en     km
en     km

ក្រុមអ្នកជំនាញនៃអង្គការ FAO កំពុងសិក្សា​បញ្ហាជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅកម្ពុជា

Share

ភ្នំពេញ៖ ក្រុមអ្នកជំនាញអង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិហៅកាត់ថា FAO កំពុងចុះសិក្សាពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេសកម្ពុជាពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា ដើម្បីសិក្សាពីជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេសកម្ពុជា។

នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មបង្ហោះនៅថ្ងៃនេះដែលបង្ហាញជំនួបរវាងរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Alexandre Huynh តំណាងអង្គារ FAO ប្រចាំនៅកម្ពុជា។

ជំនួបរវាងរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Alexandre Huynh តំណាងអង្គារ FAO ប្រចាំនៅកម្ពុជា។រូបភាពហ្វេសប៊ុក

 

ជំនួបនេះមាន បំណងធ្វើការពិភាក្សាទាក់ទងនឹងវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺ ឆ្លងប៉េស្តជ្រូកអាហ្វ្រិក។

លោក Fillip Claes ក្រុមការងារជំនាញផ្នែកជំងឺប៉េស្តជ្រូកអាហ្វិ្រកបានរាយការណ៍ទៅលោករដ្ឋមន្រ្តី វេង សាខុន ពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមនៃជំងឺប៉េស្តជ្រូកអាហ្វិកទាំងក្នុងពេលបច្ចុប្បន្ន និងវិធានការការពារ និងទប់ស្កាត់ពេលអនាគត។

លោករដ្ឋមន្រ្តីកសិកម្មបានបង្ហាញគាំទ្របេសកកម្មរបស់ក្រុមការងារនៃអង្គការ FAO លើបញ្ហាជំងឺប៉េស្តជ្រូកនេះ។ លោកបន្ថែមថា កន្លងមកក្រសួងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាមួយមន្រ្តីរបស់ខ្លួនជុំវិញការអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួនលើការនាំចូលជ្រូកពីប្រទេសវៀតណាម ជាមួយសមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ។

ជាងនេះទៀតក្រសួងក៏បានណែនាំអ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ អ្នកនាំចូលជ្រូក ត្រូវចូលរួមសហការអនុវត្តសារាចរណែនាំឲ្យមានប្រសិទ្ធភាពផងដែរ។

កាលពីខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ ជំងឺប៉េស្តជ្រូកបានផ្ទះឡើងនៅខេត្តរតនគិរី ជាប់ព្រំប្រទល់ប្រទេសវៀតណាម។ មន្រ្តីជំនាញបញ្ជាក់ថា ជំងឺប៉េស្តជ្រូកនេះបានផ្ទះឡើងដំបូង​ក្នុងភូមិ​ សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បន្ទាប់​ពី​មាន​សត្វ​ជ្រូក​ប្រហែល ៤០០ក្បាល បានងាប់។​ ចំណែក​ជ្រូក ​១៩៣​ក្បាល​ផ្សេង​ទៀត​ត្រូវ​សម្លាប់​ក្រោយ​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

មន្រ្តីជំនាញពន្យល់ថា ជំងឺប៉េស្តជ្រូកនេះមិនឆ្លងមកមនុស្សឡើយ តែជំងឺអាចឆ្លងទៅសត្វជ្រូកផ្សេងទៀត ដែលនាំឱ្យអត្រាងាប់មានភាគរយខ្ពស់។ មន្រ្តីដាក់ការសង្ស័យថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមានប្រភពប្រទេសវៀតណាមឆ្លងចូលក្នុងប្រទេសកម្ពុជា តាមរយៈការនាំចូលជ្រូកពីប្រទេសវៀតណាម៕

Share

Image
Image
Image