សហមេធាវីការពារក្ដីលោកនួនជាថាការប្ដឹងសាទុក្ខគឺជាគោលបំណងចុងក្រោយនៃជីវិតរបស់លោកនួនជា។ការប្ដឹងសាទុក្ខរបស់លោកគឺដើម្បីជម្រាបប្រាប់ទៅតុលាការកំពូលនៃសាលាក្ដីពិសេសថាតុលាការជាន់ទាបបានបំពាននីតិវិធីរបស់ខ្លួនដោយមិនបានកោះហៅសាក្សីសំខាន់ៗដទៃទៀត តាមការស្នើរបស់លោក។
កញ្ញា ឆោម ពៅនិកាលម្អិតព័ត៌មាននេះ
បណ្ដឹងសារទុក្ខនឹងនាំឱ្យមានកិច្ចនីតិវិធីមួយដែលអាចធ្វើឱ្យលោកនួនជា អាចសំដែងការពិតមួយចំនួនមុននឹងគាត់ទទួលមរណភាព។តែជាអកុសលក្ដីសង្ឃឹមរបស់គាត់បានរសាត់បាត់ទៅហើយ ព្រោះលោកបានទទួលមរណភាពកាលពីថ្ងៃទី៤សីហាវេលាម៉ោង៦ល្ងាច នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតដោយជំងឺនិងវ័យចាស់ជរា។
មរណភាពរបស់លោកគឺមុនតុលាការកំពូលសម្រេចបើកសវនាការលើបណ្ដឹងសាទុក្ខ។ ការប្ដឹងសារទុក្ខរបស់លោកគឺនិយាយអំពីតុលាការជាន់ក្រោមគឺសាលាដំបូង នៃអង្គជំនុំជម្រះក្ដីវិសាមញ្ញតុលាការកម្ពុជា បានបំពាននីតិវិធី ដោយមិនបានកោះហៅសាក្សីសំខាន់ៗមួយចំនួនតាមការស្នើរបស់លោក។
នេះបើតាមសម្ដីលោក លីវ សុវណ្ណា សហមេធាវីការពារក្ដីឲ្យលោក នួន ជាដែលបានថ្លែងអំពីបំណងបង្ហាញការពិតនៅក្នុងការពិតដល់ទៅប្រជាជនកម្ពុជាតាមរយៈសន្និសីទសារព័ត៌មាននៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យឈានចូលថ្ងៃទី០៥ ខែសីហា។
សិទ្ធិកោះហៅសាក្សី គឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការស្វែងរកការពិតដោយសាក សួរលម្អិត ព្រោះពួកគេជាប្រភេទនៃភស្ដុតាងដែលអាចជាបុគ្គលដឹងរឿងហេតុដែល ភាគីចង់បញ្ចូល ឬ ជាបំណងរបស់តុលាការ។
តើនរណាខ្លះជាសាក្សីសំខាន់ៗដែលលោកនួន ជា បានស្នើឱ្យតុលាការកោះហៅ?
កាលពីខែកក្កដា ប្រហែលដោយដឹងថាខ្លួនមិនអាចបន្ដរស់បានយូរជាងនេះទៀត លោកនួនជា បានឱ្យមេធាវីការពារក្ដីខ្លួនរៀបចំនីតិវិធីផ្ទេរសិទ្ធិដល់ក្រុមគ្រួសារដើម្បីឱ្យ បន្ដនីតិវិធីបណ្ដឹងសារទុក្ខជំនួសរូបលោក។មកទល់ពេលនេះ សហមេធាវីការពារក្ដីរបស់លោកបានជម្រាបសាធារណជនថាបណ្ដឹងទាំងនោះបានឈានដល់ដំណាក់កាលសរសេរសារណាជូនតុលាការកំពូលនៃសាលាក្ដីពិសេសនេះ ហើយ។លោកមេធាវី លីវ សុវណ្ណា បានថ្លែងបញ្ជាក់ទៀតថា មូលហេតុនៃបណ្ដឹងសារទុក្ខរបស់គាត់គឺបង្ហាញនូវមូលដ្ឋាន៣៥១ចំណុចធំៗ និង បណ្ដឹងរួមដែល៥៤៦ចំណុចតូចៗគឺសុទ្ធតែជាកំហុសរបស់តុលាការជាន់ទាបនៃសាលាក្ដីនេះ លើ សំណុំរឿង ០០២/០២ ហើយមូលដ្ឋានកំហុសនេះគឺទាក់ទងបំពាននីតិវិធី សិទ្ធិរបស់ជនជាប់ចោទ នួនជា គឺមានពិសេសក្នុងការកោះហៅសាក្សី។
តាមលោកមេធាវី គឺលោកនួនជា បានចោទតុលាការជាន់ទាបថា មានភាពលម្អៀងក្នុងអង្គជំនុំជម្រះសាលាដំបូងដោយមិនគោរពលើសិទ្ធិរបស់គាត់នោះទេ គឺគាត់ចង់សម្ដែងការពិតក្នុងការពិតឱ្យបានដឹងជូនសាធារណជាតិ និងអន្ដរជាតិ។ដូច្នេះការធ្វើបណ្ដឹងសារទុក្ខនេះជាក្ដីសង្ឃឹមចុងក្រោយរបស់លោក និង ជាសខ្មៅរបស់ ប្រជាពលរដ្ឋខ្មែរបានដើម្បីឱ្យបណ្ដឹងនេះបានចូលក្នុងសំណុំរឿងបាន។
បណ្ដឹងសារទុក្ខនេះ គឺ ប្ដឹងពាក់ព័ន្ធនឹងការមិនកោះហៅសាក្សីរបស់តុលាការ។
