en     km
en     km

សមាជិកសភាប្រទេសផ្សេងៗកាន់តែច្រើនសន្យាអមដំណើរលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ

Share

ក្រុម​អ្នក​ប្រជាធិបតេយ្យ​សេរី​និយម បាន​ប្រកាស​គាំ​ទ្រនិងសន្យាអមដំណើរលោកសមរង្ស៊ី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញទោះបីស្ថានការណ៍នៅកម្ពុជាប្រឈមនឹងការតានតឹងប្រឆាំ​ង​វត្តមានលោកសមរង្ស៊ីក៏ដោយ។

ក្រុម​មេដឹកនាំ​នៃ​ចលនា​​​​សេរី​និយម​អន្តរជាតិ (Liberal Internationals)បាន ចេញសេចក្ដីថ្លែងការណ៍ដូចនេះ បន្ទាប់ពី បាន​ជួប​ប្រជុំ​ ​មួយ​នៅ​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ ដោយផ្តោតលើស្ថានភាព នៅកម្ពុជា និងការប្ដេចជ្ញាចិត្តរបស់លោកសមរង្ស៊ីវិលចូលកម្ពុជាវិញ។

សេចក្ដីថ្លែងការណ៍របស់អង្គការ​ចលនា​សេរីនិយម​អន្តរជាតិ បានចេញ ​បន្ទាន់​នេះ គឺ ការ​ឆ្លើយ​តប​នឹង​ស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា ដែលមើលឃើញថាជាការធ្វើអោយគ្រោះថ្នាក់លទ្ធិប្រេជាធិបតេយ្យបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ជាបក្សប្រឆាំងតែមួយគត់ត្រូវបានរំលាយការពីខែវិច្ឆិកាឆ្នាំ២០១៧។

ចលនា​សេរី​និយម​អន្តរ​ជាតិ ​នៃ ​អ្នក​ ​ប្រជាធិបតេយ្យ​សេរី​មក​ពី​ជុំ​វិញ​ពិភព​លោក​នោះ បាន​បង្ហាញ​ការ​គាំ​ទ្រដល់​ជំហរ​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ហើយ​ក៏​បាន​អំពាវ​នាវ​ទៅសមាជិក​នៃ​ចលនា ឲ្យ​អម​ដំណើរ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ផង​ដែរ។

អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូ សុខហួរ ដែល​បាន​ចូលរួម​វេទិកា​នោះ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម ថា ​មេដឹកនាំ​​​នៃ​បក្ស​ប្រជាធិបតេយ្យ​សេរី​និយម​មក​ពី​អង់គ្លេស ហូឡង់ កាណាដា ម៉ារ៉ុក និងអាហ្វ្រិក​ខាង​ត្បូង បាន​​បង្ហាញ​ជំហរ​គាំ​ទ្រ និង​ការ​ប្ដេជ្ញា​ចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី។

វីដេអូ​ឃ្លិបមួយ​បង្ហោះ​លើ​បណ្ដាញ​សង្គមTwitter គឺលោកស្រី Sal Brinton និង​សហការី​របស់លោកស្រី បានថ្លែង​គាំ​ទ្រ​ជំហរ​លោក សម រង្ស៊ី និង​ប្ដេជ្ញា​អម​ដំណើរ​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ។

លោកស្រី Sal Brinton បន្ដថា៖ «ខ្ញុំ និងសហការី​របស់ខ្ញុំនៅចក្រភពអង់គ្លេស នឹងឃ្លាំមើលដោយប្រុងប្រយ័ត្ន ហើយនឹងទៅកម្ពុជាជាមួយលោកសមរង្ស៊ី ដើម្បីគាំទ្រការធ្វើដំណើររបស់លោក»

សេចក្ដីថ្លែងការណ៍របស់ចលនា​សេរី​និយម​អន្តរ​ជាតិក៏បានទាមទារអោយរាជរដ្ឋាភិបាលទម្លាក់ចោលបទចោទ ប្រឆាំងលោកកឹមសុខា។

ប្រធាន​ចលនា​សេរី​និយម​អន្តរ​ជាតិ គឺលោកស្រី Hakima El Haite ដែល​ជា​អ្នក​នយោបាយ​ ​ពី​ប្រទេស​ម៉ារ៉ុក ក៏បង្ហាញការគាំទ្រ និងសន្យាអមដំណើរលោកសមរង្ស៊ីមក ប្រទេសកម្ពុជាវិញផងដែរតែលោកស្រីចង់ឃើញរដ្ឋាភិបាល ដោះលែងលោកកឹមសុខា។

