ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជាលោកសុខ ទូច អះអាងថា មកដល់ពេលនេះ ដំណើរការរុករកបង្គោលខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម បានជាង១០០គីឡូម៉ែត្រហើយ។ លោកសុខ ទូច បានប្រាប់ WMC បែបនេះ នៅថ្ងៃទី២១ខែកញ្ញានេះ។
លោកបានបញ្ជាក់ថា ការរុករកបង្គោលព្រំដែនចាស់ៗសល់ពីសម័យបារាំងនេះ នៅសល់ចម្ងាយដីជាង១៧០០គីឡូម៉ែត្រទៀត ប៉ុន្តែក្រុមរបស់លោកនៅមិនទាន់អាចបញ្ជាក់ពីចំនួនបង្គោលដែលបានរកឃើញនៅឡើយនោះទេ។ ដំណើរការរុករកបង្គោលព្រំដែនដែលបានអូសបន្លាយពេលយូរបែបនេះ ក៏ព្រោះតែក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមការងារជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារបង្គោលខ្លះបានលិចទឹក និងបង្គោលខ្លះនៅក្នុងព្រៃ ដែលមានសុទ្ធតែបន្លា។
តែទោះបីជាយ៉ាងនេះក្តី លោក សុខ ទូច បញ្ជក់ទៀតថា ក្រុមការងាររបស់លោកនឹងខិតខំបញ្ចប់ដំណើរការរុករកបង្គោលខ័ណ្ឌសីមាព្រំដែនកម្ពុជាវៀតណាមនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅ បាន។
សូមជម្រាបថា ការបញ្ជាក់របស់លោកសុខ ទូច ជុំវិញដំណើរការរុករកបង្គោលព្រំដែននេះ គឺបន្ទាប់ពីកម្ពុជា និងវៀតណាម ទើបតែបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា នាទីក្រុងហូជីមិញ ប្រទេស វៀតណាម ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើបញ្ហាមួយចំនួន រួមបញ្ចូលទាំងបញ្ហាបោះបង្គោលខណ្ឌសីមាព្រំដែនផង៕