ភ្នំពេញ៖ នៅទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្មចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ។
សេចក្តីសម្រេចកម្រាស់ ៣ ទំព័របានកំណត់តួនាទីគណៈកម្មាធិការនេះ ឱ្យទទួលខុសត្រូវលើការរៀបចំនិងការអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងដីព្រៃឈើគ្រប់ប្រភេទ។
សមាជិកគណៈកម្មាធិការ តួនាទីត្រួតពិនិត្យ និងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោលបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬទុកធ្វើអាជីវកម្មបន្ត។ ក្នុងនោះសមាជិកត្រូវចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបឱ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធកាន់កាប់ដីព្រៃឈើគ្រប់ប្រភេទផងដែរ។ក្នុងសកម្មភាពទប់ស្កាត់ និងបង្រ្កាបការកាន់កាប់ដីព្រៃជាកម្មសិទ្ធិឯកជននេះ គណៈ កម្មាធិការត្រូវសហការជាអង្គការអន្តរជាតិ សហគមន៍អ្នកផ្តល់ជំនួយដើម្បីជំរុញនិងគាំទ្រការងារនេះ។ត្រូវសហការជាមួយអភិបាលខេត្តនីមួយៗ ហើយត្រូវធ្វើរបាយការណ៍ និងលើកអនុសាសន៍ជូនរាជរដ្ឋាភិបាលលើកការអនុវត្តផែនការនេះ។
សេចក្តីសម្រេចដែលបានធ្វើឡើងកាលពីខែមិថុនាឆ្នាំ ២០១៩ នេះត្រូវបានចេញផ្សាយតាមទំព័រហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃនេះ ដែលសមាសភាពក្នុងគណៈកម្មាធិការនេះ រួមមានរដ្ឋមន្រ្តីក្រសួងកសិកម្មជាប្រធាន និងមន្រ្តីក្រោមឱវាទមួយចំនួនទៀតជាសមាជិក។ការបង្ហាញសេចក្តីសម្រេចជាផ្លូវការនេះ ស្របពេលអង្គព្រះមហាក្សត្រកាលពីថ្ងៃទី០៩ កក្ដដាថ្មីៗនេះ ទ្រង់បានមានព្រះរាជឱង្ការក្នុងព្រះរាជពិធី «រុក្ខទិវា» ដោយអំពាវនាវដល់ជនរួមជាតិទាំងអស់ ជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។
ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះមានការផ្ទុះឡើងនៃចលនាការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។ ក្រសួងបរិស្ថានតាមរយៈអ្នកនាំពាក្យ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់ លើករណី ឈូសឆាយ កាប់ឆ្ការ រុករានទន្រ្ទានដីព្រៃរដ្ឋ ជៀសវាងប្រឈមមុខនឹងផ្លូវច្បាប់។អ្នកនាំពាក្យក្រសួងបរិស្ថាននៅគ្រានោះ បានលើកឡើងថា កន្លងទៅនេះមានក្រុមជនខិលខូចបាននិងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់ដោយយកដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួននិងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ។យ៉ាងណាសមត្ថកិច្ចពាក់ព័ន្ថកំពុងស្រាវជ្រាវរកមុខជនខិលខូត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