en     km
en     km

សហជីព​យល់ព្រម​ទទួលយក​ប្រាក់ខែ​១៤០​ដុល្លារ​ តែ​ទាមទារ​លក្ខខណ្ឌ​១១​ចំណុច​

Share

garment-factory-cover
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី​២០​ តុលា​ម្សិលមិញ​ ក្រុម​សហជីព​ដែល​មិន​ទាន់​ពេញចិត្ត​លើ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​  បាន​សម្រេច​ទទួលយក​ការ​ការ​ដំឡើង​ប្រាក់ខែ​នោះ​ សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ សម្រាប់​ឆ្នាំ​២០១៦​។​ ក៏​ប៉ុន្តែ​ក្រុម​សហជីព​ទាំងនោះ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ និង​និយោជក​ ផ្តល់​នូវ​អត្ថប្រយោជន៍​១១​ចំណុច​ដល់​កម្មករ​ ។​

​ទីបំផុត​ទៅ​ សហជីព​បាន​យល់ព្រម​ទទួលយក​ការ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ តាម​ការ​សម្រេច​របស់​ក្រសួង​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយ​ពួក​គេ​ទាមទារ​លក្ខខណ្ឌ​១១​ចំណុច​បន្ថែម​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ តុលា​ម្សិលមិញ​ លោក​ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២១​ តុលា​នេះ​ថា​ សហជីព​បាន​ឯកភាព​គ្នា​ទទួលយក​ការ​ដំឡើង​ប្រាក់ខែ​គោល​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ប៉ុន្តែ​ក្រុម​សហជីព​ នឹង​ស្នើ​ឲ្យ​ផ្ដល់​អត្ថប្រយោជន៍​១១​ចំណុច​ថែម​ទៀត​ដល់​កម្មករ​ ។​

​លោក​បន្ត​ថា​ អត្ថប្រយោជន៍​ទាំង​១១​ចំណុច​ ដែល​ក្រុម​សហជីព​បាន​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ គឺ​សុទ្ធតែ​ជា​សំណើ​ដែល​រដ្ឋាភិបាល​ និង​និយោជក​មាន​លទ្ធភាព​ ក្នុង​ការ​ដោះស្រាយ​ ។​

​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​

ប្រសិនបើ​សំណើ​ទាំងនេះ​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ទេ​ នោះ​ក្រុម​សហជីព​នឹង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ទៅ​លើ​ចំណុច​ទាំង​អស់នេះ​ ។​ «​នេះ​ជា​សំណើរ​១១​ចំណុច​ដែល​ សហជីព​យើង​បាន​ឯកភាព​គ្នា​ ដោយសារ​តែ​យើង​មិន​រីករាយ​ក្នុង​ការ​តម្លើង​នេះ​ ដោយសារ​តែ​ការ​តម្លើង​នេះ​វា​អត់​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​រស់នៅ​របស់​កម្មករ​ប៉ុន្តែ​យើង​ក៏​យល់​ឃើញ​ថា​ យើង​សុខចិត្ត​បង្វែរ​ពី​ការ​ជម្រុញ​ឱ្យ​មានការ​តម្លើង​បន្ថែម​ ប៉ុន្តែ​យើង​សុំ​ឱ្យ​មានការ​ផ្តល់​ជា​អត្ថប្រយោជន៍​វា​ញ​។​»​លោក​ ប៉ាវ​ ស៊ី​ណា​បញ្ជាក់​បន្ថែម​។​

​វិទ្យុ​ស្ត្រី​នៃ​WMC​ បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ ប៉ុន្តែ​ទូរ​សព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​ ។​

​សូម​ជម្រាប​ថា​ អត្ថ​ប្រ​យោ​ជ​ទាំង​១១​ចំណុច​ដែល​ក្រុម​សហជីព​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​រួម​មាន​
១.​ ស្នើ​សុំ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ ឬ​ស្មើនឹង​១​ដុល្លារ​។​
២.​ ផ្តល់​កន្លែង​ស្នាក់​នៅ​ឱ្យ​បាន​សមរម្យ​ ឬ​ផ្តល់​ថ្លៃ​ធ្វើ​ដំណើរ​ ១៥​ដុល្លារ​ក្នុង​មួយ​ខែ​។​
៣.​ ស្នើរ​ឱ្យ​រដ្ឋាភិបាល​បន្ត​ទប់ស្កាត់​ការ​ឡើងថ្លៃ​ទំនិញ​ទីផ្សារ​ ជា​ពិសេស​តម្លៃ​ប្រេងសាំង​ អាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​កម្មករ​។​
៤.​ សូម​ឱ្យ​រដ្ឋាភិបាល​ពង្រីក​គម្រោង​បញ្ចុះតម្លៃ​អគ្គិសនី​ ទឹក​ភ្លើង​ និង​ផ្ទះ​ជួល​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​។​
៥.​ សូម​ឱ្យ​រដ្ឋាភិបាល​ និង​និយោជក​ដក​បណ្តឹង​ទាំងឡាយ​ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ​កន្លង​មក​ និង​ទទួលយក​ថ្នាក់ដឹកនាំ​ទាំងនោះ​ចូល​ធ្វើការ​វិញ​ រួម​ទាំង​ផ្តល់​ប្រាក់​រម្លឹក​ក្នុងអំឡុងពេល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពួក​គាត់​ពី​ការងារ​ ព្រមទាំង​បញ្ឈប់​ការ​រើសអើង​សេរីភាព​សហជីព​គ្រប់​ប្រភេទ​។​
៦.​ សូម​ឱ្យ​និយោជក​បញ្ឈប់​ការ​ប្រើប្រាស់​កិច្ចសន្យាការងារ​ខ្លីៗ​ ក្នុង​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​។​
៧.​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​និយោជក​ កុំឱ្យ​ធ្វើ​កិច្ចសន្យា​បន្ត​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​
៨.​ សូម​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សមាសភាព​ក្រុមប្រឹក្សា​ការងារ​ ឱ្យ​មាន​សំឡេង​ស្មើគ្នា​ពី​គ្រប់​ភាគី​ និង​បង្កើត​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​មួយ​។​
៩.​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​វិស័យ​ផ្សេងៗ​ទៀត​ ដូច​ជា​វិស័យ​ទេសចរណ៍​ សេវាកម្ម​ កសិកម្ម​ និង​សំណង់​ជាដើម​។​
១០.​ ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម​  ឱ្យ​គ្របដណ្តប់​ដល់​កម្មករ​និយោជក​ទាំងអស់​។​
​និង​ទី​១១.​ សូម​ឱ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ​ ដែល​មាន​លក្ខណៈ​ឯករាជ្យ​ឱ្យ​បាន​ឆាប់រហ័ស​ សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង