ក្រុងភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហើបឲ្យដឹងថាកម្ពុជាកំពុងគិតគូរកសាងនូវប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិក ដើម្បីឆ្លើយតបទៅនិងនិន្នាការសកលលោក។
គម្រោងនេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អីវតឹក បានធ្វើបទបង្ហាញឯកសារទស្សនទាន ស្តីពី «ការកសាងប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា» ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្រ្តីពាកព័ន្ធ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩។
លោករដ្ឋមន្រ្តីរូបនេះ បានធ្វើបទបង្ហាញអំពីការរៀបចំការងារ ដែលពាក់ព័ន្ធនឹងការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ដោយបានបង្ហាញនូវអភិក្រម នៃការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធដែលប្រទេសមួយចំនួន ដែលឈានមុខគេលើវិស័យនេះ ដូចជាសាធារណរដ្ឋកូរ៉េ សិង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
លោក ត្រាំង អ៉ីវតឹក បញ្ជាក់ថា ការកសាងរដ្ឋាភិបាលឌីជីថល ជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលអេឡិកត្រូនិក ការធ្វើផែនការតាមដំណាក់កាល ការរៀបចំគម្រោងរដ្ឋាភិបាលអេឡិកត្រូនិករបស់រាជរដ្ឋាភិបាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន។
កិច្ចប្រជុំបានពិភាក្សាលើការងារជាអាទិភាពនារយៈពេលខ្លី មធ្យម និងវែង ក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភមួយ ក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ដែលជាទិន្នាការសកល និងឈានទៅដល់ Smart Nation នាថ្ងៃអនាគត៕