en     km
en     km

តើទឹកដីកម្ពុជាក្រោមបាត់បង់ពីការគ្រប់គ្រងរបស់កម្ពុជាបន្ដបន្ទាប់ពីពេលណា?

Share

៤ មិថុនា ២០១៩ ,  ៤ មិថុនា ១៩៤៩ គឺជាខួបទី៧០ឆ្នាំនៃការបាត់បង់ទៅនូវទឹកដីកម្ពុជាក្រោម ដែលបារាំង ហៅថាតំបន់រដ្ឋបាល កូសាំងស៊ីន ទៅឱ្យវៀតណាមដោយសម្អាងលើច្បាប់ដែលសភាបារាំង អនុម័តឱ្យចូល ជាធរមានពីពេលនោះ។ ទឹកដីកម្ពុជាក្រោមជាការពិត មានប្រវត្តិយូរអង្វែងបន្ដិចនៃការបាត់បង់ តាមរយៈការ បញ្ចូលនិគមជនជាតិ ការប្រើល្បិចល្បែង និង ការគម្រាមកំហែង ការឈ្លានពាន ជាពិសេសគឺប្រវត្តិសាស្រ្ដ ចុងក្រោយនៃបរិបទពិភពលោកក្រោយការដកទង្វើអាណានិគមរបស់ពួកចក្រពត្តិ ហើយបញ្ចប់ទៅនូវ សង្គ្រាមឈ្លានពានគ្នាពេញសកលលោក។ ការណ៍នេះជាការផ្លាស់ប្ដូរភាពជាក់លាក់ តាមរយៈការសម្អាងអ្វីគ្រប់យ៉ាងគឺត្រឹមត្រូវដោយអានុភាពជាចម្បងនៃក្រឹត្យក្រមច្បាប់។

តទៅនេះ កញ្ញា ឆោមពៅនិកា នឹងរៀបរាប់ពីប្រវត្តិទឹកដីកម្ពុជាក្រោម និង ដំណើរដើមទងនៃការ របូតបាត់បន្ដបន្ទាប់ចាប់ពីសតវត្សទី១៧

ទំហំដីប្រមាណជា៦៧៧០០ គីឡូម៉ែតការេ គឺជាទំហំទឹកដីកម្ពុជាក្រោម។ទឹកដីនេះគ្របដណ្ដប់ទៅលើ អាណាខេត្ត ចំនួន១៩ និងកោះធំៗចំនួនពីរ រួមមាន ខេត្តទួលតាមូក, ត្រពាំងស្រការត្រី, ស្រែអំពិល, រោងដំរីព្រៃនគរ,ដំបូកកោង, មេស, កំពង់ឫស្សី, មាត់ជ្រូក, ពាមប៉ារាជ, ផ្សារដែក, លង់ហោ, ព្រះត្រពាំង,ពាម, ក្រមួនស, ព្រែកឫស្សី , ឃ្លាំង, ពលលាវ, ទឹកខ្មៅ, ។ រីឯកោះពីរនោះ គឺកោះត្រល់និងកោះ ត្រឡាច ។  ប្រជាជាតិអម្បូរ ខ្មែរ មន បានរស់នៅលើដីសណ្ដនៃទន្លេ មេគង្គត្រង់ហៅថាកម្ពុជាក្រោមនេះ តាំងតែពីសម័យហ្វូណន។ តែមកទល់ពាក់កណ្ដាលទី១នៃសតវត្សទី១៧ ពោលគឺចាប់តាំងពីឆ្នាំ១៦២៩ ជនជាតិយួនអន្តោប្រវេសន៏ បានចាប់ផ្ដើមធ្វើដំណើរការទៅទិសខាងត្បូង ហើយមកដល់ទឹកដីកម្ពុជាក្រោម ដែលក្នុងសម័យកាលនោះ ចាមបានបាត់បង់ទឹកដីដោយការលេបត្របាក់ពីនិគមជនជាតិនេះរួចទៅហើយ។ រជ្ជកាលនោះគឺស្ថិតក្នុងរាជ្យព្រះជ័យជេដ្ឋា ឬ ហៅថាជ័យចេស្ដាទី២ ដែលទ្រង់គឺជាព្រះរាជបុត្រាច្បង នៃព្រះបាទស្រីសុរិយោពណ៌។ ឯកសារប្រវត្តិសាស្រ្ដនៃសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជា របស់ លោក អាដេម៉ាឡឺក្លែ រ៉េស៊ីដង់បារាំងនៅកម្ពុជានាសម័យអាណានិគម កត់ត្រាថា ព្រះជ័យជេដ្ឋាបាន ទទួលយកក្សត្រីអាណ្ណាមមួយអង្គដែលព្រះរាជាអាណ្ណាមបានបញ្ចូនមកធ្វើជាជាយា ហើយបានអភិសេក ឱ្យជាសម្ដេចភគវតីព្រះស្រីវក្សត្រីយ៍ ដោយសម្រស់ស្រស់ត្រកាល ថែមព្រះរាជាពេញហឫទ័យ និង ស្ដាប់បង្គាប់។ ប្រការនេះ បានរំលេចនូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាង នគរខ្មែរ និង នគរអាណ្ណាម។ ជាបន្ដបន្ទាប់ក៏មានទូតអាណ្ណាមសុំព្រះរាជានុញ្ញាតឱ្យប្រជាជនអាណ្ណាមចូលរស់នៅចុងខាងត្បូងនៃព្រះរាជាណាចក្រ បង្កើតស្នាក់ការគយនៅព្រៃនគរទៀតផង។

