en     km
en     km

LICADHO និង STT៖ ពលរដ្ឋកម្ពុជាជាប់បំណុលមីក្រូហិរញ្ញវត្ថុប្រឈមនឹងការបំពានសិទ្ធិ

Share

អង្គការលីកាដូ និង សមាគមធាងត្នោតនៅថ្ងៃទី៧សីហានេះបានចេញរបាយការណ៍មួយស្ដីអំពីពលរដ្ឋកម្ពុជារងទុក្ខវេទនាពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ការស្រាវជ្រាវរបស់អង្គការនេះគឺដើម្បីសិក្សាលើបញ្ហាសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូកម្ពុជា។ អង្គការនេះថាពលរដ្ឋក្រីក្រជាកម្មវត្ថុនៃសកម្មភាពហិរញ្ញវត្ថុអសីលធម៌ហើយពួកគេងាយរងនឹងការបាត់សិទ្ធិជាម្ចាស់អចនៈទ្រព្យ។

កញ្ញា ឆោមពៅនិកា រាយការណ៍៖

សមាគមធាងត្នោតដែលលើកកម្ពស់សិទ្ធិដីធ្លីប្រជាពលរដ្ឋ រួមនឹង អង្គការសម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្សហៅកាត់ថាលីកាដូ បានរួមគ្នាសិក្សាស្រាវជ្រាវលើករណីរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុនៅកម្ពុជា។

របាយការណ៍រួមចេញផ្សាយនៅថ្ងៃទី៧សីហារបស់អង្គការទាំងពីរនេះបង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជាជិត​ ២​លាន៤សែន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ។ របាយការណ៍នេះអោយដឹង ទៀតថាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលអង្គការនេះបានគូសបញ្ជាក់ថានេះគឺជាហេតុដែលបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពាក៉ព័ន្ធធ្លី និងលំនៅដ្ឋាន។

ការរំលោភបំពានសិទ្ធិមនុស្សទាំងនោះមានរូបភាពជា​​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

ផ្ដើមពីការសិក្សាលើការបាត់បង់ដីធ្លី សមាគមធាងត្នោត និង​លីកាដូបានចុះយកការណ៍និងពិពណ៌នាពី ​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ និង​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ។

របាយការណ៍នោះរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើប្រតិបត្តិការកម្ចីដោយអត្រាការប្រាក់ខ្ពស់ ដែលតម្រូវឱ្យដាក់បញ្ចាំប្លង់ដីជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះដាក់គោលដៅលើអតិថិជនក្រីក្រដែលងាយរងគ្រោះក្នុងការបាត់បង់ដីធ្លី។ចំណែកទម្រង់នៃប្រាក់កម្ចីហាក់មានសភាពធ្ងន់ធ្ងរដោយវាគ្រាន់តែជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ។ ក្នុងហេតុផនេះ បានបង្កផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាពនៃសិទិ្ធកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។

របាយការណ៍របស់អង្គការទាំងពីរ បានអោយដឹងទៀតថា ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹម១៨% សម្រាប់កម្ចីថ្មី ដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកាលពីខែមីនា ឆ្នាំ២០១៧ មិនបានកាត់បន្ថយការកើនឡើងនៃទំហំការប្រាក់ ឬជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានឡើយ។ ទន្ទឹមនឹងអង្គការទាំងពីរនេះរកឃើញថាស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារក្នុងឆ្នាំ២០១៧។

ផលប៉ះពាល់ទាំងនោះជាខ្លាំងគឺធ្លាក់ទៅលើកសិករ។ពេលមិនអាចដោះខ្លួននឹងបំណុលបានកសិករហៀបតែនឹងបាត់បង់ដីស្រែចំការសម្រាប់ដាំដំណាំកសិកម្មរបស់ខ្លួន ក៏សម្រេចលក់ដីដោយបង្ខំ ឬទទួលរងសម្ពាធខណៈប្លង់ដីទាំងនោះត្រូវបានកាន់កាប់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុ។

ជួនកាលទៀតនោះពលរដ្ឋដែលជំពាក់បំណុលជាច្រើន ក៏រត់ទៅខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជន ក្នុងគោលបំណងយកប្រាក់មកទូទាត់នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ របៀបនេះ គឺជាហានិភ័យលើហានិភ័យ។

