ភ្នំពេញ៖ ចាស់បុរាណ បានបន្សល់ទុកពាក្យមួយឃ្លា ដែលមានអត្ថន័យខ្លឹមសារល្អប្រសើរ សំរាប់អប់រំទូន្មានកូនប្រុសស្រីខ្មែរ កុំអោយធ្វើអំពើឆ្គាំឆ្គង ប្រាសចាកពីច្បាប់ទំលាប់ប្រពៃណី កុំបណ្តោយខ្លួនអោយជ្រុលជ្រួស ហួសខុសពីប្រពៃណី ជាដើម ។ ពាក្យនោះគឺបានសេចក្ដីថា «ទុំមុនស្រកៀល» ។ តើទុំមុនស្រកៀលមានន័យដូចម្ដេច កើតឡើងដោយសារអ្វី ហើយមានផលប៉ះពាល់អ្វីខ្លះ ? សូមស្ដាប់ការពន្យល់បកស្រាយពីលោក សោម លាភដូចតទៅ៖
មនុស្ស សត្វ រុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះ តែងតែមានការរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់អោយទីទៃៗពីគ្នា ហើយការរីកលូតលាស់ដុះដាលនេះ ទាល់តែត្រូវតាមលក្ខណៈ និងតំណាក់កាលរបស់វាទើបជាការប្រសើរ ។
ជាក់ស្ដែង មានពាក្យមួយឃ្លារបស់ចាស់បុរាណខ្មែរ បានពោលថា «ទុំមុនស្រកៀល» ។ ពាក្យថា ទុំ គឺសំដៅលើផែ្លរុក្ខជាតិដែលវិវត្តន៍ ពីខ្ចី ចាស់ និងស្រគាល ទើបក្លាយជាទុំ អាចយកមកប្រើប្រាស់ ឬអាចបន្តពូជក្នុងការដាំដុះបាន ។ ឯពាក្យថា ស្រកៀល គឺសំដៅលើផែ្លរុក្ខជាតិទាំងឡាយ ដែលលើសពីភាពចាស់ តែមិនទាន់ទុំ ។ ដើម្បីដល់ទុំ ផ្លែឈើទាំងឡាយត្រូវឆ្លងកាត់ ភាពស្រគាល ឬហៅថា ទុំស្ទើៗជាមុនសិន ។
ដូចនេះ ពាក្យថា ទុំមុនស្រកៀលនេះ មានន័យថា គ្រប់ផ្លែឈើត្រូវលួតលាស់ ពីក្តឹបទៅចាស់ បន្ទាប់មកទុំមិនទាន់ល្អ ដែលហៅថា ស្រកៀល រួចក៏ក្លាយទៅជាទុំសុះសាច់ល្អ ។
បែបនេះក្ដី ចាស់បុរាណខ្មែរ មិនមែនសង្កត់ន័យតែប៉ុណ្ណោះនោះទេ ពោលគឺលោកនៅមានភ្ជាប់ទៅដោយអត្តន័យដែលផ្ទុយពីនេះ ដែលជាការធៀបទៅនឹងន័យផ្សេង ។
ផ្ដើមចេញពីកម្មវិធីសម្លេងនៃក្ដីសង្ឃឹម របស់វិទ្យុស្រ្តី កាលពីថ្ងៃសុក្រទី ១០ កញ្ញា ស៊ីង យី បុគ្គលិកអង្គការតម្លៃស្ត្រី ធ្វើការទាក់ទងទៅនឹងការបណ្ដុះបណ្ដាលលើការពង្រឹងសិទ្ធិអំណាច មានប្រសាសន៍ថា ពាក្យថាទុំមុនស្រកៀល គឺគេប្រៀបធៀបទៅនឹងកូនប្រុសស្រី ដែលបានរំលងនូវប្រពៃណីណាមួយ ។ កញ្ញាលើកជាឧទាហរណ៍ថា ប្រពៃណីខ្មែរ គឺតម្រូវឱ្យមនុស្សពីរនាក់ស្រីប្រុស មុននឹងអាចរស់នៅជាមួយគ្នាបាន លុះត្រាតែមានការភ្ជាប់ពាក្យ ស្ដីដណ្ដឹង និងរៀបអាពាហ៍ពិពាហ៍ជាមុនសិន ។
កញ្ញាថា កាលណាមានអំពើទុំមុនស្រកៀលនេះ បន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើស្រ្តីភាគច្រើន ។
កញ្ញា ស៊ីង យី ថា ការប្រកាន់ខ្ជាប់ រួមទាំងមិនចង់ឱ្យមានការប្រព្រឹត្តអំពើដែលគេហៅថាទុំមុនស្រកៀល ពោលគឺមិនរំលងប្រពៃណីនោះ គឺដោយសារចង់ឱ្យបុរសទាំងអស់ ឱ្យតម្លៃទៅលើស្រ្តី ដើម្បីឱ្យស្ត្រីគេចផុតពីការមាក់ងាយពីសង្គម ។
