ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬ (Zero Package Tour) ចំនួន ៤ ត្រូវបានក្រសួងទេសចរណ៍ចាត់វិធានការឱ្យចេញសង់ប្រាក់ត្រឡប់ទៅអ្នកទេសចរណ៍វិញ ជាវិធានការរបស់ក្រសួងកាលពីឆ្នាំមុន។ ក្រុមហ៊ុនទាំង ៤ នោះក៏មានក្រុមហ៊ុនរបស់ចិនផងដែរ តែឆ្នាំ ២០១៩នេះក្រសួងរកពុំទាន់ឃើញឡើយ។
នេះបើយោងតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៨ កក្ដដានេះ។ លោក តុប សុភ័ត្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ឱ្យដឹង បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានព្រមានពីវិធានការមួយចំនួនដល់ក្រុមហ៊ុនZero Package Tour រួចមក ក្រសួងមិនទាន់រកឃើញមានក្រុមហ៊ុនបែបនេះធ្វើសកម្មភាពទៀតឡើយ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ ចាត់ទុកក្រុមហ៊ុនរកស៊ីបែប Zero Package Tour ជាមេរោគមួយបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ពិសេសធ្វើឱ្យភ្ញៀវទេសចរណ៍មិនចង់មកលេងកម្ពុជា ដែលក្រសួងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។
……….សូមស្តាប់ប្រសាសន៍លោក តុប សុភ័ត្ត………..
កន្លងមកក្រុមហ៊ុនដែលរកស៊ីបែប Zero Package Tour ខ្លះបានទិញសំបុត្រចូលទស្សនាអង្គរវត្តតម្លៃ ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃដល់អ្នកទេសចរណ៍ តែក្រុមហ៊ុនទាំងនោះបានភូតភរភ្ញៀវ ហើយនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃ។ ចំណែកថ្ងៃទី២ និងថ្ងៃទី៣ ពួកគេនាំភ្ញៀវទៅទស្សនាប្រាសាទបេងមាលា ១ថ្ងៃក្នុងតម្លៃតែ ៥ដុល្លារ និងប្រាសាទកោះកេរ ១ថ្ងៃតម្លៃ ១០ដុល្លារ ដោយយកចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។
ជាងនេះទៀតក្រុមហ៊ុនទាំងនោះបាននាំភ្ញៀវទៅទិញសម្ភារៈ និងគ្រឿងអនុវស្សាវរីយ៍ក្នុងតម្លៃថ្លៃ ហើយទំនិញខ្លះជាទំនិញក្លែងក្លាយ ដើម្បីប៉ះប៉ូវការខាតបង់ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថានេះជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន៕