ការស្រាវជ្រាវជារួម បានឆ្លុះបញ្ចាំងថា ក្រុមគ្រួសាររបស់កូនបំណុលខ្លះ ត្រូវសម្រេចចិត្តឈប់រៀន ដើម្បីធ្វើការងាររកប្រាក់ ជួយដោះបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ រីឯអតិថិជនមួយចំនួនទៀត ត្រូវបង្ខំចិត្តទទួលទានម្ហូបអាហារតិចជាងមុន ឬមិនមានជីវជាតិគ្រប់គ្រាន់ ដើម្បីសន្សំប្រាក់ដោះបំណុល។

គួរឱ្យកត់សម្គាល់ផងដែរថា ប្រទេស​កម្ពុជា ​​​បាន​ក្លាយ​ជា​ប្រទេស​មួយ ​ដែល​មាន​វិស័យមីក្រូ​ហិរញ្ញវត្ថុ​រីកចម្រើន​លឿន​ជាង​គេ​ក្នុង​ពិភពលោក​។

រដ្ឋាភិបាលថា ក្នុងនាមកម្ពុជាទីផ្សារសេរី មីក្រូហិរញ្ញវត្ថុជាចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឬ លក្ខខណ្ឌនៃការខ្ចីគឺមានភាពម៉ត់ចត់។​

រដ្ឋាភិបាលទទួលស្គាល់ថាប្រជាពលរដ្ឋជាច្រើនមានភាពប្រសើរឡើងដោយការបើកទូលាយផ្នែកសេដ្ឋកិច្ច​ ។

ក្នុងកិច្ចសម្ភាសខ្លីមួយនឹងវិទ្យុស្រ្ដី លោក​កត្តា អ៊ុង អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ឃើញថារបាយការណ៍រួមរបស់អង្គការពីរនេះនិយាយអំពីករណីតែអវិជ្ជមាន​មកធ្វើ​ការ​វិភាគ។

ឃ្លីប៖

កន្លងទៅរដ្ឋាភិបាលធ្លាប់បានផ្សព្វផ្សាយតាមទូរគមនាគន៍នានាថា មីក្រូហិរញ្ញវត្ថុនានាមិនមែនជាគ្រឹះស្ថានរបស់រដ្ឋទេ ជារបស់គ្រឹះស្ថានឯកជន ព្រោះមានពលរដ្ឋមួយចំនួនយល់ច្រឡំ។

លោក កត្តា អ៊ុង បកស្រាយបន្ថែមពីលើគោលនយោបាយ១ចុច៨ភាគរយនៃអាត្រាការប្រាក់ចេញដោយរដ្ឋាភិបាលនៃក្រសួងសេដ្ឋកិច្ចគឺជាចំណុចតែមួយដែលមីក្រូហិរញ្ញវត្ថុមួយចំនួនរំលោភបំពានខណៈពលរដ្ឋធ្វេសប្រហែសមិនយល់ដឹងរឿងនេះ។

តាមរបាយការណ៍ ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា ​ប្រមាណជា ២,៣៨​លាន​នាក់​ បានខ្ចីប្រាក់ពីឥណទានខ្នាតតូចដែលសរុបជាទឹកប្រាក់ប្រមាណ​ជាង​ ៨.០០០លាន​ដុល្លារ ហើយជាប្រ​ទេស​មួយដែលមាន​មធ្យម​ភាគឥណទានខ្ពស់​ជាង​គេ ដែលមានចំនួនប្រមាណជា ៣.៣៧០ដុល្លារ ក្នុងមួយកម្ចី។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺមធ្យមភាគ​នេះគឺលើសពី​​ចំណូលជា​មធ្យម​សម្រាប់​មនុស្សម្នាក់ក្នុងប្រទេស​ ដែល​មានចំនួន​ត្រឹមតែ ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧។

ជាអនុសាសន៍និងការអំពាវនាវចេញពីរបាយការណ៍នេះ អង្គការគាំពារសិទ្ធិស៊ីវិលទាំងពីរ រំពឹងថា កសិករ ឬ ពលរដ្ឋក្រីក្រ​ នឹងមិនត្រូវបាន​ក្លាយជាកម្មវត្ថុ​នៃសកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌ទៀតឡើយ។ជាងនេះ ​ពួកគេទទួលបាន​ការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ​តាមបែប​សហគមន៍​ និងប្រកប​ដោយនិរន្ដភាព និងបញ្ចៀសឱ្យបានការរំលោភបំពានសិទ្ធិមនុស្សដោយការដាក់សម្ពាធឱ្យលកដី និង ផលប៉ះពាល់អវិជ្ជមានលើសង្គមកិច្ចនៃគ្រួសារ៕

Share

ព័ត៌មានទាក់ទង

Image