ប្រធានាធិបតីរស្ស៊ី លោកផ្លាឌីមៀពូទីន បាននិយាយថាការពីថ្ងៃព្រស្បតិ៍ទី៦មីថុនាថា លោកបានទាត់សំណើមួយដែលសុំអោយលោកបញ្ជូនទ័ពទៅដាក់ពង្រាយនៅវេណេហ្សូអេឡាដើម្បីបង្កើនការពារលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។ តាមកាសែតអាមេរិក The Wall Street Journal ចុះផ្សាយនៅថ្ងៃសុក្រទី៧មីថុនានេះថា លោកពូទីនបានថ្លែងដូចនេះ នៅទីក្រុង St Petersburg ដែលនៅទីនោះ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ តែយ៉ាងណា លោកព្រមានពីការលុកលុយដោយអន្តរាគមន៍កងទ័ពរបស់អាមេរិក។
លោកថាបើករណីនេះផ្ទុះឡើងគឺវេណេហ្សូអេឡានឹងវិនាសធ្ងន់ធ្ងរណាស់។ លោកពូទីនបានបញ្ចេញទស្សនៈដើមរបស់លោកដូចនេះថា៖«សូមជម្រាបថា យើងមិនត្រូវស្ថាបនាមូលដ្ឋានកងទ័ពរុស្ស៊ី នៅវេណេហ្សូអេឡានោះទេហើយយើងក៏មិនចាំបាច់អីបញ្ជូនទ័ពទៅកាន់ប្រទេសនោះដែរ។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ លោក ដូណាល់ត្រាំប្រធានាធិបតីអាមេរិក បានសរសេរលើ ទ្វីតធើរបស់លោកថា រុស្ស៊ីបានដកកងទ័ពរបស់ខ្លួននិងជនស៊ីវិល សរុប១០០០នាក់ត្រឡប់ទៅវិញ។ តែនៅថ្ងៃនេះ លោកពូទីន បានបញ្ជាក់ថា អ្នកជំនាញការរបស់រុស្ស៊ីនៅតែរក្សាទុកនិងត្រូវបញ្ជូនថែមទៀតទៅវេណេហ្សូអេឡា។ រុស្ស៊ីគឺជាខ្នងបង្អែកដ៏ខ្លាំងនៃរបបលោកម៉ាឌូរ៉ូ។ ប្រទេសមហាអំណាចនេះបានការពាររបបនៃប្រទេសមួយហែកហួរដោយហិង្សានយោបាយ និងវិបត្តិសេដ្ឋកិច្ចនេះ តាំងពីសម័យសង្រ្គាមត្រជាក់មកម្លេះ។ តែពេលនេះរុស្ស៊ីកំពុងតែប្រឈមនឹងការឯការដោយរបបលោកម៉ាឌូរ៉ូកំពុងបាត់បង់នឹងការបាត់បង់ការគាំទ្រលើឆាកអន្តរជាតិជាខ្លាំង។
គិតមកដល់ពេលនេះ លោកជួនកៃដូមេដឹកនាំបក្សប្រឆាំងដែលអាមេរិកគាំទ្រជាប្រមុខរដ្ឋស្ដីទីប្រទេសវេណេហ្សូអេឡា ទទួលបានការគាំទ្រជាង៥០ប្រទេស ហើយសិទ្ធតែជាប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោក គឺមានទាំងជប៉ុនកាណាដា និងប្រទេសនៃសមាជិកសហភាពអឺរ៉ុប។ យ៉ាងណា ស្របដែលលោក ពូទីនមិនសម្រេចបញ្ជូនកងទ័ពទៅជួយការពាររបបលោកម៉ាឌូរ៉ូ គឺមេដឹកនាំរុស្ស៊ីរូបនេះបានហៅប្រទេស ដែលគាំទ្រលោកជួនកៃដូថា ជាក្រុមឆ្កួត។ លោកពូទីនចោទថា ការដាក់ទណ្ឌកម្មរបស់អាមេរិកលើរបបលោកម៉ាឌូរ៉ូ គឺកាន់តែធ្វើពលក្រីក្រសាមមញ្ញរបស់ប្រទេសនេះ ជួបទុក្ខវេទនាថែមទៀត។
តែទស្សនៈនេះ ហាក់ផ្ទុយនឹង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ តាម ការចុះផ្សាយរបស់គេហទំព័រBreitbart.com លោក Sergei Lavrov បានធ្វើការសន្ទនាគា្នរួចហើយជាមួយ មេបក្សប្រឆាំងជួនកៃដូ។ ក្នុងកិច្ចសន្ទនាគ្នានោះ លោករដ្ឋមន្ត្រីស្នើឱ្យលោកជួនកៃដូបន្តអោយមានប្រតិភូមកចរចាជាមួយក្រុមលោកម៉ាឌូរ៉ូបន្តទៀត។
តាមប្រភពដដែលនេះ លោក Lavrov បានអះអាងថាក្រុងម៉ូស្គូគឺជាអ្នកដើរតួនាទីសំខាន់ អាចធ្វើអោយមានដំណោះស្រាយនៅវេណេហ្សូអេឡា។ ជាការពិតការចរចារវាងប្រតិភូនៃគណបក្សប្រឆាំងនិងបក្សកាន់អំណាចបានធ្វើពីរលើកមកហើយនៅប្រទេសណ័វេស ប៉ុន្តែពុំមានលទ្ធផលអ្វីឡើយ ដោយសារតែក្រុមប្រឆាំងទាមទារអោយដាក់របៀបវារៈអំពីការចុះចេញពីអំណាចរបស់លោកម៉ាឌូរ៉ូ។ តែរឿងនេះមិនត្រឹមតែរុស្ស៊ីនោះទេ កំពុងដើរតួនាទីជាអ្នកសម្របសម្រួលចំពោះវិបត្តិនៅវេណេហ្សូអេឡា គឺប្រទេសចិន ដែលកំពុងព្រួយបារម្ភរឿងបាត់ប្រាក់រាប់ពាន់លានដុល្លារដោយសាររបបលោកម៉ាឌូរ៉ូខ្ចី ក៏ជំរុញអោយសហភាពអឺរ៉ុបជួយរកដំណោះស្រាយដែរ។ យ៉ាងនេះក្ដី សហរដ្ឋអាមេរិកខ្នងបង្អែករបស់លោកជួនកៃដូ បានប្រកាសថា ការចរចាត្រូវតែលើកឡើងអំពីពេលវេលាលោកម៉ាឌូរ៉ូចុះចេញពីអំណាច៕