នៅថ្ងៃច័ន្ទ៥សីហានេះ បាតុកម្មនៅតែបន្តដោយធ្វើឲ្យកក្រើកទីក្រុងហុងកុងកាន់តែខ្លាំង គឺបាតុករ មើលទៅមិនដកថយនឹងការគំរាមរបស់អាជ្ញាធរ លំអៀងក្រុងប៉េកាំងឡើយ ។ អភិបាលតំបន់ស្វយ័តពិសេសរបស់ចិន គឺលោកស្រី ខារី ឡាំ បាន ប្តេជ្ញាថា លោកស្រីនឹងមិនចុះពីតំណែងជាដាច់ខាត ។តែ ផ្ទុយទៅវិញ លោកស្រីសន្យា ស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងហុងកុងឲ្យបានឡើងវិញ។
ថ្លែងនៅសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ លោកស្រី Lam បានចោទក្រុមបាតុករ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយ ហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះទេ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ព្រោះរឿងនេះ មានអ្នកនៅពីក្រោយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ។
លោកស្រីឡាម ពន្យល់ថា ការចុះចេញពីតំណែងរបស់ លោកស្រី នឹងមិនអាចជួយស្ថានការណ៍ដ៏អាក្រក់នេះឡើយ ។
លោកស្រី Lam បានថ្លែងការពារការ កម្លាំងសមត្ថកិច្ចទីក្រុងហុងកុង ដែលបានទប់ស្កាត់សកម្មភាពតវ៉ានាពេលកន្លងមក។ លោកស្រីបានបញ្ជាក់ថា គឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ក្នុងការធានាសុវត្ថិភាពទីក្រុងហុងកុង។
ក្នុងស្ថានភាព កាន់ធ្ងន់ធ្ងរ នេះ Channel News Asia បានចុះផ្សាយថា នៅថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង ២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដោយបានបង្វិលការធ្វើដំណើរនៅតាមស្ថានីយ៍រថភ្លើង វិញ។ នៅតាមស្ថានីយ៍ មួយចំនួន កកស្ទះជាខ្លាំង។
តាមប្រភពដដែល នេះ ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងហុងកុងរបស់លោកស្រី ខារី ឡាំ ដែលពួកគេកំពុងទាមទារ ឱ្យចុះចេញតំណែង។
ក្រុមអាជ្ញាធរព្រមានពីការរំខានទ្រង់ទ្រាយដល់អ្នកដំណើរ ខណៈក្រុម បាតុករកំពុងដឹកនាំបាតុកម្មតវ៉ាកាន់តែខ្លាំងក្លា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។
ចិនចោទ អាមេរិកនៅពីក្រោយ បាតុករ
ក្រសួងការបរទេសចិន បានចោទជាចំហទៅលើសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយបាតុកម្មនៅទីក្រុងហុងកុង ដោយព្រមានអាមេរិកកុំលេងជាមួយល្បែងលេងភ្លើងនេះអោយសោះ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងប្រាប់អ្នកសារព័ត៌ថា បាតុកម្មហិង្សាដែលបានកើតឡើងក្នុងទីក្រុងហុងកុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ គឺមានលោកខាងលិចនៅពីក្រោយជាពិសេស គឺអាមេរិក។
លោកស្រី បានអោយដឹង ថាក្នុងពេលថ្មីៗនេះមានជំនួបជាច្រើនធ្វើឡើងរវាង មេដឹកក្រុមប្រឆាំងនៃ ហុងកុងជាមួយ អ្នកនយោបាយអាមេរិក ដូចជាអនុប្រធាធិបតី Mike Pence រដ្ឋមន្រ្តីក្រសួងការបរទេស Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកព្រមទាំងសមាជិកសភាទៀតផង។
លោកស្រី Hua Chunying អះអាងថាតាមរយៈរូបភាពដែលមានលើប្រព័ន្ធផ្សព្វផ្សាយ គេសង្កេតឃើញថាមានមុខជនជាតិអាមេរិកស្ថិតនៅក្នុងចំណោមបាតុករទាំងនោះ។
លោកស្រី បានទាមទារឲ្យអាមេរិកពន្យល់ពីបញ្ហាទាំងនេះឲ្យបានច្បាស់។
លោកស្រី បានទាមទារអោយអាមេរិក សន្យាឈប់លូកលាន់កិច្ចការផ្ទៃក្នុងហុងកុង។
លោកស្រីបានព្រមានអាមេរិកថាកុំ លេង ភ្លើងរមែងប្រយ័ត្នរលាកខ្លួនឯង។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងជាចំហ ឲ្យចិនរកដំណោះស្រាយបញ្ហាហុងកុងឲ្យឆាប់ហើយដោយអហិង្សា។ លោក បានបញ្ជាក់ថាការធ្វើបាតុកម្មរបស់ពលរដ្ឋហុងកុងជារឿងត្រឹមត្រូវ គឺជាសិទ្ធិរបស់ដែនដីនេះ។
ក្រៅពី ចោទអាមេរិកដូចនេះ ក្រុងប៉េកាំង បានប្រាប់ទៅអង់គ្លេស កុំបន្តជ្រៀតជ្រែក កិច្ចការរបស់ចិន ពាក់ព័ន្ធក្រុងហុងកុង។ តែរដ្ឋាភិបាលអង់គ្លេស ទទូចថា ចិនត្រូវគោរពកិច្ចសន្យាឆ្នាំ១៩៩៧ដែល ធានាសេរីភាពរបស់ប្រជាជនហុងកុង។
តាមអ្នកសង្កេតការណ៍ ស្ថានការណ៍នៅក្រុងហុងកុងនៅពេលនេះ មើលទៅដើរដល់ចំណុចចុងក្រោយ ហើយ ថាតើរដ្ឋអំណាចកុម្មុយនិស្តចិន បន្តសម្របសម្រួលម្ដងទៀតឬក៏ត្រូវវាយបង្រ្កាបដូចនៅទៀនអាន់មីន ឆ្នាំ១៩៨៩៕