​អោយ កម្ពុជា ជារដ្ឋឯករាជ្យ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ដែលទិវានេះ ត្រូវបានរាជរដ្ឋាភិបាល បានប្រារព្ធ​ជារៀង​រាល់​ឆ្នាំ៕  

Share

ព័ត៌មានទាក់ទង

Image