សូមជម្រាបថា ជនជាប់ចោទក្នុងសំណុំរឿង ០០២ វគ្គ ១ គឺលោក នួន ជា បានចោទប្រកាន់សាលាក្ដីខ្មែរក្រហមនេះថា លំអៀង គ្មានឯករាជ្យ និងរំលោភបំពានសិទ្ធិរបស់លោក។ ទន្ទឹមនឹងការចោទនេះ ជនជាប់ចោទក៏បង្គាប់មេធាវីឱ្យដកខ្លួនចេញពីសវនាការ ដែលធ្វើឱ្យអង្គជំនុំជម្រះតុលាការកំពូល ផ្អាកសវនាការមុនពេលកំណត់។
ជនជាប់ចោទ នួន ជាកាលណោះនៅក្នុងរង្វង់ក្រចកសេះបានលើកឡើងតាមន័យ ដើមថា៖ «ខ្ញុំឆ្លៀតយកឱកាសនេះ លើកឡើងអំពីការរំលោភដ៏ធ្ងន់ធ្ងរបំផុតមួយ គឺការបដិសេធរបស់អង្គជំនុំជម្រះសាលាដំបូង មិនកោះហៅសាក្សីរបស់ខ្ញុំ គឺលោក ហេង សំរិន។ លោក ហេង សំរិន គឺពិតជាសាក្សីសំខាន់ណាស់ សម្រាប់សវនាការលើកទីមួយរបស់ខ្ញុំ។ មេធាវីខ្ញុំបានស្នើសុំជាច្រើនដង ឱ្យកោះហៅគាត់មកធ្វើជាសាក្សីនៅគ្រប់ដំណើរការសវនាការ។ ក្នុងឋានៈជាមេបញ្ជាការកងកងវរសេនាធំ និងជាអនុមេបញ្ជាការរបស់កងពលមួយ ដែលដឹកនាំការជម្លៀសប្រជាជនចេញពីភ្នំពេញ លោក ហេង សំរិន ជាបុគ្គលសំខាន់មួយរូប ដែលនៅរស់រានមានជីវិត ដែលបានចូលរួមដោយផ្ទាល់ក្នុងការជម្លៀសប្រជាជន ដោយសារគាត់ជាបុគ្គលដៃស្ដាំរបស់ សោ ភឹម នៅក្នុងស្ថាប័នយោធារបស់ភូមិភាគបូព៌ា គាត់អាចផ្ដល់សក្ខីកម្មយ៉ាងទូលំទូលាយអំពីការជម្លៀសប្រជាជន»។
តែយ៉ាងណាមិញ លោកនួន ជា ក៏បាននិយាយបន្ថែមថា តុលាការកំពូលក៏បានបដិសេធការកោះហៅលោក ហេង សំរិន ដែលលោកស្នើសុំធ្វើជាសាក្សី ។ លោកបានប្រាប់មេធាវីរបស់លោកមិនឱ្យចូលរួមសវនាការលើបណ្ដឹងសាទុក្ខរបស់អង្គជំនុំជម្រះតុលាការកំពូលនោះដែរ។បន្ទាប់ពីអវត្តមានរបស់សហមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ទាំងមេធាវីជាតិ និងមេធាវីអន្តរជាតិ ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស៊្រីម ប្រកាសផ្អាកសវនាការ ហើយព្រមានចាត់វិធានការដាក់វិន័យ ចំពោះសហមេធាវីការពារក្ដីជនជាប់ចោទ នួន ជា។
មិនតែប៉ុណ្ណោះ លោក នួន ជាក៏ធ្លាប់ឱ្យមេធាវីអន្ដរជាតិរបស់លោក ដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០១១នេះប្រឆាំងទៅនឹងសម្ដេចនាយករដ្ឋមន្ដ្រី និងលោកជា ស៊ីម លោក ហោ ណាំហុង លោកគាត ឈុន លោកអ៊ុក ប៊ុនឈឿន លោកស៊ីមកា ។
សំណុំរឿង០០២គឺជាសំណុំរឿងរបស់អតីតមេដឹកនាំខ្មែរក្រហមពីរនាក់រួមមានលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងសំណុំរឿង០០២ គឺមានវគ្គ០១ ដែលជាការជំនុំជម្រះលើកទីមួយនៃការជំនុំ ជម្រះយ៉ាងតិចពីរ ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងនួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១គឺត្រូវបានផ្តោតសំខាន់ទៅលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
ចំណែកសំណុំរឿង ០០២/០២ គឺសំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា ដែលនឹងត្រូវជំនុំជម្រះទៅលើបទចោទបន្ថែមទៀត ពីដីកាដំណោះស្រាយក្នុងសំណុំរឿង ០០២ ពីបទអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។
អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជាឬ ហៅថាតុលាការកូនកាត់ត្រូវបានមេធាវី ការពារក្ដីលោកខៀវ សំផន និង លោកនួន ជា ថាជាតុលាការតុបតែង។តែតុលាការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ក្រោមកិច្ចព្រមព្រៀងនៃអង្គការសហប្រជាជាតិនិងកម្ពុជា៕