en     km
en     km

រដ្ឋមន្រ្តីក្រសួងការងារអំពាវនាវដល់យុវជនត្រូវអភិវឌ្ឍន៍ចំណេះជំនាញឱ្យស៊ីចង្វាក់នឹងតម្រូវការទីផ្សារ

Share

ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងដោយអំពាវនាវទៅកាន់យុវជន ត្រូវខិតខំសិក្សាអភិវឌ្ឍន៍ចំណេះ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ ស្របពេលការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ កំពុងបង្កើតឱកាសការងារថ្មីៗ តែក៏ធ្វើឱ្យយុវជនបាត់បង់ការងារផងដែរ។ ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការងារធ្វើឡើងក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី «អនាគតនៃការងារសម្រាប់កម្ពុជា» នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ។

លោក អ៊ិត សំហេង បន្តថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាប្រជាជនអាយុក្រោម ២៥ ឆ្នាំចំនួន ៤៩.៥% នៃប្រជាជនសរុប។ ចំណែកអត្រាយុវជនអាយុ១៥-២៤ឆ្នាំមានចំនួន ២៨.៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ អត្រានេះនាំឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន។

តែយ៉ាងណាលោករដ្ឋមន្រ្តី កត់សម្គាល់ឃើញថា កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ជាងនេះទៅទៀត ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តឧស្សាហកម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗផងដែរ។ ប៉ុន្តែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តនេះ នឹងមិនអាចស្វែងរកការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញ។

លោករដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់យុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។

ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័្វយប្រវត្តិកម្ម បានបង្ហាញថា ៥៦% នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ក្នុងនោះប្រទេសកម្ពុជាមានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និងវៀតណាម ៧០%។

យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីការអង្កេតអនាគតនៃការងារ នៅឆ្នាំ២០១៨ មកទល់ពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យានេះ មិនទាន់បណ្តាលឱ្យមានការកាត់បន្ថយការងារជាទូទៅនៅទ្បើយនោះទេ។ ខណៈការផ្លាស់ប្តូរនេះ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើវិស័យមួយចំនួន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងវិស័យ និងមុខរបរផ្សេងៗផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image