en     km
en     km

​វិភាគ​៖​ តើ​មូលហេតុ​អ្វី​ និង​កម្លាំង​ណា​ ជា​ច​លករ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​?

Share

edited

ថ្ងៃ​២៣​ ខែតុលា​ នេះ​ គឺជា​ខួប​ទី​២៤​ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ដែល​បង្កើត​ឡើង​ដោយ​ភាគី​ចម្បាំង​ខ្មែរ​ទាំង​បួន​ ដោយ​មានការ​ដឹង​ឮ​ពី​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត​។​ ក្នុង​រយៈពេល​២៤​ឆ្នាំ​នេះ​ ទោះបីជា​មាន​ភាគី​ពាក់ព័ន្ធ​ខ្លះ​ បាន​ព្យាយាម​បំភ្លេច​កិច្ចព្រមព្រៀង​នោះ​ក្ដី​ ក៏​មានការ​វិភាគ​ វែកញែក​ជា​ច្រើន​ពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នោះ​ដែរ​។​

 

​​ក្នុង​ចំណោម​ភាគី​ទាំង​បួន​នៃ​ការ​ចរចា​នោះ​ ក៏​មាន​ភាគី​ខ្មែរក្រហម​មួយ​ផង​ដែរ​ ដែល​ហាក់ដូចជា​ត្រូវ​បាន​បំភ្លេច​ចោល​ ព្រោះ​ភាគី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្លួនឯង​។​ បើ​គ្មាន​ការ​តស៊ូ​របស់​ចលនា​ខ្មែរក្រហម​ទេ​ ប្រហែលជា​វៀតណាម​មិន​ព្រម​ដកទ័ព​ចេញពី​កម្ពុជា​ឡើយ​ ហើយ​ក៏​មិន​អាច​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​បាន​ដែរ​។​
​លោក​ ណុ​ល​ ដា​រ៉ា​ រៀបរៀង​បទ​វិភាគ​នេះ​

​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ជា​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​​នយោបាយ​នៅ​កម្ពុជា​។​

​កិច្ចព្រមព្រៀង​នេះ​មានការ​ចូលរួម​ពី​ភាគី​សំខាន់ៗ​ទាំង​៤​នៅ​ក្នុង​ជម្លោះ​នោះ​ គឺ​ភាគី​ក្រុងភ្នំពេញ​ ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ភាគី​ ហ្វ៊ុ​ន ​ស៊ិ​ន​ប៉ិច​ ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេចព្រះ​នរោត្តម​ សីហ​នុ​ ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ ខ្មែរក្រហម​ដឹកនាំ​ដោយ​ប៉ុ​ល​ ពត​ និង​ភាគី​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​សឺ​ន​ សាន​។​

​ក្រៅពី​ភាគី​សំខាន់​ទាំង​បួន​នៅ​ក្នុង​ជម្លោះ​នោះ​ ក៏​មាន​ប្រទេស​ចំនួន​១៨​ ផ្សេង​ទៀត​ ចូលរួម​ដឹង​ឮ​ផង​ដែរ​ ប្រទេស​អូស្ត្រាលី​ ប្រុយ​ណេ​ កា​ណា​ដា​ ចិន​ បារាំង​ ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ ជប៉ុន​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ សហភាព​សូ​វៀត​ ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ វៀតណាម​ និង​យូ​ហ្គោ​ស្លា​វី​។​

​បណ្ឌិត​ប្រវត្តិសាស្ត្រ​ លោក​សឺ​ន​ ស៊ូ​ប៊ែ​រ្តិ៍​ ធ្លាប់​មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ជា​ការ​បិទ​​ប​ញ្ច​ប់​​​យុគសម័យ​សង្គ្រាមត្រជាក់​។​

​បើ​តាម​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ឲ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នេះ​ឡើង​ គឺ​ដោយសារ​កត្តា​ធំៗ​មួយ​ចំនួន​ដូច​ជា​ បរិបទ​នយោបាយ​អន្តរជាតិ​មានការ​ផ្លាស់​ប្ដូរ​ គូ​ជម្លោះ​ខ្មែរ​ទាំង​៤​ភាគី​ឆ្អែតឆ្អន់​នឹង​សង្គ្រាម​ និង​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១
​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីសកាលពី​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១

លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ពីរ​រូប​ គឺ​លោក​សូ​ ច​ន្ថា​ និង​លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​  មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា​ មូលហេតុ​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​យល់ព្រម​ចូល​តុ​ចរចា​នៅ​ពេល​នោះ​ គឺ​ដោយសារ​វៀតណាម​​ដែល​​ជា​ខ្នងបង្អែក​ដ៏​ធំ​ លែង​ទទួល​បាន​ជំនួយ​ពី​រុ​ស្ស៊ី​ ដើម្បី​ផ្គត់ផ្គង់​ការ​ធ្វើសង្គ្រាម​ជាមួយ​ខ្មែរក្រហម​ទៀត​ ហើយ​មួយ​ទៀត​ វៀតណាម​ដែល​បណ្ដោយ​ឲ្យ​របប​ក្រុងភ្នំពេញ​ ចរចា​ជាមួយ​ខ្មែរក្រហម​ ព្រោះ​វៀតណាម​ដឹង​ថា​ រដ្ឋាភិបាល​ក្រុងភ្នំពេញ​គ្រប់គ្រង​ទឹកដី​ប្រមាណ​៩០​%​ បើ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ នោះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ ហើយនឹង​ទទួល​បាន​អាសនៈ​អង្គការសហប្រជាជាតិ​ ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។​

​លោក​ប៉ែន​ សុវណ្ណ​ធ្លាប់​មាន​ប្រសាសន៍ថា​ នៅ​ឆ្នាំ​១៩៧៩​ វៀតណាម​បាន​នាំ​កម្លាំង​ទ័ព​១០​ម៉ឺន​នាក់​ ចូល​វាយលុក​កម្ពុជា។​ បើសិនជា​ពេល​នោះ​ កងទ័ព​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំងស្រុង​ ក្រោម​ការ​វាយលុក​របស់​កងទ័ព​វៀតណាម​ តើ​មាន​កម្លាំង​ណា​ ដែល​អាច​បន្ត​ចម្បាំង​អូស​បន្លាយ​ជាង​ដប់​ឆ្នាំ​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ ចូល​តុ​ចរចា​ ហើយ​ឈាន​ទៅ​ធ្វើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩៩១?

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​កម្លាំង​ចលនា​ត្រីភាគី​ ខ្មែរក្រហម​ជា​ភាគី​មាន​ឥទ្ធិពល​ជាងគេ​ ព្រោះ​ខ្មែរក្រហម​មាន​អាសនៈ​អង្គការ​ស​ហ​ប្រ​ជា​​ជា​តិ​​។​ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​​ សូ​ ច​ន្ថា​ ក៏​បន្ថែម​ដែរ​ថា​ មូលហេតុ​សំខាន់​ ដែល​នាំ​ឲ្យ​ខ្មែរក្រហម​ព្រម​ចូល​តុ​ចរចា​ គឺ​ដោយសារ​ចិន​ ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដ៏​ធំ​របស់​ខ្មែរក្រហម​ បាន​បង្ខំ​ឲ្យ​ខ្មែរ​ក្រហម​​សម្របសម្រួល​ ហើយ​ចូល​តុ​ចរចា​។​

