សម្ដេច ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៉ី បញ្ជូលគុកពេលមកដល់កម្ពុជា ចំណែកឯជនបរទេសណាដែលគ្មានទិដ្ឋាការ ហើយមកការពារលោកសមរង្ស៊ីគឺមិនឱ្យចូលកម្ពុជាដាច់ខាត។
សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន បានលើកឡើងនៅក្នុងឱកាសដែលសម្តេចបាន សំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ មកពីសហគមន៍ស្វីស ជាង១២០០នាក់ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
តែយ៉ាងណា សម្តេច ហ៊ុន សែន មិនជឿថា លោក សម រង្ស៉ី ហ៊ានចូលមកក្នុងប្រទេសកម្ពុជា ដូចដែលលោកបានប្រកាសនោះទេ។ ប៉ុន្តែសម្តេចបានប្រកាសជាមុនថា
«សម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែចាប់បញ្ចូលក្នុងពន្ធនាគារ នៅពេលណាដែលមានវត្តមាននៅកម្ពុជា ។ចំណែកឯជនបរទេសដែលអមដំណើរជាមួយដោយមិនមានទិដ្ឋាការអនុញ្ញាតនោះ គឺមិនអនុញ្ញាតឱ្យចូលមកកម្ពុជាដាច់ខាត»។
ក្នុងឱកាសនោះសម្តេច ក៏បានថ្លែងពន្យល់ថា សម្រាប់ពលរដ្ឋកម្ពុជាដែលចង់ចូលមកប្រទេសកម្ពុជា គឺជាសិទ្ធិហើយគ្មាននរណាហាមឃាត់ទេ ទៅពេលណាក៏បានដែរ។ សម្តេចបានបញ្ជាក់បន្តទៀតថា មិនមែនសម្តេចជាអ្នកកំណត់ឱ្យចូល ឬមិនឲ្យចូលនោះទេ ប៉ុន្តែអ្នកមានដីកាចាប់ខ្លួនត្រូវតែចូលគុក។ ចំណែកជនបរទេសចូលមកកម្ពុជាត្រូវសុំទិដ្ឋាការ បើមិនដូច្នេះមិនអនុញ្ញាតឱ្យចូលនោះទេ។ សម្តេច ក៏បានចោទទៅសួរក្រុមប្រឆាំងថា ហេតុអ្វីទៅចាប់សម្តេចស្រួលៗម្ល៉េះ។ សម្តេច បានផ្តាំថា កុំជឿអ្នកដែលជួយខ្លួនឯងមិនបាន។ សម្តេច បានថ្លែងថា ជួយខ្លួនឯងមិនបានផង តើទៅជួយនរណាបាន? សម្តេច ហ៊ុន សែន ក៏បានហៅលោក សម រង្ស៉ី ថាជាទណ្ឌិត នឹងជាមនុស្សភូតភរដើម្បីដូរបាយ។
យ៉ាងណា សមាជិកអចិន្ត្រៃយ៍បក្សយ៉ាងតិច ជិត១០នាក់ បូកនឹងជនបរទេសជាសមាជិកសភាអឺរ៉ុបជិត១០នាក់ត្រូវគេរំពឹងថានឹងអមដំណើរការពារលោកសមរង្ស៊ីវិលកម្ពុជាវិញ នៅរយះប៉ុន្មានខែទៀតនេះ។ អ្នកសង្កេតការណ៍ខ្លះ គិតថាបើលោកសមរង្ស៊ីវិលមកវិញ អាចមានដំណោះស្រាយ នៃជាប់គាំងនយោបាយ ហើយកម្ពុជានឹងមិនរបូតបាត់ប្រព័ន្ធអនុគ្រោះពន្ធEBAនោះទេ។
EBA មានតម្លៃជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ នៃតម្លៃពន្ធក្នុងការនាំទំនិញកម្ពុជាចូលទីផ្សារអឺរ៉ុប ប៉ុន្តែកម្ពុជា មិនជាប់កាតព្វកិច្ចដើម្បីបង់ពន្ធនេះទេព្រោះកម្ពុជាទទួលបានប្រព័ន្ធនេះ ដោយសារកម្ពុជាសន្យាជាមួយសហភាពអឺរ៉ុប ក្នុងការខិតខំពង្រឹងប្រជាធិបតេយ្យនិងសិទិ្ធមនុស្ស។ តែក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ សហភាពអឺរ៉ុបចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរដល់ចំណុចគ្រោះថ្នាក់៕