ប្រសាសន៍របស់លោកស្រី Hakima El Haite មានសេចក្ដីដូចនេះថា៖ «មិត្តរបស់យើងគួរតែមានសេរីភាពត្រឡប់ទៅមាតុភូមិកំណើតវិញ ហើយលោក កឹម សុខា គួរតែត្រូវបានដោះលែង។ យើងនឹងអមដំណើរពួកគេ ហើយគាំទ្រពួកគេដោយផ្ទាល់»

តាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ គិតមកទល់ពេលនេះ មានសមាជិកសភាសហភាពអឺរ៉ុប និងសមាជិកសភាមកពីប្រទេសផ្សេងៗ​ចំនួន ១០រូបហើយ បាន ប្ដេជ្ញា​អមដំណើរលោកសមរង្ស៊ីត្រឡប់មកកម្ពុជាវិញ។

លោកស្រី មូ សុខហួរ មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនឹង​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​សេរី​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត ក្នុង​នោះ​មាន​ទាំង​តំបន់​អាស៊ាន​ផង​ដែរ ឲ្យ​គាំទ្រ​ និង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ថ្លែងនៅឯវេទីកាមួយនៅប្រទេសស្វិស សម្ដេចហ៊ុនសែន ប្រកាសឃាឃាំង សមាជិកសភាអន្តរជាតិ មិនអោយចូលកម្ពុជាដោយមិនផ្ដល់ទិដ្ឋាការ។ ប៉ុន្តែមួយថ្ងៃក្រោយមក ក្រសួងការបរទេសកម្ពុជាបានសម្ដែង​ការ​ខកចិត្ដចំពោះសមាជិកសភាអន្តរជាតិ ដែលបង្ហាញជំហរគាំទ្រចំពោះលោក សម រង្ស៊ី ដោយចាត់ទុកទង្វើរបស់សមាជិកសភាសហភាពអឺរ៉ុបថា គ្មានលក្ខណៈការទូត មិនគោរពអធិបតេយ្យភាព និងនីតិរដ្ឋរបស់កម្ពុជា។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានរំលឹកសមាជិកសភាអឺរ៉ុបអំពីច្បាប់អន្ដោប្រវេសន៍របស់កម្ពុជា ដែលតម្រូវឲ្យពួកគេគោរពតាមលក្ខខណ្ឌច្បាប់ គិតគូពីបញ្ហាសន្ដិសុខជាតិ និងផលវិបាកទាំងឡាយដែលកើតឡើងដោយសារតែការប្រើប្រាស់មធ្យោបាយខុសច្បាប់ ដើម្បីចូលមកកម្ពុជាដោយព្រមានមិនផ្ដល់ទិដ្ឋាការ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យស្រសួងការបរទេសកម្ពុជាបញ្ជាក់ដូចនេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចាំបាច់ត្រូវក្រើនរំលឹកដល់សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះអំពីច្បាប់អន្ដោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ ដែលចែងអំពីកាតព្វកិច្ចដែលត្រូវបំពេញមុនចូលប្រទេសកម្ពុជា ការអនុញ្ញាតឲ្យចូលត្រូវគិតគូពីសន្ដិសុខជាតិ និងផលវិបាកចំពោះការចូលដោយលបលាក់ បន្លំ ឬដោយមធ្យោបាយខុសច្បាប់ផ្សេងទៀត ដែលផ្ទុយនឹងច្បាប់ជាធរមានរបស់កម្ពុជា»

អ្នកសង្កេតការណ៍ និងអ្នកវិភាគ តែងតែព្រមានថា បើស្ថានការណ៍មួយមកដល់ហើយកាន់តែអាក្រក់ ដូចជាករណីលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ ហើយមានភាពចម្រូងចម្រាស់គ្រោះថ្នាក់ណាមួយគឺកម្ពុជាកាន់តែបាត់បង់តម្លៃការទូតលើឆាកអន្ដរជាតិហើយពេលនោះសហភាពអឺរ៉ុបនឹងសហរដ្ឋអាមេរិក នឹងចាត់វិធានការជាបន្ទាន់ដូចជាការដកត្រឡប់វិញប្រព័ន្ធអនុគ្រោះពន្ធ EBA និង ប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក GSP ។ ចាត់វិធាហើយផលវិបាកធ្លាក់មកលើពលរដ្ឋកម្ពុជាដែលក្រីក្រ ៕

Share

ព័ត៌មានទាក់ទង

Image