ចិននៅថ្ងៃទី៧សីហានេះបានធ្វើសមយុទ្ធទៀតហើយនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងបើទោះបីជាមានការតវ៉ាពីរដ្ឋជាសមាជិកសមាគមអាស៊ានក៏ដោយក្ដី។
សារព័ត៌មានវៀតណាម VN Expressបានរាយការណ៍មកថា រដ្ឋបាលសុវត្ថិភាពសមុទ្រ នៃខេត្តហានណាន បានឱ្យដឹងថាចិនបានធ្វើយុទ្ធពិតមែនលើសមុទ្រប៉ារ៉ាសែល។សមយុទ្ធនេះចិនបានចាប់ផ្ដើមតាំងពីថ្ងៃអង្គារមកទល់ថ្ងៃនេះ។ចិនបានហាមឃាត់មិនឱ្យកប៉ាល់ដទៃទៀតមកក្បែរតំបន់ហាត់យោធានេះឡើយ។
តែនៅថ្ងៃជាមួយគ្នានេះពលរដ្ឋវៀតណាមនាំគ្នាមកធ្វើបាតុកម្មនៅមុខស្ថានទូតចិននៃទីក្រុងហាណូយដើម្បីសួរនាំឱ្យបានច្បាស់អំពីការដែលបិទសិទ្ធិពួកគេមិនឱ្យនេសាទនិងអាជីវកម្មរ៉ែនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងទាមទារជាមួយគ្នាឱ្យកាប៉ាល់ចិនទាំងអស់ចេញឆ្ងាយពីទីនោះទៅ។
យ៉ាងណាមិញចិនថា កប៉ាល់ឈ្មោះថាThe Haiyang Dizhi 8គឺប្រតិបត្តិការជាការវាស់ ស្ទង់ភូមិសាស្រ្ដសមុទ្រចិនដើម្បីប្រមូលទិន្នន័យពីការវិភាគធនធានសមុទ្ររបស់ក្រុមហ៊ុនWinward។
កាលពីសប្ដាហ៍ ក្រុមនេសាទវៀតណាមបានជម្រុញឱ្យរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ តាមផ្លូវច្បាប់ចំពោះចិនលើរឿងនេះ។
ក្នុងសប្ដាហ៍មុនដូចគ្នានៅរាជធានីបាងកកមានការរៀបចំនូវជំនួបប្រជុំថ្នាក់ដឹកនាំក្រសួងការបរទេសអាស៊ានហើយក្នុងនោះក៏មានយន្ដការអាស៊ានបូកចិននិងសហរដ្ឋអាមេរិក ដោយមានវត្តមានរបស់រដ្ឋមន្រ្ដីការបរទេសចិនវ៉ាង យី និង រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមពីអូផងដែរ។នៅក្នុងរបៀបវារៈការប្រជុំកន្លងទៅក៏បានបូកបញ្ចូលនូវបញ្ហាសមុទ្រចិនខាងត្បូងដែរ ហើយអាមេរិករំពឹងថាប្រទេសអាស៊ានទាំងអស់នឹងការពារបូរណភាពទឹកដីបានល្អចេញអំពីការរំលោភបំពានរបស់ចិន។
ភាពតានតឹងរវាងចិន និង វៀតណាមបានរីករាលដាលកាន់តែខ្លាំងឡើងនៅតំបន់ប្រឈមជិតកោះស្រ្ពាតលីកាលពីខែកក្កដានៅពេលដែលកប៉ាល់វៀតណាមបានចូលទៅដល់តំបន់សេដ្ឋកិច្ចពិសេសប្រឈនឹងកប៉ាល់របស់ចិនឈ្មោះថា Haiyang Dizhi 8 មួយ។
វៀតណាមអះអាងថាចិនបានកាន់កាប់ដោយកំរោលនិងខុសច្បាប់លើកោះប៉ារ៉ាសែលរបស់ខ្លួនតាំងពីឆ្នាំ១៩៧៤តែចិនថានេះជាដែនទឹករបស់ខ្លួនតាំងពីដើមរៀងមក។
អាមេរិកដែលមិនមែនជាភាគីជម្លោះណាមួយសោះ ក៏បានធ្លាប់ព្រមានចិនដែលថាកុំព្យាយាមពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ បែបណាក៏ដោយចិនមិនបន្ទន់ឥរិយាបថទេនិងថែមទាំងថាមិនអត់អោនអាមេរិកទេបើប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះហ៊ានពង្រាងមីស៊ីលនៅអាស៊ីដោយយកលេសដើរចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរកម្រិតមធ្យមក្ដី។
ជាមួយគ្នានេះ បងធំពិភពលោកមួយទៀតគឺរុស្ស៊ី ក៏បានបន្ទរថា ខ្លួននឹងពង្រាយ មីស៊ីលដូចគ្នានៅអាស៊ីបើកាលណាអាមេរិកហ៊ានធ្វើយ៉ាងដូច្នេះមែនគឺដាក់ឱ្យជិតជប៉ុន និង កូរ៉េខាងត្បូង។
មែន! នៅក្នុងសម្ភាសនឹងសារព័ត៌មាន Fox News ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកចន បូតុងបាននិយាយកាលពីថ្ងៃអង្គារថាអាមេរិកពិតជាមានគម្រាងនឹង ពង្រាយម៊ីស៊ីលដ៏មានសក្ដានុពលនៅអាស៊ីដើម្បីការពារក្រុមសម្ព័ន្ធមិត្តអាមេរិកទាំងអស់នៅក្នុងតំបន់។
យ៉ាងណានៅក្នុងជំនួបប្រជុំរបស់រដ្ឋមន្រ្ដីអាស៊ាន ថ្នាកដឹកនាំកំពូលទាំងពីរប្រទេសចិន និងវៀតណាម បាននិយាយចំពោះគ្នាថាប្រទេសទាំងពីរពិតជាត្រូវការថែរក្សា សន្ដិភាពស្ថេរភាពនិងរកវឌ្ឍនភាពដល់ជំលោះវិញ៕
ដោយ៖ ពៅនិកា