តាកែវ៖ មន្ទីរពេទ្យភ្នែកតាកែវ បាននិងកំពុងផ្ដល់សេវាកម្មពិគ្រោះ និងវះកាត់ភ្នែកដោយឥតគិតថ្ងៃ រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែតុលា ឆ្នាំ២០១៥ ក្នុងពេលដែលមន្ទីរពេទ្រប្រារព្ធទិវាសុខភាពភ្នែកពិភពលោក (World Sight Day)។
ទិវាសុខភាពភ្នែកពិភពលោក (World Sight Day) ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែតុលា ឆ្នាំ២០១៥ នេះ នៅឯមន្ទីរពេទ្យភ្នែកតាកែវ ស្ថិតក្នុងខេត្តតាកែវ ក្រោមប្រធានបទ «សុខភាពភ្នែកសម្រាប់ទាំងអស់គ្នា» ឬ “I Care For All”។ ក្នុងថ្ងៃទី១ ពេលព្រឹក មានការរៀបចំពិធីអញ្ជើញចូលរួមពីដៃគូសហការ និងការបង្ហាញពីបញ្ហាសុខភាពភ្នែកដល់ប្រជាជន រួចដល់ពេលថៃ្ងនៃថ្ងៃទី១ និងថ្ងៃទី២ គឺជាការពិគ្រោះព្យាបានបញ្ហាភ្នែកឥតគិតថ្លៃជូនប្រជាជន។
បើតាម លោក តែ សេរីបុណ្យ ប្រធានកម្មវិធីរបស់អង្គការការីតាសនៃមន្ទីរពេទ្យភ្នែកតាកែវ បានមានប្រសាសន៍បង្ហាញពីគោលបំណងនៃការប្រារព្ធទិវានេះថា៖ «យើងចង់ផ្ដល់ជា message [សារ] ណាមួយ ដល់ប្រជាជនយើងឱ្យដឹងពីការថែទាំភ្នែកហ្នឹង ហើយឱ្យគាត់ យល់ពីការចូលរួមទៅលើសេវាកម្មផ្នែកសុខភាពភ្នែកហ្នឹង»។
លោកបន្តថា៖ «យើងធ្វើរឿងហ្នឹងជាមួយរដ្ឋាភិបាល ជាមួយអង្កការមិនមែនរដ្ឋាភិបាល ឬក៏ជាមួយនឹងបុគ្គលម្នាក់ៗ ឬក៏ គ្រួសារ ឱ្យគាត់ចូលរួមថែទាំសុខភាពភ្នែក មិនមែនកុំឱ្យគាត់គិតថាការថែទាំ ភ្នែកហ្នឹងគឺតែជាមួយ ក្រសួងសុខាភិបាល ឬ NGO ដែលធ្វើការខាងសុខភាពភ្នែកហ្នឹងដែលធ្វើការខាងហ្នឹងទេ តាមពិតគឺយើងចង់ឱ្យប្រជាជនម្នាក់ៗហ្នឹងគិតពីសុខភាពខ្លួនឯងតែម្ដង ចាប់ពីខ្លួនឯងទៅ គ្រួសារ សហគមន៍ នៅក្នុងប្រទេសយើង និងក្នុងពិភពលោកតែម្ដង»។
នេះជាការប្រារព្ធទិវាសុខភាពភ្នែកលើកទី៦ ហើយ ចាប់តាំងពីឆ្នាំ ២០១០ មក ដែលឆ្នាំនេះ លោក សេរីបុណ្យរំពឹងថាកម្មវិធីនេះនឹងអាចផ្ដល់សេវាកម្មជូនដល់ប្រជាជនប្រមាណ ៣០០ នាក់ ដែលក្នុងនោះអាចមានអ្នកជំងឺពី ១៥០ ទៅ ២០០ នាក់ សម្រាប់ការវះកាត់ក៏បាន។ ហើយទិវានេះ មិនត្រឹមតែមានរៀបចំធ្វើនៅមន្ទីរពេទ្យភ្នែកតាកែវនេះទេ តែក៏មានធ្វើនៅតាមមន្ទីរពេទ្យបង្អែកនានាខេត្តផ្សេងៗជាមួយកម្មវិធីជាតិសុខភាពភ្នែកផងដែរ។
លោក សេរីបុណ្យ ក៏បានសំណូមពរឱ្យប្រជាជនទាំងអស់ចាប់អារម្មណ៍គិតគូរពីបញ្ហាសុខភាពភ្នែកយើងម្នាក់ៗ ព្រោះភ្នែកជាសរីរាង្គមួយដ៏សំខាន់សម្រាប់ជីវិតរស់នៅរបស់យើង។ ហើយលោកក៏សំំណូមពរឱ្យរដ្ឋាភិបាលដាក់បញ្ចូលបញ្ហាកញ្ចប់ថវិកាជាតិផ្សេងៗទៅលើសេវាកម្មផ្នែកសុខភាពភ្នែកហ្នឹង ដើម្បីឱ្យសេវាកម្មនេះមាននៅគ្រប់ទិសទី ដែលប្រជាជនអាចប្រើប្រាស់សេវាហ្នឹងបាន។
ទិវាសុខភាពភ្នែកពិភពលោកនេះ គឺជាការរៀបចំជាសកលរៀងរាល់ឆ្នាំ ដែលជាទូទៅគេធ្វើនៅសប្ដាហ៍ទី២ ខែតុលា ដែលឆ្នាំនេះមានការផ្ដួចផ្ដើមរៀបចំធ្វើឡើងដោយអង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារបង្ការភាពពិការភ្នែកអន្តរជាតិ (IAPB) ហើយក៏មានការសហការជាមួយអង្កការការីតាសភ្នែក អង្គការបុត្រីមេត្តាករុណា ក្រុមហ៊ុនវ៉ែនតា eye care ក្រុមហ៊ុនថ្នាំ និងបណ្ដាអង្គការ-ក្រុមហ៊ុនមួយចំនួនផ្សេងទៀតផងដែរ។
សូមរំឭកថា មន្ទីរពេទ្យភ្នែកតាកែវចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ១៩៩៧ ដែលមានស្ថានិក ម្នាក់ឈ្មោះ Father John។ បើគិតមកដល់ពេលនេះមន្ទីរពេទ្យភ្នែកតាកែវបានទទួលអ្នកជំងឺភ្នែកប្រមាណ ៣០ ម៉ឺននាក់ហើយ ដែលផ្ដល់លើសេវាកម្មសំខាន់ ៣ គឺ ការពិគ្រោះព្យាបាលជំងឺភ្នែក ការវះកាត់ភ្នែក និងការកែកំហុសកំណុំភ្នែក៕