ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ ដោយជម្រាបជូនគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវអនុវត្តម៉ោងបង្រៀន និងរៀនដូចធម្មតាវិញ។ ការប្រកាសនេះ បន្ទាប់ពីក្រសួងយល់ថា រដូវប្រាំងដែលធ្វើឱ្យអាកាសធាតុក្តៅហួតហែងបានកន្លងផុត ហើយរដូវវស្សាក៏បានចូលមកដល់ ធ្វើឱ្យអាកាសផ្លាស់ប្តូរជាប្រក្រតីវិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំនៅថ្ងៃទី០៦ មិថុនានេះ។
សម្រាប់ម៉ោងសិក្សាដែលប្រសួងអប់រំប្រកាសឱ្យអនុវត្តម៉ោងពេលចេញ និងចូលរៀនជាធម្មតាវិញនោះ គឺពេលព្រឹកចូលរៀនម៉ោង ៧៖០០ និងចេញម៉ោង១១៖០០។ ចំណែកពេលរសៀលចូលរៀននៅម៉ោង១៣៖០០ និងចេញម៉ោង ១៧៖០០។
សូមរំលឹកជូនថា កាលពីខែមេសា ឆ្នាំ២០១៩ ក្រសួងអប់រំបានចេញសេចក្តីប្រកាសដោយកែប្រែម៉ោងចេញ និងចូលរៀនរបស់សិស្សនុសិស្ស ខណៈដែលសីតុណ្ហភាពនៅកម្ពុជាបានហក់ឡើងលើស ៤០អង្សាសេ នៅចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។ កាលណ្ណោះក្រសួងបានណែនាំឱ្យចូលរៀននៅពេលព្រឹកនៅម៉ោង៧ ហើយចេញនៅម៉ោង១០៖៣០នាទី។ ចំណែកពេលរសៀលវិញ ចូលរៀនម៉ោង១៖៣០នាទី ហើយចេញនៅម៉ោង ៥ល្ងាច។
ជាការកត់សម្គាល់ កម្ពុជាបានទទួលរងនូវបាតុភូត អ៊ែលនីណូ ដែលនាំឱ្យអាកាសធាតុមានភាពក្តៅខ្លាំងលើសពេលមុនៗ។ នៅកម្ពុជាសីតុណ្ហភាពបានកើនកំដៅដល់៤២អង្សាសេ តែប្រទេសជិតខាងកម្ពុជា តួយ៉ាងប្រទេស ថៃ បានឡើងកំដៅដល់ ៤៣អង្សាសេ វៀតណាម ៤៤អង្សាសេ ហើយប្រទេសភូមា៤៧អង្សាសេ។
ការឡើងកំដៅនៅកម្ពុជាបានបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាកសិករ។ ក្រសួងបានប្រកាសឱ្យប្រជាកសិករត្រូវពន្យារពេលធ្វើស្រូវវស្សា ព្រោះអាកាសធាតុក្តៅខ្លាំងអាចអូសបន្លាយយូរ។ ការឡើងកំដៅនេះ ក៏ធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេសកម្ពុជាបានជួបភាពខ្វះចន្លោះផងដែរ ដោយអាជ្ញារតម្រូវឱ្យមានការផ្អាកចរន្តអគ្គិសនីតាមពេល និងតាមតំបន់ជាបណ្តុះអាសន្ន៕