ខេត្តបាត់ដំបង៖ ផ្តើមការងារដំបូងជាមន្ត្រីជាប់កិច្ចសន្យាមួយរូបនៅសាលាឃុំតាលាស់ កញ្ញា ឆួន ដានី រំពឹងកសាងសមត្ថភាព ដើម្បីក្លាយជាមន្ត្រីក្រមខ័ណ្ឌរដ្ឋនៅពេលអនាគត ព្រោះចង់បង្ហាញសមត្ថិភាពដឹកនាំ និងចង់ជួយសង្គម។
កញ្ញា ដានី បានបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅសាលាឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អស់រយៈពេល ១ ឆ្នាំ កន្លះហើយ គិតមកដល់ពេលនេះ។
បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យនៅសកលវិទ្យាល័យបាត់ដំបង នៅឆ្នាំ ២០១៧ កញ្ញា ដានី មានគម្រោងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីអាចក្លាយជាមន្ត្រីក្រមខ័ណ្ឌរដ្ឋ ព្រោះកញ្ញាចង់បង្ហាញពីសមត្ថភាព និងចង់ជួយសង្គម។
ជាកូនទី ៧ នៅក្នុងគ្រួសារ ក្រៅពីបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា ពេលទំនេរពីការងារ កញ្ញា ដានី ជួយលក់ម្ហូបអាហារបងស្រី និងលក់ទំនិញតាមអនឡាន។
តែបែបនេះក្តី កញ្ញា ហាក់មើលឃើញថា ប្រជាពលរដ្ឋមួយចំនួនមានការរើសអើងចំពោះកញ្ញា និងមិនទាន់ទទួលស្គាល់ពីសមត្ថភាពយុវជនវ័យក្មេងដូចកញ្ញានៅឡើយ។
ជាចុងក្រោយ កញ្ញា ផ្ញើសារដល់យុវតីទាំងឡាយណាដែលចង់បម្រើការងារមន្ត្រីជាប់កិច្ចសន្យានៅសាលាឃុំត្រូវខិតខំរៀនសូត្រឲ្យពូកែ និងត្រូវក្លាហានចូលរួមកិច្ចសង្គមឲ្យបានច្រើន៕ អត្ថបទ៖ គឹម ឡាង