ព្រះមហាក្សត្រខ្មែរមួយអង្គដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មអង្គរដ៏ល្បីល្បាញ ហើយបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា គឺព្រះបាទសូរ្យវរ្ម័នទី២។ ស្ដេចអង្គនេះ បានឡើងគ្រងរាជ្យ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលបែកចែកនគរខ្មែរជាពីរ។ ស្ដេចអង្គនេះ ហើយបានទាញនគរឱ្យស្ថិតក្នុងការ គ្រប់គ្រងតែមួយ កាលពីសម័យអង្គរ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្ដី អត្ថាធិប្បាយ ៖
ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០)
សិលាចារិកវត្តភូ បានបញ្ជាក់ថា ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានឡើងសោយរាជ្យដោយ បង្រួបបង្រួមអាណាចក្រពីរចូលគ្នាវិញ។ យ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។ បើតាម សីលាចារិក គឺអាណាចក្រទី១ ស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ដែលគេមិនស្គាល់រាជធានីពិទប្រាកដ ។ចំណែកអាណាចក្រទី២ គ្រប់គ្រងដោយ ព្រះបាទនឫទិន្ទ្រវរ្ម័នដែលបានសោយរាជ្យនៅអង្គរតាំងពី១០៨០ម្លេះ។
ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន ហើយបន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ស្ដេចសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបាននៅទីនោះតែម្ដង។ នេះជាសង្រ្គាមមួយ ផ្ទុះក្នុងនគរពីរដាច់ដោយឡែកពីគ្នា។
ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យ ក្នុងពេលតែមួយនេះ បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ ឈ្វេងយល់ពីការចង់ទាញនគរមកតែមួយចូលគ្នាវិញ។
ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ។
លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយនគរចិន ឡើងវិញ គឺនៅពេលនោះព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីររូបទៅនគរចិនចិន គឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ ។
ព្រះអង្គជាស្ដេចសឹក
តាមសៀវភៅ ប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធត្រឹងងា គឺព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ច្រើនណាស់ ។ នៅភាគខាងកើតនគរ ព្រះអង្គបានដឹកនាំទ័ព ចម្បាំង ជាមួយនឹងនគរចាម្ប៉ា។ បុព្វហេតុនៃសង្រ្គាមគឺដោយសារតែ នគរចាម្ប៉ា បានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលនគរខ្មែរបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ គឺក្នុងរជ្ជកាលរបស់ ស្ដេចពីរអង្គដែលព្រះបាទសូរ្យវរ្ម័នទី២ បានដណ្ដើមរាជ្យ និងធ្វើគត់។
សង្គ្រាមជាមួយណគរចម្ប៉ានេះគឺព្រះអង្គបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យគឺពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅនគរនោះ។
ចំណែកច្បាំងនឹងយួនដៃវៀតវិញ ក៏ព្រោះតែ នគរនេះ ចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោន។
នៅប៉ែកខាងលិចវិញ គឺចម្បាំងជាមួយនឹង ក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាម ហើយទន្ទឹមនឹងនេះ ព្រះអង្គក៏ធ្វើចម្បាំងជាមួយពួកមន នៅនគរហរិបុញ្ជ័យ ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ គឺនគរខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងនគរ ចិន ខាងត្បូងទល់នឹងសមុទ្រចិន រហូតដល់ឈូងសមុទ្របានឌុង នៅម៉ាឡេស៊ី។ ខាងលិចទល់នឹងនគរ ភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងនគរចាម្ប៉ា។
វិស័យសាសនា
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំនគរ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅ ឥណ្ឌា ។
នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ តែជាព្រះវិស្ណុបដិមាវិញ។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។
វិស័យសំណង់
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។
ទាំងនេះ ជាសំណង់ នៃរចនាបទមុនៗ ។ ចំណែកសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត ទីដែលតម្កល់បដិមាព្រះវិស្ណុ ហើយគិតថាអាចជាទីបញ្ចុះព្រះធាតុរបស់ព្រះអង្គ នៅពេលព្រះអង្គសោយទិវង្គតនៅទិនោះ។
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក។
បន្ទាប់ពីព្រះអង្គ សោយទិវង្គតទៅ គឺព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ ត្រូវបានលើកអោយឡើងសោយរាជ្យបន្ត។ ព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ គឺប្អូនជីដូនមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទ ធរណីន្ទ្រវរ្ម័នទី២គឺជាព្រះបិតា នៃព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្ដេចសឹងនៃសម័យអង្គរផងដែរ៕