ភ្នំពេញ៖ សិស្សស្រីចំនួន ៥នាក់ជាកុមារី និងគ្រូបង្វឹកម្នាក់នៃមូលនិធិកុមារកម្ពុជា CCF នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅចុងខែមិថុនា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្នែកកីឡាបាល់ទាត់នារី និងការបោះជំរុំស្តីពីភាពជាអ្នកដឹកនាំ ដែលកម្ពុជាស្ថិតក្នុងប្រទេសចំនួន ១៣ ផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនេះ។ ទាំងគ្រូបង្វឹក និងសិស្សស្រីទាំង៥ រូបបានបង្ហាញជំនឿថា ការទៅចូលរួមកម្មវិធីនៅសហរដ្ឋអាមេរិកនេះ ពួកគេនឹងទទួលបានបទពិសោធន៍ល្អ ដើម្បីចែករំលែកកុមារីផ្សេងនៅកម្ពុជា។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
អង្គការមូលនិធិកុមារកម្ពុជា(CCF)កាលពីរសៀលថ្ងៃទី៣០ ឧសភា ម្សិលមិញ បានរៀបចំកម្មវិធីអបអរសាទរ ដល់សិស្សស្រីជាកុមារីចំនួន ៥នាក់ និងគ្រូបង្វឹកម្នាក់ ដែលទទួលបានការជ្រើសរើសសម្រាប់កម្មវិធីអន្តរជាតិផ្នែកកីឡាបាល់ទាត់កុមារីនារដូវក្តៅ និងការបោះជំរុំស្តីពីភាពជាអ្នកដឹកនាំ នៅរដ្ឋ New Jersey និង New York City សហរដ្ឋអាមរិក សម្រាប់រយៈពេល ១៣ថ្ងៃ។
សម្រាប់កម្មវិធីផ្នែកកីឡាបាល់ទាត់ អ្នកចូលរួមមកពី ១៣ ប្រទេសផ្សេងគ្នា នឹងបានឃើញពីភាពជាអ្នកដឹកនាំ និងការប្រតិ បត្តិល្អក្នុងផ្នែកកីឡារបស់អាមេរិក រាប់ពីការលេងរបស់ក្មេងនៅតាមសហគមន៍ដល់ក្រុមអាជីព។
ដោយឡែកការបោះជំរុំភាពជាអ្នកដឹកនាំវិញ កម្មវិធីបានបូកបញ្ជូលគ្នានូវការប្រជុំជាមួយអង្គការសហគមន៍ អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។
លោក Gary Anderson អនុប្រធានទូតស្តីទីសហរដ្ឋអាមេរិកមានប្រសាសន៍ថា ការជ្រើសរើសសិស្សទាំង ៥នាក់ទៅសហរដ្ឋអា មេរិកនេះ គឺដោយសារពួកគេបានបញ្ចប់ដោយជោគជ័យនូវកម្មវិធីហ្វឹកហាត់រយៈពេល ៦ខែ ស្តីពី«ការលើកកម្ពស់សមត្ថភាពរបស់យុវជនតាមរយៈកីឡា»កាលពីឆ្នាំ ២០១៨ក្រោមមូលនិធិASA Foundation។ មួយវិញទៀត អ្នកទាំង៥ មានភាពលេចធ្លោ និងមានការយកចិត្តទុកដាក់ទាំងផ្នែកហាត់កីឡា និងបានរៀនពីក្រុមការងារភាពជាអ្នកដឹកនាំ។
លោក Gary Anderson បានថ្លែងតាមរយៈអ្នកបកប្រែថា នៅពេលដែលអ្នកទាំង៥ បានទៅដល់អាមេរិក ពួកគេនឹងយកបទពិសោធន៍ដែលមាននៅកម្ពុជា ទៅចែករំលែកនៅសហរដ្ឋអាមេរិក។
ចំណែកលោក អ៊ែរ រិនស្វតជេស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថា កីឡាមិនត្រឹមតែផ្តល់នូវសុខភាពសម្រាប់រាង្គកាយនោះទេ កីឡាធ្វើឱ្យមនុស្សមានភាពជាអ្នកដឹកនាំ ការដោះស្រាយនូវវិបត្តិ មានភាពជាមិត្តភាព ឈានទៅសម្រេចនូវគោលបំណងផងដែរ។ លោករំពឹងថា អ្នកទាំង ៥និងគ្រូបង្វឹកនិងទទួលបានបទពិសោធន៍ថ្មីពីមនុស្សដដៃទៀត ហើយនិងពាំនាំយកបទពិសោធន៍មកចែករំលែកដល់កុមារក្នុងប្រទេសកម្ពុជាពេលត្រឡាប់ពីអាមេរិកវិញ។
កញ្ញា ព្រំ លក្ខិណា គ្រូបង្វឹកផ្នែកកីឡាដែលត្រូវអបដំណើរទៅសហរដ្ឋអាមេរិកដែលនោះនិយាយថា អ្នកទាំង៥ ដែលត្រូវបានជ្រើសរើសយកទៅចូលរួមក្នុងកម្មវិធីនៅសហរដ្ឋអាមេរិកនេះ បានឆ្លងកាត់ការសម្រាំងដោយពួកគេមានការតាំងចិត្តខ្ពស់ មានភាពទទួលខុសត្រូវក្នុងកិច្ចការងារ និងការរៀនសូត្រ ហើយពួកគេក៏មានជីវភាពក្រីក្រផងដែរ។
រីឯកុមារី ឈឿន សុជាតា ជាបេក្ខាភាពមួយរូបក្នុងចំណោម ៥នាក់លើកឡើងថា ការហ្វឹកហាត់កីឡាបាល់ទាត់គឺជួបភាពលំបាកមួយចំនួន ជួនត្រូវរងរបួសផងដែរ។ តែយ៉ាងណាកុមារីរូបនេះថា ខ្លួនមិនដែលបះបង់ព្រោះការហត់នឿយ និងការលំបាកទាំងនេះទេ ហើយកុមារីរូបនេះសន្យាថា នឹងចែករំលែកបទពិសោធន៍ដែលទទួលបាននៅទឹកដីអាមេរិកជូនកុមារីកម្ពុជា។
សូមបញ្ជាក់ថា សិស្សស្រីទាំង ៥នាក់ រួមទាំងគ្រូបង្វឹកមួយរូបផង នឹងត្រូវចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ មិថុនា ហើយត្រឡប់មកវិញនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩។ ពួកគេនឹងត្រូវបោះជំរុំស្តីពីភាពជាអ្នកដឹកនាំនៅថ្ងៃទី០៧ កក្កដា។ នៅពេលដែលពួកគេត្រឡប់មកវិញស្ថានទូតអាមេរិក នឹងលើកទឹកចិត្តឱ្យពួកគេធ្វើដំណើរទៅបោះជំរុំបាល់ទាត់របស់គេសម្រាប់ក្មេងតូចនៅកម្ពុជា។ ស្ថានទូតអាមេរិករំពឹងថា ពួកគេនឹងអាចចែករំលែកនូវអ្វីដែលបានរៀនដល់អ្នកដដៃទៀតក្នុងសហគមន៍៕