ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រកាសទប់ស្កាត់ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះប្រតិបត្តិករទេសទាំងឡាយណាដែលនៅតែគគ្លើន បន្តសកម្មភាពអាជីវកម្មលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬ(Zero Package Tour)ទៀត។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បង្ហោះកាលពីរសៀលថ្ងៃទី១៤ កក្កដាមិ្សលមិញ។ ទាក់ទងរឿងនេះ សាធារណជនមួយចំនួនបានចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថា ក្រុមហ៊ុនដែលរកស៊ីបែបនេះភាគច្រើនជាក្រុមហ៊ុនរបស់ចិន។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
បន្ទាប់ពីរកឃើញថា នៅមានសកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ លោករដ្ឋមន្រ្តីទេសចរណ៍បានព្រមានទប់ស្កាត់ និងចាត់វិធានការម៉ឺងម៉ាត់ ដោយលោកប្រៀបប្រដូចក្រុមហ៊ុននិងប្រតិបត្តិករទេសចរណ៍ខិតខូចទាំងនោះថា ជាមេរោគបំផ្លាញវិស័យទេសចរណ៍កម្ពុជា។
ការប្រកបអាជីវកម្មបែប Zero Package Tour ពីសំណាក់ក្រុមហ៊ុន និងប្រតិបត្តិករទេសចរណ៍ សំដៅលើសកម្មភាពលក់កញ្ចប់ទស្សនកិច្ចនៅថ្លៃទាប ឬលក់ទាំងខាត ដោយក្រុមហ៊ុនឬប្រតិបត្តិករទេសចរណ៍ទាំងនោះតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ទិញទំនិញក្នុងតម្លៃខ្ពស់ ដើម្បីប៉ះប៉ូវការខាតបង់ទាំងនោះ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ចុងសប្ដាហ៍នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរកស៊ីបែប Zero Package Tour នេះក្រុមហ៊ុនទាំងនោះ បានរកស៊ីដោយមិនគិតចំណេញក្នុងកញ្ចប់ទេ តែពួកគេយកភ្ញៀវមកដើម្បីកាប់ស៊ីតាមរយៈការលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការក្លែងក្លាយ ទំនិញ និងសេវាកម្មអន់គុណភាព ដោយទទួលបានលុយក្រៅឬហៅថា Comission ច្រើនហួសហេតុពីម្ចាស់មូលដ្ឋានអាជីវកម្ម។
លោកបន្ថែមថា សកម្មភាពរកស៊ីបែបនេះ នាំឱ្យក្រុមហ៊ុនទេសចរណ៍ជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ខ្លះ ជំពាក់លុយម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍មិនសង ឬសងយឺតយ៉ាវជាមូលហេតុនាំឲ្យគុណភាពសេវាកម្មកាន់តែធ្លាក់ចុះ។ លោកថា កន្លងទៅមានសណ្ឋាគារ ភោជនីយដ្ឋានខ្លះត្រូវបិទទ្វារ ពីព្រោះក្រុមហ៊ុនអ្នករកស៊ី Zero Package Tour មិនសងលុយ ហើយរត់ចោលបាត់ស្រមោល។
ជាងនេះទៀតភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនទាំងនេះ មានការខាតបង់ និងខកចិត្តយ៉ាងខ្លាំង រហូតអ្នកទេសចរណ៍បរទេសខ្លះលែងចង់មកលេងកម្ពុជាលើកក្រោយទៀត។
កន្លងមកក្រុមហ៊ុនខ្លះទិញសំបុត្រចូលទស្សនាអង្គរវត្ត ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃ តែក្រុមហ៊ុនទាំងនោះបានភូតភរភ្ញៀវ ហើយនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃ។ ចំណែកថ្ងៃទី២ និងថ្ងៃទី៣ ពួកគេនាំភ្ញៀវទៅទស្សនាប្រាសាទបេងមាលា ១ថ្ងៃក្នុងតម្លៃតែ ៥ដុល្លារ និងប្រាសាទកោះកេរ ១ថ្ងៃតម្លៃ ១០ដុល្លារ។
ក្រុមហ៊ុនខិលខូចទាំងនោះ បានភូតភរទេសចរថា ប្រាសាទបេងមាលា និងប្រាសាទកោះកេរ ក៏ជាអង្គរវត្តដែរ ដោយយកបានចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។
បើតាមលោករដ្ឋមន្ត្រី នេះជាបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន។
ទាក់ទងក្នុងរឿងនេះសាធារណជនមួយចំនួនបានចូលទៅបញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ដោយអ្នកប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ សែម វាសនា(Veasna Sem) លើកឡើងថា ក្រុមហ៊ុនចិនសុទ្ធតែzero package។ ហាងលក់វត្ថុអនុស្សាវរីយ សូត្រ ត្បូងនៅផ្សារចាស់សុទ្ធតែក្លែងក្លាយ សូមឯកឧត្តមនឹងក្រសួងពាក់ព័ន្ធមានវិធានការណ៏ដើម្បីលើកកំពស់វិស័យទេសចរណ៍ផង។
ចំណែកហ្វេសប៊ុកឈ្មោះ នន់ ទេវីភា(Teviphea Nuon) សរសេរថា ក្រុមហ៊ុនទាំងនោះមិនមែនត្រឹម Zero Package Tour ទេ គឺថែមទាំងក្រោម Zero Tour Package (Minus Tour Pacakage) ទៀតផង…នេះគឺដោយសារការប្រកួតប្រជែងងាប់រស់របស់ក្រុមហ៊ុនធួរ (Tour) ធ្វើយ៉ាងណាអោយតែទទួលបានភ្ញៀវ សម្រាប់ចូលហាងលក់វត្ថុអនុស្សាវរីយ(Souvenir shop)។
ដោយឡែកមានគណនីហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិគាំទ្រចំពោះចំណាត់ការរបស់ក្រសួងទេសចរណ៍ផងដែរ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសហាមឃាត់យ៉ាងដាច់អហង្កាថា «កម្ពុជាមិនអនុញ្ញាឱ្យការីទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ណាមួយប្រកបអាជីវកម្មបែប Zero Package Tour ក្នុងវិស័យទេសចរណ៍ទៀតនោះឡើយ»។
ក្នុងឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងប្រទេសកម្ពុជា មានចំនួន ៦.២ លាននាក់ កើនជាង ១១ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ភ្ញៀវទេសចរជនជាតិចិន ឈរលំដាប់មុខគេបង្អស់ ដែលមានចំនួនប្រមាណ ១ លាន ៩សែននាក់ កើនឡើងជាង ៧០ភាគរយ។
ដោយឡែក ភ្ញៀវទេសចរណ៍បានទៅទស្សនាតំបន់សៀមរាប-អង្គរ មានចំនួន ៥ លាននាក់ ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាន ៥០ម៉ឺននាក់ផងដែរ៕