កញ្ញា បន្ថែមថា មូលហេតុដែលនាំឱ្យមានសកម្មភាពរំលងប្រពៃណីនេះ គឺដោយសារកត្តាលួងលោម របស់បុរស រួមទាំងបញ្ហាចំណេះដឹងរបស់ស្ត្រី ។
កញ្ញាលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ ឱ្យតម្លៃ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅលើប្រពៃណី ទំនៀមទម្លាប់ បើទោះបីជាប្រទេសមានការអភិវឌ្ឍដល់ណាក្ដី ដើម្បីឱ្យពិភពលោកស្គាល់អរិយធម៌ វប្បធម៌ និងប្រពៃណីកម្ពុជាឱ្យបានច្រើន ។ កញ្ញាថា ការណ៍នេះ ក៏អាចបណ្ដាលឱ្យនារីរកស៊ីពេលយប់ផងដែរ ។
បន្ថែមពីលើនេះ លោក ឈឿន វិច្ឆិកា ជាអ្នកសម្របសម្រួលគម្រោង របស់អង្គការតម្លៃស្ត្រី មានប្រសាសន៍ថា កត្តាដែលនាំឱ្យមានការរំលងប្រពៃណី និងទំនៀមទម្លាប់ល្អនោះ គឺដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាលើការទំនាក់ទំនង, ការមិនបានយកចិត្តទុកដាក់ពីឳពុកម្ដាយ ។
លោកបន្ថែមថា ដើម្បីកាត់បន្ថយសកម្មភាពរំលងប្រពៃណីនេះបាន លុះត្រាមានការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋទាំងអស់អំពីផលវិបាកដោយសារអំពើរបែបនេះ ។
លោក វណ្ណារិទ្ធ រស់នៅខ័ណ្ឌចំការមន មានប្រសាសន៍តាមរយៈទូស័ព្ទក្នុងកម្មវិធីនេះថា វប្បធម៌ទុំមុនស្រកៀល គឺជាពុំនោលរបស់មនុស្សចាស់ជំនាន់មុន បន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ ។
លោក វណ្ណារិទ្ធលើកទឹកចិត្តឱ្យមនុស្សទាំងអស់គ្នា កុំប្រកាន់ចំពោះបុគ្គលដែលធ្លាប់បានប្រព្រឹត្តអំពើទុំមុនស្រកៀលនេះ ។
លោក ភក្ត្រា រស់នៅខេត្តត្បូងឃ្មុំ មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ ដោយសំណូមពរឱ្យយុវវ័យទាំងអស់ មុនធ្វើអ្វីៗត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រយ ហើយត្រូវមានការទទួលខុសត្រូវ ។
ដោយឡែក លោក លាង ហូន បង្ហាញការស្រាវជ្រាវរបស់ខ្លួនថា ការរស់នៅជាមួយគ្នា ដោយពុំមានមង្គលការ តាមប្រពៃណី និងទទួលស្គាល់តាមផ្លូវច្បាប់ គឺមានដល់ទៅប្រមាណ ៧០ % ដែលបែកបាក់គ្នាវិញ ។
នៅក្នុងអក្សរសិល្បខ្មែរ រឿងទុំទាវ របស់អ្នកនិពន្ធឈ្មោះ ព្រះភិក្ខុសោម បានបង្ហាញអោយឃើញថា ទុំបានប្រព្រឹត្តិអំពើខុសឆ្គង ព្រោះខ្លួនជាសង្ឃ ហ៊ានមានចិត្តស្នេហាងុបងុលទៅលើនាងទាវ និងលួចសឹកតែម្នាក់ឯងនៅក្បែរដំបូក ដើម្បីមកជួបទាវ ។ ឯទាវវិញ ខ្លួនជាស្រីក្រមុំ បែជាហ៊ានបំពានប្រពៃណីបង្កើតនូវសេចក្តីស្នេហាជាមួយទុំ ទោះជាអ្នកទាំងពីរស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ។ យ៉ាងណា សេចក្តីស្នេហានេះត្រូវបានរំខានដោយយាយផាន់ ព្រោះជារឿងខុសនឹងច្បាប់ស្រី និងជាការមិនពេញចិត្តរបស់ខ្លួនផង។
ជាចុងក្រោយស្នេហាទុំមុនស្រគាល មួយគូនេះត្រូវទទួលរងសេចក្តីវិនាស អន្តរាយទាំងស្រុង ៕