ទោះជានៅលើទឹកជប៉ុនក៍ដោយ គឺអោយនៅអាស៊ី គឺសម្រាប់សម្ដេចហ៊ុនសែន មិនញញើតទេនូវការប្រើ ពាក្យ ប្រមាថគូសត្រូវខ្មែរដូចគ្នា។ នៅថ្ងៃទី៣០ឧសភានេះ នៅលើវេទិកានៃសន្និសីទសារព័ត៌មាន មួយនៅទីក្រុងតូក្យូ សម្ដេចនាយករដ្ឋមន្ត្រីបានហៅមេបក្សប្រឆាំងដែលនិរទេសខ្លួនថា «ឆ្កែមួយក្បាល» និងជា «ជនក្បត់ជាតិ»។ សម្ដេចប្រកាសបន្តជម្លោះជាមួយលោកសមរង្ស៊ីដល់ទីបញ្ចប់។
កញ្ញា ហេង នីទីរាយការណ៍ព័ត៌មាននេះ៖
ជាការពិតអ្វីដែលធ្វើអោយនាយករដ្ឋមន្ត្រីកម្ពុជា ច្រឡោតខឹងដូចនេះ គឺនៅពេលអ្នកសារព័ត៌មាន ម្នាក់របស់ អង្គភាពសារព័ត៌មាន NIKKEI Asia Review ដែលសួរសម្ដេចអំពីភាពស្របច្បាប់នៃការបោះឆ្នោត សភាខែកក្កដាឆ្នាំ២០១៨។ សំណួររបស់អ្នកសារព័ត៌មាន NIKKEI Asia Review បានចោទទៅកាន់សម្តេច នាយករដ្ឋមន្ត្រី ថា គណបក្សកាន់អំណាចក្នុងប្រទេសកម្ពុជាបានឈ្នះអាសនៈភាគច្រើននៅក្នុងសភា នាអំឡុងពេលនៃការបោះឆ្នោតចុងក្រោយនេះ។ តែប្រទេសលោកខាងលិចបានរិះគន់ជុំវិញ ការរំលាយគណបក្សប្រឆាំង។ តើសម្តេចគិតយ៉ាងណាដែរចំពោះបញ្ហានេះ?
មុននឹងឆ្លើយចំសំណួររបស់អ្នកសារព័ត៌មានជប៉ុនរូបនេះ សម្ដេចហ៊ុនសែនបានលើកយកបញ្ហានយោបាយរបស់អ្នកនយោបាយនៅប្រទេសអឺរ៉ុបមួយចំនួន មកលាតត្រដាង ហើយក្រោយមកទើបសម្ដេចបកស្រាយរឿងកម្ពុជា។
តែបើតាមវិឌីអូឃ្លីបរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានបង្ហោះលើគេហទំព័រសារព័ត៌មានFresh News គឺសម្ដេច ហ៊ុនសែន ហាក់ខឹងខ្លាំងហើយប្រើពាក្យប្រមាថលើគូប្រជែងនយោបាយ ដោយប្រសាសន៍ ថា«សូមប្រកាសរង់ចាំធ្វើសង្គ្រាមជាមួយបុគ្គលម្នាក់នោះ ដែលសម្តេចហៅថាជា «ឆ្កែមួយក្បាល» ជុំវិញគម្រោងក្នុងការចូលមកចាប់ខ្លួនរបស់សម្តេច»។
—————ដាក់សំឡេង———-01————
គេនៅចាំបានថា ប្រតិកម្មរបស់មេដឹកនាំកម្ពុជា នៅលើទឹកជប៉ុន ប្រឆាំងគូប្រកួតនយោបាយ គឺ ជាការឆ្លើយទៅកាន់ លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលបាន ប្រកាសត្រៀមរៀបចំវិលប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះគឺដើម្បីមកតតាំងនយោបាយផ្ទាល់ ជាមួយសម្ដេចហ៊ុនសែន។ លោកសមរង្ស៊ីប្រកាសថានៅពេលលោកមកដល់កម្ពុជា គឺប្រជាជនកម្ពុជានឹងងើបបះបោរហើយចាប់លោកនាយករដ្ឋមន្ត្រី។
នៅក្នុងសន្និសីទសារព័ត៌មាននេះទៀត សម្តេច ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសទាំងឡាយត្រូវគោរពនូវវិធានការច្បាប់របស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលសម្ដេចមានប្រសាសន៍ថាការអនុវត្តប្រជាធិបតេយ្យ មានអាស្រ័យលើអធិបតេយ្យរបស់ប្រទេសនោះ។
———ចាក់សំឡេង ហ៊ុនសែន-02—————
យ៉ាងណាក្នុងវេទិកានោះ សម្តេច ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការផ្តល់ឱកាស ដល់អ្នកនយោបាយជាប់បំរាមទាំងអស់នោះ ឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ តែបើមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញគឺរង់ចាំរហូតដល់បំរាមរួចផុតដោយខ្លួនឯងនៅ ខែវិច្ឆិកា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានៅឆ្នាំ២០២២ ជាការបោះឆ្នោតឃុំសង្កាត់ ហើយឆ្នាំ២០២៣ គឺជាការសភាជាតិ។
នៅក្នុងបទសម្ភាសមួយជាមួយវិទ្យុស្រ្តី កាលពីថ្ងៃទី២៩ឧសភា អ្នកសិក្សាសង្គម និងជាអ្នកវិភាគនយោបាយ គឺលោកឯមសុវណ្ណារ៉ា យល់ឃើញ ថាសកម្មភាពការទូតរបស់មេដឹកនាំកម្ពុជា នៅក្រៅប្រទេសជាញឹកញាប់ ជាពិសេសគឺសម្ដេចហ៊ុនសែន គឺនៅមិនទាន់ធ្វើឱ្យកម្ពុជាស្ដារមុខមាត់កម្រិតការទូតងនៅឆាកអន្តរជាតិឡើងវិញបានទេ ព្រោះ ករណីដែលលោកខាងលិចចោទថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយសារការរំលាយគណបក្សប្រឆាំងគឺជាបញ្ហាធ្ងនធ្ងរនៅឡើយ៕