ជាមួយគ្នានេះ សៀវភៅប្រវត្តិសាស្រ្ដលោកស្រីត្រឹងងារ និយាយថា ស្ដេចយួនបានចាត់ទូតឱ្យមកសុំខ្ចីដីខ្មែរ ត្រង់ព្រៃនគរ និង កំពង់ក្របីដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងនឹងចិន ហើយសន្យាបង្វិលសង៥ឆ្នាំ។ តែក្រោយពីព្រះរាជាទ្រង់ចូលទិវង្គតក្នុងឆ្នាំ១៦២៨ គេសង្កេតឃើញថា ពីព្រៃនគរ ដល់ដូនណៃនោះសុទ្ធតែនិគមជនជាតិយួនពេញស្រេចរស់នៅបាត់ទៅហើយ។

កន្លងមកអ្នកប្រវត្តិសាស្រ្ដ សន្មតថា ការចាប់ដៃរបស់កម្ពុជា និង វៀតណាម ជា នយោបាយ រំដោះខ្លួនដើម្បី ទប់ ជាមួយ សៀម កាលដែលលើកទ័ពមកឆ្នាំ១៦២៣។ គិតត្រឹមឆ្នាំ១៨៣៤ ពោលគឺប្រមាណជា ៣០ឆ្នាំមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែ ទាំងស្រុង (លើកលែងតែស្រុកទ្រាំង ដែលបាត់បង់នៅឆ្នាំ១៨៤០) ហើយក្រោយមកក៏មានសិន្ធិសញ្ញា បន្ដបន្ទាប់ដែលរុញច្រានឱ្យមានការផ្លាស់ប្ដូរមណ្ឌលរដ្ឋបាលដែនដីកម្ពុជាទៅជាភាសាអាណ្ណាម។

