សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា បានដាក់ទណ្ឌកម្មលើឧត្តមភូមាជាច្រើនរូប គឺក្នុងនោះមានទាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេង (Min Aung Hlaing) មបញ្ជាការង Soe Win និងថ្នាក់ដឹកនាំយោធាជាច្រើននាក់ទៀត ដោយហាមឃាត់ពួកគេ ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
តាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឧត្តមាសេនីយ៍ភូមាទាំងនេះ រងការដាក់ទណ្ឌកម្មនេះ ដោយសារពួកគេបញ្ជាឱ្យមាន ការវាយប្រហារ និងធ្វើទុក្ខបុកម្នេញទៅលើ់ជាតិសាសន៍ជនជាតិភាគតិច នៃសហគមន៍រ៉ូហ៊ីងយ៉ា។
មន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសថា វិធានការនេះ គឺជាការឆ្លើយតប ដែលពួកយោធាមិនបានធ្វើអោយប្រសើរឡើងវិញ ចំពោះ សិទិ្ធសេរីភាពរបស់សហគមន៍រ៉ូហ៊ីងយ៉ា។
កាលពីឆ្នាំ២០១៧ យោធាភូមាបានវាយ បង្រ្កាបទៅលើសហគមន៍រ៉ូហ៊ីងយ៉ា នៅ រដ្ឋ រ៉ាឃីន (Rakhine)។ ប្រតិបត្តិការយោធានេះ ត្រូវបានក្រុមឃ្លាំមើលអន្តរជាតិចោទ ថា បានបណ្ដាលឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បាត់បង់ជីវិត និង ជាង ៧៣០ពាន់នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ។
ដោយឡែកអ្នកជំនាញ UNផ្នែកសិទ្ធិមនុស្ស បានចាត់ទុកប្រតិបត្តិការយោធានេះថា មានចេតនាបោស សំអាតពូជសាសន៍រ៉ូហ៊ីងយ៉ា និងជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រុមអ្នកជំនាញនេះ បានកសាងសំណុំរឿង ដោយចោទ ពួកយោធាភូមាទាំងនោះ ពីបទប្រល័យពូជសាសន៍និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
ករណីនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជួបប្រជុំគ្នា ដើម្បី នាំពួកយោធា មកទទួលខុសត្រូវ រឿងនេះ ប៉ុន្តែ មិនអាចរកការ ថ្កោលទោសរួមគ្នាបានឡើយ ដោយសាតែ មានការ ជំទាស់ពីប្រទេសរុស្ស៊ី និងចិន ដែល ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ មានអំណាចក្នុងការបោះឆ្នោតវេតូ។ យ៉ាងណាក៏ដោយ មានតែលោកស្រីអ៊ុងសានសូជីម្នាក់គត់ មិនទទួលរងការថ្កោលទោស ខ្លាំងពីសំណាក់សហគមន៍អន្តរជាតិទាក់ទិននិងករណីនេះ ព្រោះលោកស្រី មិនមានអំណាចអ្វីលើពួកយោធានោះទេ៕