អង្គការសិទ្ធិមនុស្សអាមេរិក, Human Rights Watch កាលពីថ្ងៃទី៣មីថុនាបានចេញសេច្ដីថ្លេងការណ៍ជាចំហដោយប្រកាសថា នៅអំឡុង៥ខែនៃឆ្នាំ២០១៩នេះ សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤៧នាក់ រងការកោះហៅដោយតុលាការនិងសមត្ថកិច្ចប៉ូលិសពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយ ដែលអង្គការនេះថាករណីគណបក្សសង្រ្គោះជាតិ។
តាមសេចក្ដីថ្លែងការណ៍គឺក្នុងចំណោម១៤៧នាក់នេះ គឺមួយចំនួន ត្រូវបានប៉ូលិសហៅសាកសួរ និងមួយចំនួនត្រូវបានតុលាការហៅចូលខ្លួនបំភ្លឺ។
នាយកប្រតិបត្តិប្រចាំអាស៊ី លោកBrad Adams បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា រដ្ឋាភិបាលនៃប្រទេសឯកបក្សនេះនៅតែប្រកាន់វិធានការធ្វើទុក្ខបុកម្នេញ លើក្រុមប្រឆាំង តាមរយៈការកោះហៅរបស់ប៉ូលិសនិងតុលាការ។ លោកបន្តថា សហភាពអឺរ៉ុប ដែលប្រតិភូរបស់ក្រុមនេះកំពុងមកពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៣មីថុនានេះ និង ប្រទេសដទៃទៀត ត្រូវទាមទារឱ្យ រដ្ឋាភិបាល កម្ពុជា ទម្លាក់ចោល រាល់ទម្រង់នៃការគាបសង្កត់ទៅលើក្រុមប្រឆាំងហើយស្ដារគណបក្សសង្រ្គោះជាតិឡើងវិញ។
តាមសេចក្ដីថ្លែងការណ៍ សកម្មជននៃអតីតបក្សសង្រ្គោះជាតិ ដែលត្រូវបានសមត្ថកិច្ចកោះហៅ គឺមាននៅខេត្តបាត់ដំបង ៣៦នាក់ ខេត្តកណ្ដាល ៣៦នាក់ ខេត្តកំពង់ធំ៣៥នាក់ រាជធានីភ្នំពេញ ១៤នាក់ បន្ទាយមានជ័យ ៨នាក់ កំពង់ស្ពឺ៦នាក់កំពត៦កំពង់ ឆ្នាំង៤នាក់និងពោធិសាត់២នាក់។
អង្គការអន្តរជាតិនេះ បានបញ្ជាក់ មានសកម្មជន មួយចំនួន ត្រូវបានដាក់អោយស្ថិតនៅក្រោមការឃុំខ្លួនរួចហើយនិងខ្លះទៀតបានរស់ទៅនៅប្រទេសដទៃ។
តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹមសន្តិភាព បានបញ្ជាក់ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅថ្ងៃទី៤មីថុនានេះដោយហៅសេចក្ដីថ្លែងការណ៍របស់អង្គការសិទិ្ធមនុស្សអន្តរជាតិនេះថាបានធ្វើការបញ្ចេញមតិខុសនឹងការពិត។ លោកអះអាងថា មានមនុស្សជាច្រើនទៀត ដែលមិនមែនជាសកម្មជននៃអតីតបក្សប្រឆាំង ក៏បានកោះហៅដែរ។ លោកបញ្ជាក់ថា កោះហៅរបស់សមត្ថកិច្ចឬតុលាការក្ដីគឺធ្វើឡើងបន្ទាប់ពីមានការស្រាវជា្រវ ច្បាស់លាស់។
កាលពីថ្ងៃទី១២ មីនាឆ្នាំ២០១៩ តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន មន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៨រូប។ ក្នុងនោះមាន លោកសមរង្ស៊ី លោក ស្រីមួរ សុខហួរ លោកអូចាន់ឬទ្ធិ លោកអេងឆៃអ៊ាង លោកឡុងរី លោក តុបវ៉ាន់ចាន់ លោកហូវ៉ាន់និង ម៉ែនសុថាវ៉ារិន។ ដីកានេះបានចេញដោយចៅក្រមស៊ើបសួរគឺលោក កួយ សៅ ដោយដាក់កម្មវត្ថុចោទអ្នកទាំងប្រាំបីនាក់ពីបទរួមគំនិតក្បត់ និង ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ពួកគាត់កំពុងស្ថិតនៅប្រទេសអាមេរិកនិងអឺរ៉ុប។ ដោយឡែកលោកសមរង្ស៊ីបានសន្យាថាលោកនឹងរកគ្រប់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបានត្រឡប់មកកម្ពុជានៅឆ្នាំ២០១៩នេះ ហើយក្នុងនោះ មន្ត្រីដែលរងដីកាចាប់ខ្លួនទាំង៧រូបនេះ ក៏សន្យាអមដំណើរ លោកសមរង្ស៊ីផងដែរ៕