៖ រយះពេលពេញមួយថ្ងៃមកនេះ ខេត្តកម្ពុជា ចំនួន៣ ក្នុងចំណោម ២៥ បានរងជនលិច ដោយទឹកភ្លៀង ដោយបង្កខូចខាតទ្រព្យសម្បត្តិសត្វពាហនះនិងអាយុជីវិតមនុស្ស។ ក្នុងហេតុការណ៍ មានសេចក្ដីរាយការណ៍ថា តំបន់លិចធ្ងរជាងគេគឺខេត្តព្រះសីហនុ។ ជាមួយគ្នាប្រមុខរាជរដ្ឋាភិបាល ក៏បានចេញបទបញ្ជាអោយមានការជួយសង្រ្គោះជាបន្ទាន់។
កញ្ញាអុំ ច័ន្ធលក្ខិណារាយការណ៍ !
យោងតាមការចុះផ្សាយរបស់ សារព៏ត៌មាននៃគេហទំព័រFresh News អគ្គិសនីនៅក្នុងខេត្តព្រះសីហនុ ត្រូវ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ព្រោះដោយសារតែខ្យល់ព្យុះ ភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះធ្វើឲ្យទ្រេតបង្គោលភ្លើងមួយចំនួននៅខេត្តព្រះសីហនុនៅក្នុងទីតាំងមួយចំនួន។
លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុការណ៍នេះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួននៅសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។ តែយ៉ាងណា នៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីភ្ជាប់ចរន្តអគ្គីសនីឡើងវិញហើយ។
បើយោងតាមរបាយការណ៍របស់លោក គួច ចម្រើន បានបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនេះបានបណ្តាលឲ្យ រលំរបងថ្មបណ្តាលឲ្យសង្កត់កម្មករសំណង់២នាក់ប្តីប្រពន្ធស្លាប់ភ្លាមៗ ព្រោះដោយសារតែពួកគេធ្វើរោងស្នាក់នៅជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ ដែលស្ថិតនៅក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ នៃក្រុងព្រះសីហនុ។ ដោយឡែក នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏មានករណីបាក់រលំរបងមួយកើតឡើងបណ្តាលឲ្យសង្កត់លើបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរ។
ជាមួយគ្នានេះគ្រោះថ្នាក់ដោយសារតែព្យុះភ្លៀងកាលពីម្សិលមិញនេះ បានបណ្តាលឲ្យដាច់ស្ពានពោងធុងសាំង ដែលស្ថិតនៅតំបន់លះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកឯនៅផ្លូវជាតិលេខ ៤៥ វិញគឺមានការស្រុតផ្លូវមួយចំហៀងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ផងដែរ។
បើយោងតាមសេចក្តីប្រកាសរបស់មន្រ្តីសាលាខេត្តព្រះសីហនុវិញ បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧២ ដល់ផ្លូវ១៧៣ គឺកំពុងមានការគំរាមកំហែងដោយសារទឹកជន់លិចប្រមាណ ៣០០ ទៅ ៥០០ម៉ែត្រ។
ជាការកត់សម្គាល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ មន្ទីរបរិស្ថាន ធនធានទឹក អាជ្ញាធរក្រុង ដើម្បីចុះមកធ្វើការត្រួតពិនិត្យស្ថានភាពគ្រោះជំនន់ភ្លៀង ព្រមទាំងបានយកគ្រឿងចក្រ កាយយកសំរាមចេញពីមាត់លូ និងកាយប្រឡាយឱ្យបានធំទូលាយ ដើម្បីរំដោះគ្រោះដោយសារទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ។ ទន្ទឹមនឹងនេះលោក ក៏បានសំណូមពរប្រជាពលរដ្ឋ ឲ្យមានការយោគយល់ ព្រោះនេះជាគ្រោះធម្មជាតិ ដែលយើងត្រូវរួមគ្នារកវិធីដោះស្រាយដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងចេញពីក្រុងឲ្យបានទាន់ពេលវេលា។
ស្ថានភាពភ្លៀងបានបង្អុរធ្លាក់ឥតឈប់ឈរកាលពីយប់ថ្ងៃទី៨ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ដែលជាហេតុធ្វើឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុប្រឈមនឹងការលិចលង់ដោយសារគ្រោះជំនន់ទឹកភ្លៀងដែលជាហេតុបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន ព្រមទាំងមានការលិចលង់នូវសម្ភាររបស់ប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន ឡាន ម៉ូតូ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀតផងដែរ។
សូមជម្រាបថា គ្រោះជំនន់ទឹកភ្លៀងនេះមិនមែនមានតែនៅក្នុងខេត្តព្រះសីហនុប៉ុណ្ណោះនោះទេ តែយើងក៏សង្កេតឃើញមានគ្រោះជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ ខេត្តរតនៈគិរីផងដែរបណ្តាលឲ្យលិចផ្លូវក្នុងមូលដ្ឋានភូមិជ័យឧត្តម ឃុំជ័យឧត្តម ហើយប្រជាពលរដ្ឋបាននាំគ្នាយកទូក ដើម្បីដាក់ឆ្លងទៅវិញទៅមកស្រាប់តែកំពុងឆ្លងនោះទឹកក៏ហូរកាន់តែខ្លាំងដែលជាហេតុធ្វើឲ្យទូកលិចបាត់ក្មេងស្រីម្នាក់ ហើយនៅពេលនេះអាជ្ងាធរកំពុងធ្វើការស្វែងរកក្មេងស្រីដែលបានបាត់ខ្លួននោះនៅមិនទាន់ឃើញនៅឡើយនោះទេ។
ចំណែកឯផ្លូវមួយខ្សែរនៅខេត្តព្រះវិហារវិញក៏មានការទទួលរងនូវការខូតខាតដោយសារជំនន់ទឹកភ្លៀងនេះផងដែរ ក៏ប៉ុន្តែនៅពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ស្របតាមការណែនាំរបស់លោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញយុន្តាការជួសជុលផ្លូវនោះជាបណ្តុះអាសន្នបានដោយជោគជ័យហើយនៅពេលនេះ៕