en     km
en     km

អតីត CNRP៖ មានតែសម្ដេច ហ៊ុន សែន តែម្នាក់គត់អាចបញ្ចៀសការបាត់បង់EBA

Share

ភ្នំពេញ៖ អតីតគណបក្សសង្គ្រោះជាតិ បានបានចេញលិខិតមួយច្បាប់ដែលមានកម្រាស់៣ ទំព័រ ស្នើឱ្យសម្ដេច​ ហ៊ុន សែន ចាំបាច់ត្រូវតែលៃលកដោះស្រាយភាពខ្វះចន្លោះរបស់ខ្លួនលើបញ្ហាមួយចំនួនដើម្បីរក្សាឱ្យបាននៅការអនុគ្រោះពន្ធនាំទំនិញចូលទៅសហភាពអឺរ៉ុប ។ លិខិតដដែលបញ្ជាក់ថា មានតែសម្ដេច ហ៊ុន សែន តែម្នាក់គត់ដែលអាចដោះស្រាយបញ្ហានេះបាន ។

រាយការណ៍ដោយ លោ​ក សោម លាភ

លិខិតចំហនេះត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសបុកតាមរយៈទំព័រហ្វេសបុករបស់លោក អេង ឆៃអៀង អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ៦ មិថុនា ឆ្នាំ​២០១៩ ។
លិខិតនោះដដែលមានចំណងជើងថា គណបក្សសង្រ្គោះជាតិ ស្វាគមន៍ដំណើរបេសកកម្មស្វែងរកការពិតលើកទីពីររបស់គណៈប្រតិភូនៃគណៈកម្មការអឺរ៉ុបនៅកម្ពុជាចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៩ ។
អតីតគណបក្សប្រឆាំងមួយនេះបញ្ជាក់ថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការអឺរ៉ុបនេះ គឺកំពុងប្រព្រឹត្តទៅនៅក្នុងបរិបទនៃប្រទេសកម្ពុជាមានការគៀបសង្កត់ និងធ្វើទុកបុកម្នេញផ្នែកនយោបាយ ដែលមិនធ្លាប់មានក្នុងរយៈពេល៣ ទសវត្សចុងក្រោយនេះ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរនៅតែបន្តចង់បានលទ្ធិប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ។ យ៉ាងណាដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ​គណបក្សនេះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែលៃលកដោះស្រាយ ភាពខ្វះចន្លោះរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងប្រទេសកម្ពុជា ដើម្បីរក្សាការទទួលបានសិទ្ធិ ពិសេសការនាំចូលទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុប ។
អតីតគណបក្សនេះថា កម្ពុជានឹងជួបផលវិបាកខ្លាំងបើប្រទេសនេះបាត់បង់ការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុបដែលជាទីផ្សារធំជាងគេ ក្នុងការនាំចូលទំនិញកាត់ និងវាយនភ័ន្ត ។ ក្នុងករណីនេះមានតែនាយករដ្ឋមន្ត្រីកម្ពុជាតែម្នាក់គត់ ដែលអាចបញ្ចៀសនូវការបាត់បង់ឱកាសនេះបាន ។
គណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយនេះ បង្ហាញថា ដើម្បីធានាឱ្យបាននូវការបន្តទទួលបានការអនុគ្រោះពន្ធ គឺគណបក្សប្រជាជនកម្ពុជា ត្រូវតែផ្លាស់ប្ដូរនយោបាយបច្ចុប្បន្ន និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងអំពីការដែលមិនខ្វល់ចំពោះការបាត់បង់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះទេ ព្រោះមានទីផ្សារជាច្រើនទៀតដែលកម្ពុជាអាចនាំចូល ជាពិសេសគឺប្រទេសចិន និងប្រទេសវៀតណាម ដែលជាប្រទេសសង្គមនិយម ។ សមាជិករាជរដ្ឋាភិបាលកម្ពុជាតែងតែចេញមុខការពារចិន និងវៀតណាជារឿយៗ ជាក់ស្ដែង រឿងសេចក្ដីថ្លែងការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីជុំវិញករណីវៀតណាមកម្ពុជាក្រោយរបបខ្មែរក្រហម ។
លិខិតរបស់អតីតគណបក្សបញ្ជាក់ថា ក្នុងនាមជាប្រជាជាតិមួយ មិនត្រូវស្វែងរកការជំនួសដៃគូដែលធ្លាប់មាននោះទេ តែត្រូវខំស្វែងរក ពង្រីក និងពង្រឹងដៃគូបន្ថែមទៀតដើម្បីអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ។
បើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្ដី អតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ពីជំហរបស់ខ្លួនជាថ្មីម្ដងទៀត ក្នុងការចូលរួមដើម្បីជាការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជាដែលចង់បានការរួមសាមគ្គីជុំវិញតម្លៃជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយកិច្ចសន្ទនាចរចានយោបាយណាមួយ ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសម្ដងហើយម្ដងទៀតថា មិនខ្វល់ពីការបាត់បង់ការអនុគ្រោះពន្ធទៅសហភាពអឺរ៉ុបឡើយ ព្រោះមិនមានការអនុគ្រោះពន្ធកម្ពុជាអាចរស់ដោយខ្លួនឯងដោយភាពថ្លៃថ្នូរ ។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៦ មិថុនាម្សិលមិញ ប្រមុខការទូតកម្ពុជាបញ្ជាក់ទៅសហភាពអឺរ៉ុបថា​ កម្ពុជានឹងធ្វើយ៉ាងណាមិនឱ្យបាត់បង់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះទេ ។
លោកសម រង្ស៊ី សរសេរក្នុងទំព័រហ្វេសបុកខ្លួននៅថ្ងៃទី ៦ មិថុនានេះថា ប្រជាពលរដ្ឋខ្មែរយល់ព្រម និងត្រៀមខ្លួន ប្រឈមការលំបាកខ្លះថែមទៀតក្នុងរយៈពេលមួយដ៏ខ្លី ដោយគិតពីអនាគតវែងឆ្ងាយ ហើយយល់ឃើញថា មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលអាចធានាអនាគតមួយដ៏រុងរឿងប្រជាជាតិមួយនេះ ។
អ្នកវិភាគថា នៅពាក់កណ្ដាលខែសីហានេះ សហភាពអឺរ៉ុប នឹងចាប់ផ្ដើមចាត់វិធានការលើការការអនុគ្រោះពន្ធហើយ ហើយកិច្ចសន្ទនានានារវាងកម្ពុជានិងសហភាពអឺរ៉ុបលើករណីនេះ អាចនឹងមិនមានទៀតទេ ៕

Share

ព័ត៌មានទាក់ទង

Image