en     km
en     km

AIPស្នើស្ថាប័នពាក់ព័ន្ធផ្អាកការលក់និងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ

Share

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី(API Foundation​) ស្នើឱ្យស្ថាប័នពាក់ព័ន្ធប្រាប់ទៅក្រុមហ៊ុនដែលធ្វើអាជីវកម្មរកស៊ីលើគ្រឿងស្រវឹងត្រូវផ្អាកការលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ជាអ្វីដែលអង្គការមួយនេះយល់ថា អាចកាត់បន្ថយអត្រាស្លាប់របស់ប្រជាពលរដ្ឋក្នុងគ្រោះថ្នាក់ចរាចរណ៍។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល និងវិស័យឯកជន នៅក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែសីហា ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

ដើម្បីរួមចំណែកកាត់បន្ថយអត្រាបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នាពិធីបុណ្យធំៗ ពិសេសនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី ហៅកាត់ថា AIP Foundation មើលឃើញថា ការផ្អាកការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ជាវិធីសាស្រ្តអាចបង្ការបានការបាត់បង់ជីវិតមនុស្សក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលមានភាពមមាញឹក។

លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា(AIP Foundation)លើកជាសំណើរទៅកាន់មន្រ្តីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជួយពិភាក្សាជាមួយក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ផ្អាកការលក់និងការផ្សព្វផ្សាយគ្រឿងស្រវឹងនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខរយៈពេល ៣ថ្ងៃ។ លោកបន្តថា ការអនុវត្តវិធានការនេះនឹងអាចជួយកាត់បន្ថយការស្លាប់​និងរបួសអ្នកបើកបរ ពិសេសអាចកាត់បន្ថយផ្នត់គំនិតប្រើប្រាស់គ្រឿងស្រវឹងពេលមានពិធីបុណ្យទានធំៗ។

លោក គឹម បញ្ញា៖«យើងឃើញថាពេលបោះឆ្នោតយើងអាចហាមឃាត់ការលក់ដូរបាន ព្រោះយើងបានលើកហេតុផលទាក់ទងនឹងរឿងហិង្សា ការបង្កគ្រោះថ្នាក់។ល។ អីចឹង! ខ្ញុំគិតថា ពេលពិធីបុណ្យភ្ជុំបិណ្ឌដែលយើងស្លាប់ច្រើនក្នុងហ្នឹងគ្រឿងស្រវឹងក៏ជាមូលហេតុមួយដែរ ខ្ញុំគិតថាយើងគួរមានវិធានការក្នុងការឆ្លើយតបដើម្បីយើងអាចឈានទៅសម្រេចគោលដៅរបស់យើងទាក់ទងការកាត់បន្ថយការស្លាប ការរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍»។

លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា(AIP Foundation)

ជាងនេះទៀតលោក បញ្ញា ក៏បានស្នើឱ្យកំណត់ល្បឿននៅតំបន់ជុំវិញសាលារៀន ត្រឹមល្បឿនអតិបរិមា ៣០គីឡូម៉ែត/ម៉ោង សម្រាប់យានយន្តគ្រប់ប្រភេទ ដែលសព្វថ្ងៃកំណត់ ៤០គីឡូម៉ែត/ម៉ោង លោកបន្តថា បទពិសោធន៍ប្រទេសមួយចំនួនដែលបានកំណត់ត្រឹម ៣០គីឡូម៉ែត/ម៉ោង ​គឺបានកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយចំណែកធំ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែសីហានោះ វិស័យឯកជនដែលបានចូលរួម ដូចជាតំណាងក្រុមហ៊ុនតូតាល់ បានលើកឡើងថា ខាងក្រុមហ៊ុននឹងធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយដល់អតិថជនពីច្បាប់ និងសុវត្ថិភាពក្នុងការបើកបរ ជាមួយសារអប់រំ មុនពេលបុណ្យភ្ជុំបិណ្ឌ។

ឆ្លើយតបនឹងសំណើរនេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និយាយថា រាល់សំណើរទាំងអស់សុទ្ធតែល្អក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ យ៉ាងណាលោកស្រីនឹងលើកយកសំណើរនេះទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយជាជំហានឱ្យមានប្រសិទ្ធភាព។ លោកស្រី មឹន មាណវី៖«រឿងផ្អាកបាន ឬមិនបានអាហ្នឹងវាទៅតាមជំហាន យើងពិនិត្យឱ្យគ្រប់ស្ថានភាពកុំឱ្យធ្វើមួយប៉ះមួយ។ ចឹង!ត្រូវពិនិត្យតាមលទ្ធភាព យើងមិនធ្វើក្តុងក្តាំងពេកទេវាអាចប៉ះពាល់ តែយើងហ្នឹងធ្វើគំនិតហ្នឹងល្អហើយ ហើយដូចក្រសួងព័ត៌មានគាត់ធ្វើបានហើយដូចវិសាខបូជា និងមាឃបូជា។ ឥឡូវពេលភ្ជុំបិណ្ឌ ឬចូលឆ្នាំ យើងហ្នឹងពិនិត្យលទ្ធភាពពិគ្រោះពិចារណាជាមួយក្រសួងដែលពាក់ព័ន្ធហ្នឹង»។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

សូមបញ្ជាក់ថា  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃកាលពីឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៥៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ២៨នាក់ របួសធ្ងន់៦៥នាក់ និងរបួសស្រាល ២០នាក់។

ក្នុងឆ្នាំ ២០១៨ ដដែល ​មានមនុស្ស​ជិត ​១.៨០០​នាក់បាន​បាត់​បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ តែ​ថយ​ចុះជិត​១០០​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​

ដោយឡែកត្រឹមតែឆមាសទី១ ឆ្នាំ ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង២១៧១លើក ដែលបណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់ ១០៣៣ នាក់។ ក្នុងនោះភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ មានគ្រោះថ្នាក់ច្រើនជាងគេ តែបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ បានកើន ៥៣៨លើក ស្មើនឹង៣៣ភាគរយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង