en     km
en     km

រដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់៖សង្គ្រាមអាចជៀសរួច ល្គឹកណាអង់គ្លេស និង​អាមេរិកដកទ័ពចេញពី ឈូងសមុទ្រពែក្ស

Share

នៅក្នុងបទសម្ភាសជាមួយបណ្ដាញផ្សាយព័ត៌មាន PBS News Hour  លោករដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ Javad Zarif បាននិយាយដោយទឹកមុខញញឹម ពព្រាយថា “គ្មានអ្វីដែលមិនអាចបញ្ចៀសបានទេ យើងជាមនុស្ស យើងជាអ្នកកសាងប្រវត្តិសាស្រ្ដ មនុស្សធ្វើអ្វីមានការប្រុងប្រយ័ត្ននូ​វផលប៉ះពាល់ណាស់ យើងអាចទប់ស្កាត់នូវសង្គ្រាមព្រោះថារាល់ការប្រឈមយោធា អាចនឹងបាត់បង់ជីវិតមនុស្ស ដូច្នេះហើយក្នុងនាមយើងជាមេដឹកនាំការទូតត្រូវតែ សម្ដែងឱ្យអស់ពីលទ្ធភាពពោលគឺវាត្រូវការការប្រុងប្រយ័ត្ន ការមើលលើចក្ខុវិស័យ ហើយមិនមែនលេងចរិតកូនក្មេងនោះទេ”។

ក្នុងបទសម្ភាសប្រមាណ២៥នាទី លោករដ្ឋមន្រ្ដីការបរទេស Javad Zarif ភ្លាមៗបានឆ្លើយសំណួរបដិសេធអំពីករណីអាមេរិកបាញ់ទម្លាក់យន្ដហោះដ្រូន ដោយលោកនិយាយញញឹមបែបហួសចិត្តថា អ៊ីរ៉ង់មិនមានបាត់ដ្រូន របស់ខ្លួនណាមួយទេ ប្រហែលជាអាមេរិកអាចច្រឡំបាញ់របស់ខ្លួនក៏ថាបាន។តែនៅពេលដែលអ្នកសារព័ត៌មានស្រ្ដីបានសួរដល់ភាពតានតឹងនៃសក្ដានុពលយោធាលើឈូងសមុទ្រពែក្សរវាងទីក្រុងវ៉ាស៊ីនតោន និង តេអេរ៉ង់ លោកបានឆ្លើយតបវិញថា អ្វីៗក៏អាចជៀសបានដែរ។

ការប្រឈមដាក់គ្នាជាចុងក្រោយរបស់ប្រទេសទាំងពីរគឺ បន្ទាប់ពីក្រុមឆ្មាំបដិវត្តន៍ឥស្លាម ប្រទេសអ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេងរបស់អង់គ្លេសនិងកាលពីមួយខែមុនក្រុមដដែលនេះបានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកដែលសង្ស័យថាមកឈ្លបការណ៍លើដែនអាកាសរបស់ខ្លួន។

លោករដ្ឋមន្រ្ដីបានឱ្យអនុសាសន៍ថ្លឹងថ្លែងថាតើនរណាមកបង្កាត់រឿងមុន គឺអាមេរិកសំដៅមកកាន់ឈូងសមុទ្រពែក្ស តែមើលអ៊ីរ៉ង់ទៅមើលតើអ៊ីរ៉ង់ ទៅដល់ឈូងសមុទ្រម៉ិចស៊ីកូឬ។លោកគូសបញ្ជាក់ថា អាមេរិកមិនគួរមករុករានអធិបតេយ្យភាពរបស់យើង គឺអធិបតេយ្យភាពសុចរិតនិងសុវត្ថិភាពឡើយ ដើម្បីបញ្ជៀសសង្គ្រាមនឹងតេអេរ៉ង់នោះ។មកទល់ពេលនេះលោកបានប្រាប់ថា អ៊ីរ៉ង់់មានការប្រជុំច្រើនដងហើយដើម្បីបញ្ចប់ភាពជាប់គាំងនេះ ហើយបើសិនណាអាមេរិក និង អឺរ៉ុបមិនបានបំពេញកាតព្វកិច្ចពួកគេបាន ពេញលេញក្នុងដំណោស្រាយនុយក្លេអ៊ែរក៏អ៊ីរ៉ង់គ្មានសិទ្ធិបន្ដចម្រាញ់សារធាតុអ៊ុយរ៉េញ៉ូម នេះបើតាមលក្ខន្ដិកៈក្នុងកិច្ចព្រមព្រៀងដែលថាបើភាគីម្ខាង មិនគោរពកាតព្វកិច្ចនោះភាគីម្ខាងទៀតអាចកាត់បន្ថយការប្ដេជ្ញាចិត្តរបស់ខ្លួនបាន។

លោកបានបន្ថែមទៀតថា រឿងកិច្ចព្រមព្រៀងគឺគ្មានភាគីណាម្ខាងខំតែឯកឯងបានទេ តែបែបណាក៏ដោយវាមិនមែនជាយុទ្ធសាស្រ្ដជាប្រយោជន៍សម្រាប់អ៊ីរ៉ង់ក្នុងការស្ថាបនាអាវុធនុយក្លេអ៊ែរឡើយ។

គេចាំបានថា លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំមុនបានជាប់ឆ្នោតលោកបាន ឌឺដងក្នុងយុទ្ធនាការណ៍ឃោសនារកសម្លេងឆ្នោតទៅលើភាពមិនហ៊ានរបស់ប្រធានាធិបតីអាណត្តិមុន ហើយកាលណោះលោកត្រាំ ថាលោកនឹងនាំអាមេរិកនឹងដើរចេញ ពីដំណោះស្រាយនុយក្លេអ៊ែរអ៊ីរ៉ង់។

ជុំវិញការដឹកប្រេងទៅកាន់ប្រទេសស៊ីរី ដែលជាទង្វើមួយរបស់អ៊ីរ៉ង់ត្រូវបានរងការ ចោទថាបំពានទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្ដរជាតិ លោកបានឆ្លើយតបអំពីភាព ត្រឹមត្រូវរបស់រដ្ឋាភិបាលស្របច្បាប់លោកបាល់ហ្សេ អាត់សាដ ដែលថាលោកអាសាដនឹងជម្រុញឱ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងប្រទេសរបស់លោក លោកជឿជាក់ថាពលរដ្ឋនឹងរសើបានប្រធានាធិបតីបន្ទាប់ដ៏ល្អ។ចំណែកការគាំទ្ររបស់អ៊ីរ៉ង់លើក្រុមស៊ីអីត នៅស៊ីរី និង អ៊ីរ៉ាក់ គឺខុសពីក្រុមសម្ព័ន្ធមិត្តអាមេរិកដែលកំពងុលើកកម្ពស់វិទ្ធង្សនា។ ដោយឡែកអំពីសង្គ្រាមឥតឈប់ឈរនៅយេម៉េនវិញ លោករដ្ឋមន្រ្ដីថាខ្លួនអ៊ីរ៉ង់ បានត្រៀមខ្លួនទៅជួបនឹងរាជាណាចក្រអារ៉ាប់អ៊ីមីរ៉េត អារ៉ាប់ប៊ីសាអូឌីត ដើម្បីចុះកតិកាសញ្ញាមិនឈ្លានពានមួយនឹងអារ៉ាប់ប៊ីសាអូឌីត ក្នុងន័យឱ្យតំបន់របស់យើងឈប់ពឹងផ្អែកលើសុវត្ថិភាពដែលទទួលបានពីសហរដ្ឋអាមេរិក។ជាចុងក្រោយក្នុងបទសម្ភាស គឺប្រតិភូអ៊ីរ៉ង់រូបនេះចោទថា អារ៉ាប់ប៊ីសាអូទីជាអ្នកបង្កភាពគំរាមកំហែងដល់សន្ដិភាពអន្ដរជាតិណាស់។

ជារួម លទ្ធភាពនៃសង្គ្រាមដែលពីមុនមកអាមេរិកតែងថាអាស្រ័យលើអ៊ីរ៉ង់នោះ ឥលូវនេះអ៊ីរ៉ង់ទោះឆ្លើយមិនចំយ៉ាងណា ក៏ដោយក៏អាចកាត់សេចក្ដីបានថា សង្គ្រាមអាចកើតមានឡើងបាន បើសិនណា អាមេរិក​និង​អង់គ្លេសមិនព្រមដកទ័ពចេញពីឈូងសមុទ្រពែក្ស៕

ដោយ៖​ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image