(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន បានកំណត់យកឆ្នាំ២០១៩ ជាពេលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌ ឬហៅថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី០៦ មិថុនានេះ។
ការប្រកាសនេះធ្វើឡើង ក្នុងពិធីបើកជាផ្លូវការដែលមានមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងមន្រ្តីទូតចិនចូលរួមកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយនាំឱ្យមានការជំរុញវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ។ លោកបន្តថា កិច្ចសហប្រតិបត្តិការនោះរួមមាន ការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម។
លោក ប៊ិន ឈិន ឱ្យដឹងទៀតថា«ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»នេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន ការផ្លាស់ប្ដូរវប្បធម៌ ការជំរុញលំហូរទេសចរទៅវិញទៅមក នឹងបង្កើតឱកាសថ្មីៗក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។
សូមរំលឹកថា ចំនួនទេសចរចិនមកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៨ មានប្រមាណ ២ លាននាក់ កើនឡើងជាង ៧០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
កម្ពុជារំពឹងថា នៅឆ្នាំ ២០២០ នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣ លាននាក់ ហើយនឹងកើនឡើងដល់ ៥ លាននាក់នៅ ឆ្នាំ ២០២៥ និង ៨ លាននាក់នៅឆ្នាំ ២០៣០៕