en     km
en     km

កម្មករកាត់ដេរជាង ៤០នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង

Share

អត្ថបទ៖ លោក កែវ សុខា និង កញ្ញា ច័ន្ទ លក្ខ័ណា

ស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកាត់ដេរជាង ៤០នាក់បានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែកក្តដានេះ។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមានកម្មករ និយោជិកសរុបចំនួន ៤៣នាក់រងរបួស ក្នុងនោះ ១៥នាក់រងរបួសធ្ងន់ និង ២៨នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុច ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ឧបទ្ទវហេតុនេះបង្កឡើងដោយសាររថយន្តដឹកមាន់បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកនឹងរថយន្តកម្មករនិយោជិកក្រឡាប់។

រូបភាពគ្រោះថ្នាក់ចរាចរកាលពីព្រឹកមិញ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលបានឲ្យដឹងថា មក ដល់ពេលនេះកម្មករនិយោជិកចំនួន ៣៨ នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងចំនួន ៤នាក់ទៀតបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ដោយឡែក កាលពីព្រឹកម្សិលមិញក៏មានគ្រោះថ្នាក់ចរាចរណ៏លើកម្មករកាត់ដេរនៅស្រុកស្វាយទាប ខេត្តស្វាយរៀងផងដែរ ដែលបង្កឲ្យកម្មករ ២ នាក់បានស្លាប់ និង ៣៣នាក់រងរបួស។

ទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសម្ដែងនូវក្ដីរន្ធត់ និងការតក់ស្លុត ហើយលោកស្នើដល់ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យនិងស្វែងរកយន្តការថ្មីបន្ថែមទៀត ក្រៅពីការរឹតបណ្តឹងច្បាប់ចរាចរណ៍។

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារឱ្យដឹង​ថា ក្នុងឆ្នាំ ២០១៨ មានគ្រោះ​ថ្នាក់​ផ្លូវគោកកើត​ឡើង​លើ​កម្មករ​និយោជិតមាន​ចំនួន ១៦៩២ ករណី មាន​ជន​រង​គ្រោះ ១ ៨៩៤ នាក់។ ចំណែកអ្នក​ស្លាប់​មានចំនួន ៤០ នាក់ និង​របួស​ធ្ងន់ ៣៤៩ នាក់ របួស​ស្រាល ១ ៥០៥ នាក់។

មូល​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍លើ​កម្មករ​និយោជិត​ក្នុង​ឆ្នាំ ២០១៨ ​ដោយសារ​ការបើកបរ​ហួស​ល្បឿន​កំណត់ ៤០%​ ការ​ជែង ២៤% ​មិន​គោរព​សិទ្ធិ​អាទិភាព​ ១៧%​ និង​បច្ចេកទេស​យានយន្ត ១៨%៕

Share

ព័ត៌មានទាក់ទង

Image