en     km
en     km

សម្ដេច ហ៊ុន សែនថា ៩មិថុនា កម្ពុជាទទួលទាននំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី ៩ ខែមិថុន ឆ្នាំ ២០១៩ កម្ពុជានឹងមានព្រឹត្តិការណ៍ពិសារនំបញ្ចុកសាមគ្គី និងឯកភាពជាតិ តែការណ៍នេះមិនមែនសញ្ញាណនៃការចរចានយោបាយនោះទេ ។ យ៉ាងណា លោក សម រង្ស៊ីថា ជាការល្អ ដែលសម្ដេច ហ៊ុន សែន ប្រកាសឱ្យមានការទទួលទាននំបញ្ចុករួមគ្នានៃប្រជាជនខ្មែរដោយមិនប្រកាន់និន្នាការបក្សនយោបាយបែបនេះ ។ អ្នកវិភាគថា នេះជាសញ្ញាណល្អសម្រាប់នយោបាយកម្ពុជា ។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះធ្វើឡើងក្នុងឱកាសពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត នៅកោះពេជ្យ ថ្ងៃទី ៦ មិថុនា ។

នាឱកាសនោះដដែល សម្តេច ហ៊ុន សែន ក៏បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យពិសារនំបញ្ចុកទាំងអស់គ្នា ជាពិសេសនៅតាមទីវត្តអារាម ក៏ត្រូវមានការរៀបចំចង្ហាន់នំបញ្ចុកប្រគេនព្រះសង្ឃ ។

សម្ដេច ក៏សូមឱ្យខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនា ចូលរួមពិសារនំបញ្ចុកទាំងអស់គ្នាផងដែរ ។

សម្ដេចថា ការពិសារនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏សុំឱ្យម្ចាស់ផ្ទះជួលកម្មករកម្មការនី និងរោងចក្រសហគ្រាសនានា ឱ្យមានការរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ពិសារជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃនោះ ។ នេះជាការបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាស ។

សម្ដេចក៏អំពាវនាវឱ្យកិច្ចប្រជុំថ្នាក់កំពូល ឬគ្រប់ថ្នាក់ គួរសាកដាក់ម្ហូបខ្មែរដើម្បីឱ្យមានការស្គាល់ម្ហូបខ្មែរពីអន្តរជាតិកាន់តែច្រើន ។

សម្ដេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការពិសារនំបញ្ចុកនេះ នេះជាការធ្វើឱ្យមានទីផ្សារអង្ករ និងកសិផលបន្លែផ្សេងៗដូចជា ត្រយោងចេក ត្រសក់ សណ្ដែកគួរជាដើម ។ ហើយការពិសារនំបញ្ចុកក្នុងថ្ងៃអាទិត្យខាងមុខនេះ ប្រសិនបើអាចមានអ្នកចូលរួមរហូតដល់៨ លាននាក់ នោះអាចនឹងបំបែកឯកត្តកម្មពិភពលោកក៏ថាបាន ។

ប្រធានគណបក្សប្រជាកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលរូបនេះ ក៏បានថ្លែងឱ្យមានការប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានករណីពុលនំបញ្ចុក ដែលអាចនាំឱ្យមានការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ។ ទោះយ៉ាងណាសម្តេចរំពឹងថា នឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ឱ្យតែធ្វើឱ្យមានអនាម័យ។

ខាងគណបក្សប្រឆាំង គឺលោក អេង ឆៃអៀង អនុប្រធាគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន​ ដោយសង្ឃឹមយ៉ាងមុតមាំថា ទិវានំបញ្ចុកអាចក្លាយជាទិវានៃការផ្សះផ្សារ និងបង្រួបបង្រួមជាតិ ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានសរសេរថា ថ្ងៃអាទិត្យនេះ លោកនឹងទៅទទួលទាននំបញ្ចុក ជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាង ៣០០ នាក់ នៅវត្តពោធិវង្ស ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង ។

លោកសម រង្ស៊ី ថ្លែងក្នុងកិច្ចសម្ភាសនៅវិទ្យុអាស៊ីសេរី ដោយលោកចង់ឱ្យមានការគោរពសិទ្ធិពលរដ្ឋ ហើយឱ្យតម្លៃគ្នាទៅវិញទៅមករវាងគណបក្សដែលមាននិន្នាការខុសគ្នា ដែលលោកទំនងសម្ដៅទៅលើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ។

លោកថាជាការល្អប្រសើរដែលសម្ដេច ហ៊ុន សែន ប្រកាសឱ្យមានការទទួលទាននំបញ្ចុករួមគ្នារវាងប្រជាជនខ្មែរនេះ ។

តែយ៉ាងណា សម្ដេចហ៊ុន សែន ​បញ្ជាក់ថា ការពិសារនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចពិសាររួមគ្នា ។

យ៉ាងណាលោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា  ព្រឹត្តិការណ៍ពិសារនំបញ្ចុករួមគ្នា អាចជាសញ្ញាល្អសម្រាប់នយោបាយកម្ពុជា ។  

ការចាត់ទុកថ្ងៃទី ៩ ខែមិថុន ឆ្នាំ ២០១៩ ឱ្យមានការពិសារនំបញ្ចុកនេះ ដំបូងឡើងគឺចេញពីមនុស្សរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបញ្ជាក់ថា ជាការពិសារដើរបង្ហាញអំពីមនសិការស្នេហាជាតិ រួបរួម និងសាមគ្គីគ្នា ហើយសម្ដេចក៏ប្រកាសឱ្យសមាជិកសមាជិការរបស់គណបក្សសង្គ្រោះជាតិពិសារនៅក្នុងថ្ងៃនោះដែរ ៕

អត្តបទដោយ សោម លាភ

Share

ព័ត៌មានទាក់ទង

Image