លោក Boris Johnson គឺជាបុគ្គលម្នាក់ដែលចង់ដឹកនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហើយក៏ជា បេក្ខជនម្នាក់ដែលទទួលបានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
លោកបានដឹកនាំយុទ្ធនាការឃោនា Brexit នៅឆ្នាំ២០១៦ ហើយសន្យារហូត មកទល់បច្ចុប្បន្នថា នឹងយកអង់គ្លេសចេញពីសហភាពអឺរ៉ុប ទោះជាមាន ឬមិនមាន កិច្ចព្រមព្រៀងជាមួយប្លុកអឺរ៉ុបនេះក៏ដោយ ខណៈកាលបរិច្ឆេទ Brexit នឹងផុត កំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ហើយនៅថ្ងៃអង្គារ ទី២៣ ខែកក្កដាម្សិលម្សិញនេះ លោក Boris Johnson បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយទទួលបានសំឡេងឆ្នោត ៩២១៥៣ សន្លឹក ទលនឹង ៤៦៦៥៦សន្លឹក។
តាមរយៈជ័យជម្នះនេះ លោក Johnson នឹងក្លាយទៅជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួសលោកស្រី Theresa May ដែលនឹងត្រូវលាលែងដំណែងនៅថ្ងៃពុធ ទី ២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។
មុនពេលធ្វើការបោះឆ្នោត លោកបានធ្វើការសន្យាថា លោកនឹងដឹកនាំចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប (Brexit) ហើយលោក Johnson នឹងឡើងចូលកាន់ដំណែងជា នាយករដ្ឋមន្រ្តីបន្ទាប់ពីលោកស្រី Theresa May។
ការប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់របស់លោក Jonhson នេះឯង បានបង្កឱ្យមានភាពល្អក់កករជាមួយលោកស្រី May និងសមាជិកបក្សអភិរក្សនិយមខ្លះដែលអះអាងថា ពួកគេនឹងលាលែងពីតំណែង បើលោក Johnson ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស។
លោក Boris Johnson កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦៤ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ក៏ប៉ុន្តែកាលពីឆ្នាំ២០១៦ លោក Johnson បានលាលែងចេញពីសញ្ជាតិអាមេរិកចូលជាសញ្ជាតិអង់គ្លេសវិញ។
លោក Johnson ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីសាលា
Eton College សាលា Balliol College និងសាកលវិទ្យាល័យ
Oxford ក្រោយមកលោកបានចាប់ផ្ដើមអាជីពដំបូងជា
អ្នកកាសែតបម្រើការងារឱ្យសារព័ត៌មាន Times of London រហូតដល់ត្រូវបានគេបណ្ដេញចេញពីតំណែងក្នុងឆ្នាំ
១៩៨៨ ដោយសារតែប្រឌិតសម្រង់សម្ដីមួយយកមកធ្វើការចុះផ្សាយ។
តែយ៉ាងណាក៏លោក Johnson មិនបានបោះបង់ចោលអាជីពជាអ្នកសែតឡើយ
គឺលោកនៅតែបន្តធ្វើជាអ្នករាយការណ៍ឱ្យសារព័ត៌មាន Telegraph ប្រចាំទីក្រុងព្រុចសែលចាប់ពីឆ្នាំ១៩៨៩
ដល់ឆ្នាំ១៩៩៤។
មកដល់ឆ្នាំ ២០០១ លោក Johnson បានក្លាយជាសមាជិកសភានៃគណបក្សអភិរក្សនិយម ហើយមកដល់ឆ្នាំ ២០០៨ លោកក៏បានជាប់ឆ្នោតជាអភិបាលទីក្រុងឡុងដ៍ និងបន្ទាប់មកលោកក៏ត្រូវបានលោកស្រី Theresa May តែងតាំជារដ្ឋមន្រ្តីការបរទេសអង់គ្លេសកាលពីឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០១៨ ហើយមកដល់ រយៈពេលចុងក្រោយនេះ លោកក៏ត្រូវឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រី Theresa May។
សូមជម្រាបថា លោក Johnson ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ក្រោយលោកស្រី May លាលែងចេញពីតំណែងជាផ្លូវការនៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ដោយលោកស្រីបន្សល់ទុកនូវបញ្ហាធំៗជាច្រើនដូចជា Brexit, ការបែកបាក់ផ្ទៃក្នុងបក្សអភិរក្ស និងភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិអង់គ្លេសជាដើម។
លើសពីនេះទៅទៀត ក្រៅតែពីបញ្ហាក្នុងប្រទេស អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស រូបនេះក៏នឹងត្រូវដោះស្រាយជាមួយអ៊ីរ៉ង់ផងដែរ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិ អង់គ្លេស ដោយកងកម្លាំងអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz កាលពីសុក្រសប្ដាហ៍មុន៕
ដោយ៖អ៊ំ ចន្ទលក្ខិណា