​លោក​ថា៖​ «​បើ​យើង​មើលទៅ​យើង​ឃើញ​ថា​ ភាគី​ដែល​ជា​គន្លឹះ​ ដែល​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ហ្នឹង​ គឺ​ភាគី​ខ្មែរក្រហម​ ដែល​ជា​អ្នក​ដែល​មាន​អាសនៈ​នៅ​ក្នុង​អង្គការសហប្រជាជាតិ​នោះ​ ដែល​អង្គការ​សហប្រជាជាតិ​ទទួលស្គាល់​។​ ក៏​ប៉ុន្តែ​យើង​សួរ​ថា​ ហេតុ​អី​បានជា​ ខ្មែរក្រហម​សុខចិត្ត​ទទួល​យក​ការ​ជជែក​ ហើយ​សម្របសម្រួល​ហ្នឹង​ ពីព្រោះ​យើង​ឃើញ​ថា​ អង្គការសហប្រជាជាតិ​នៅ​ពេល​នោះ​ មាន​​ចិន​ដែល​ជា​សមាជិក​អចិ​ន្ត្រៃ​នៃ​អង្គការសហប្រជាជាតិ​ ហើយ​ចិន​ក៏​ជា​អ្នក​ខ្នងបង្អែក​ដ៏​រឹង​មាំ​មួយ​របស់​ខ្មែរក្រហម​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ម៉ៅ​ សេ​ទុង​ស្លាប់​ទៅ​ យើង​ឃើញ​ថា​ ខ្មែរក្រហម​ចាប់ផ្ដើម​បន្ទន់ឥរិយាបថ​ ហើយ​ចាប់ផ្ដើម​ធ្វើការ​សម្របសម្រួល»​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ទៀត​ គឺ​លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ យល់​ថា​ បើ​គ្មាន​ចលនា​ខ្មែរក្រហម​ទេ​ ក៏​នៅ​តែ​អាច​មាន​កិច្ចព្រមព្រៀង​បាន​ដែរ​ ព្រោះ​មាន​កម្លាំង​តស៊ូ​របស់​សម្ដេច​នរោត្តម​ សីហ​នុ​ និង​កម្លាំង​តស៊ូ​របស់​លោកតា​សឺ​ន​ សាន​ ហើយ​ក៏​មាន​ចលនា​ផ្សេង​ទៀត​ ដែល​មិន​គាំទ្រ​របប​កុម្មុយនីស្ត​ក្រុងភ្នំពេញ​ផង​ដែរ​។​

Paris pix

​លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា៖​​ «​អ៊ីចឹង​គ្រាន់តែ​ភាគី​ខ្មែរក្រហម​ជា​កត្តា​ គេ​ហៅ​ថា​ ទឡ្ហី​ករណ៍​​មួយ​ធំ​ កាតាលីករ​ជំរុញ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លាំង​ជាងគេ​ យើង​និយាយ​មែនទែន​។​ ដល់​អ៊ីចឹង​ ភាគី​ហ្នឹង​ក៏​ជា​កត្តា​មួយ​សំខាន់​ដែរ​ ប៉ុន្តែ​បើ​អត់​ខ្មែរក្រហម​ទេ​ មាន​ចរន្ត​នយោបាយ​នៅ​ក្រៅ​ស្រុក​ ទាមទារ​ឲ្យ​វៀតណាម​ដកទ័ព​ចេញពី​កម្ពុជា​ អ៊ីចឹង​កត្តា​នេះឯង​ដែល​គេ​ជំរុញ​ អន្តរជាតិ​គេ​មិន​គាំទ្រ​ឲ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​ទៅ​លើ​ប្រទេស​មួយទៀត​ទេ​។​ ព្រោះ​វៀតណាម​ប្រើ​ពាក្យ​មួយ​ គេ​ហៅ​ថា​ ដើម្បី​រំដោះ​ពលរដ្ឋ​យើង​។​ ប៉ុន្តែ​បើ​គេ​រំដោះ​ គេ​រំដោះ​តែ​មួយ​ភ្លែត​ គេ​ប្រគល់​អំណាច​ឲ្យ​ហើយ​ អាហ្នឹង​យើង​គួរតែ​សិក្សា​ដឹង​ហើយ​»​។​

​ផ្អែក​លើ​មតិ​របស់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​ខាងលើ​ឃើញ​ថា​ កម្លាំង​របស់​ខ្មែរ​ក្រហម​ ជា​ច​លករ​សំខាន់​មួយ​ ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ចរចា​ ធ្វើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ព្រោះ​កម្លាំង​នេះ​មាន​អាសនៈ​អង្គការសហប្រជាជាតិ​ ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គ្មាន​ ហើយ​កម្លាំង​ខ្មែរក្រហម​មាន​ជំនួយ​សព្វាវុធ​ និង​ថវិកា​ពី​ប្រទេស​ចិន​។​ ចំណែកឯ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នៅ​ពេល​នោះ​ ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​ ព្រោះ​គ្មាន​អាសនៈ​អង្គការសហប្រជាជាតិ​ ហើយ​ជា​រដ្ឋា​ភិបាល​លើក​បន្តុប​ដោយ​ក្រុង​ហាណូយ​៕

Share

ព័ត៌មានទាក់ទង

Image