ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់ពេលវេលាការលួចនាំចូលកាកសំណល់សំរាមពីបរទេសនៅខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៩នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
បើតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា យ៉ាងហោចណាស់កាកសំណល់សំរាមចំនួន ៨៣ទូរកុងទឺន័រ ផ្ទុកដោយសំរាមហាមឃាត់ចំនួន ១៦០០តោនត្រូវបានសមត្ថកិច្ចពិនិត្យឃើញជាក់ស្តែងនៅក្នុងកំពង់ផែនខេត្តព្រះសីហនុ។

យ៉ាងណាសមត្ថកិច្ចពាក់ព័ន្ធកំពុងដុតដៃដុតជើងស៊ើបអង្កេតរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំរាមក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាប្រភពដើម ដើម្បីបញ្ជូលសំរាមទាំងនេះទៅទីតាំងដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុននាំចូលតាមច្បាប់។
បើតាមរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន សំរាមភាគច្រើនជាប្រភេទថង់ប្លាស្ទិចចាស់ៗដែលមិនអាចប្រើការបាន៕