ដោយឡែក សៀវភៅកម្ពុជាក្នុងសម័យសង្រ្គាមវៀតណាម របស់អ្នកនិពន្ធ ឥន្ទ សុផល បានស្ដែងថា មកដល់ឆ្នាំ១៨៦៦ក្រោយបីឆ្នាំនៃអាណាព្យាបាល បារាំងមកដល់ បារាំងបានផ្ដល់នូវទំនុក ចិត្តនៃការដឹកនាំមកកាន់កម្ពុជាដោយ បានកាត់យកខេត្តខ្មែរពីអាណ្ណាមមកវិញដូចជាខេត្ត មាត់ជ្រូក ពាម ព្រះត្រពាំងជាដើម តែកោះត្រល់បារាំងមិនបានបញ្ចូលក្នុងទឹកដីកូសាំងស៊ីនទេ គឺនៅតែជាទឹកដីកម្ពុជារហូត ដល់ថ្ងៃទី៣១ មករា ១៩៣៩ទើបបារាំងកាត់កោះត្រល់បញ្ចូលក្នុងរដ្ឋបាលនៃទឹកដីកូសាំងស៊ីន ជាការបាត់កោះត្រល់ដំណាក់កាលទី១។ យ៉ាងណាការបញ្ចូលទឹកដីកោះត្រល់នេះ ចូលដែនដីកូសាំងស៊ីន គឺ គោលបំណងត្រឹមជាដែនដីរដ្ឋបាលទារពន្ធដាររបស់បារាំងដែលខាងកម្ពុជាពុំមាននរណាទៅទារ ពន្ធដារនៅទីនោះទេ។

បើតាមការណ៍ពិតបារាំងចូលមកត្រួតត្រាប្រទេសអាណ្ណាមតាំងពីឆ្នាំ១៨៤៥ ហើយបែងចែកជាបីតំបន់គឺ អាណ្ណាម តុងកឹង និង កូសាំងស៊ីន ហើយ ទើបមកកម្ពុជាតាមការពឹងពាក់របស់ព្រះបាទអង្គឌួងមួយលើកជា ពីរលើកលុះតាមការឃើញប្រយោជន៍ដល់ឆ្នាំ១១ សីហា ១៨៦៣។ ពេលនោះហើយដែលសិស្សនិស្សិត ប្រជាពលរដ្ឋ ចាំរត់មាត់ ថា បារាំងជាហ្វ្រាំងទប់ការលេបត្របាក់កម្ពុជាពីសំណាក់យួននិងសៀមជាផ្លូវការ។

នៅឯវៀតណាមឯណោះក្នុងរង្វង់ឆ្នាំ១៩៤៥ ១៩៤៧ គឺវៀតណាមបានរងឥទ្ធិពលនៃសង្គ្រាមត្រជាក់ ក្រោយបញ្ចប់សង្រ្គាមលោក តែមជ្ឍដ្ឋានខ្លះថាជាពុតត្បុតវៀតណាមដែលធ្វើជាបែកបាក់គ្នាដើម្បីបាន ទឹកដីកម្ពុជា។ បើតាមសៀវភៅប្រវត្តិសាស្រ្ដលោកឥន្ទ សុផលដដែល គឺ ថ្ងៃទី១ មិថុនា ១៩៤៦ បារាំងបានចុះកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋាភិបាលវឿតណាមខាងជើង ដឹកនាំដោយហូជីមិញ។ ឯភាគខាងត្បូងនៃប្រទេសវៀតណាម បារាំងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋកូសាំងស៊ីន តែដើម្បីចង់ បានការគាំទ្រពីប្រជាពលរដ្ឋវៀតណាម បានដឹកនាំយូរអង្វែង បារាំងសម្រេចយាងព្រះចៅបាវដាយមក ពីក្រុងហុងកុង និង បង្កើតកិច្ចព្រមព្រៀងអាលីសេ មានន័យស្មើនឹងការប្រគល់ទឹកដីកូសាំងស៊ីនទៅ ឱ្យព្រះចៅបាវដាយគ្រប់គ្រង ដោយមិនមានការពិភាក្សាពីភាគីជម្លោះព្រំដែនកម្ពុជា ហើយពេលនោះ សម្ដេចព្រះសីហនុបដិសេធមិនយាងទៅចូលរួមក្នុងកិច្ចព្រមព្រៀងនោះ។

យ៉ាងណាត្រង់ចំណុចនេះ លោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប បានផ្ដល់សម្ភាសដល់វិទ្យុខ្មែរអន្ដរជាតិ កាលពី៩ឆ្នាំមុន ថា កិច្ចព្រមព្រៀងកាលនោះគឺពុំបានទទួលការ ចូលរួមនិងយល់ព្រមពីភាគីខ្មែរទេទោះព្រះបាទនរោត្តមសីហនុផ្ញើសារលិខិតទៅបារាំងឱ្យជម្រាបលោកមកវិញនូវលទ្ធផលនៃកិច្ចព្រមព្រៀងតែបារាំងហាក់មិនអើពើតបតឡើយ។ ក្រោយមក ស្ដេចបាវដាយ ទាមទារដាច់ខាតឱ្យសភាបារាំងត្រូវតែអនុម័តលើកិច្ចព្រមព្រៀងជាមុនសិន។ ប្រមុខរដ្ឋបារាំងលោក ប្រធានាធិបតី អូរីយូលទីបំផុតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនោះ និង ចូលជាធរមានពីថ្ងៃទី៤ មិថុនា ឆ្នាំដដែល។

ជារួមស្របតាមឯកសារប្រវត្តិសាស្រ្ដ ត្រូវដឹងថា ទឹកដីកម្ពុជាក្រោមនេះ បានបាត់បន្ដបន្ទាប់តាមលំអាន ស្មុគស្មាញបន្ដិចនៃប្រវត្តិសាស្រ្តកម្ពុជា។  ទឹកដីកម្ពុជាក្រោមនេះ គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។

តែមិនមានន័យថាទឹកដីនេះទើបបាត់ក្នុងឆ្នាំ១៩៤៩នោះទេ គ្រាន់តែថា តាមរយៈច្បាប់ ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩នោះគឺ បារាំង បានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងច្បាំងដណ្តើមយកពីវៀតណាម កាលនៅឆ្នាំ១៨៦២ ឲ្យទៅវៀតណាមវិញដោយឯកត្តោភាគី ពោលគឺមិនមែនជាការកាត់យកពី កម្ពុជាទៅឲ្យវៀតណាមនោះទេ។ បញ្ជាក់ម្ដងទៀតថា ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀត ណាម តាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន ប៉ុន្ដែកាលណោះកម្ពុជាគឺមិនបោះបង់ សិទ្ធិទាមទារមកវិញប៉ុណ្ណោះ។

ក្រោយៗមក ទល់ពេលនេះ មានមជ្ឈដ្ឋានជាច្រើនមិនឯកភាពគ្នាលើការបាត់បង់ទឹកដីមួយនេះរបស់កម្ពុជា តែគួរបញ្ជាក់ថា បើតាមនីតិអន្ដរជាតិក្រោយពីបញ្ចប់នូវសង្គ្រាមលោកលើកទាំងពីរហើយ គឺ រាល់ព្រំដែន ដែលបន្សល់ទុកដោយមហាអំណាចអាណានិគម គឺជាព្រំដែនដែលមិនអាចសើរើឡើងវិញបាន ។

ប្រការនេះដែរ អ្នកប្រវត្តិសាស្រ្ដមួយចំនួន សូមឱ្យកូនខ្មែរចងចាំទុកជាមេរៀនឈឺចាប់ដែលត្រូវតែភ្ញាក់ រលឹកជាងការចងគំនុំថា ត្រូវរក្សានូវអ្វីដែលខ្លួនឯងមានក្នុងពេលបច្ចុប្បន្ន មិនត្រូវចាញ់ល្បិចកលសត្រូវ ធ្វើឱ្យបែកបាក់ជាតិ ហើយលោកអ្នកប្រវត្តិសាស្រ្ដកត់សម្គាល់ថា កម្ពុជាក្រោមប្រហែលគ្មានផ្លូវអាចចូល ខ្លួនជារដ្ឋនឹងកម្ពុជាទេ លើកលែងតែប្រឹងប្រែងធ្វើខ្លួនជារដ្ឋស្វយ័តដូចហុងកុងនៅប្រទេសចិន៕

Share

ព័ត៌មានទាក់ទង

Image