នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាចុះចេញពីតំណែងដោយកំណត់យក ថ្ងៃសុក្រ ទី០៧ ខែមិថុនាខាងមុខនេះ ជាកាលបរិចេ្ឆទនៃការបញ្ចប់អំណាចរបស់លោកស្រី។
តាម ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែឧសភា នេះ គឺការសន្យា របស់ លោកស្រី May ធ្វើឡើងបន្ទាប់ពីបានជួបប្រជុំជាមួយក្រុមមេដឹកនាំបក្ស នៅថ្ងៃសុក្រនេះ ។
ក្នុងជំនួបនោះ លោកស្រីកំណត់កាលបរិចេ្ឆទលាលែងចេញពីតំណែង សំដៅបើកផ្លូវឱ្យ មានការប្រកួត ប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី។ តែបើតាមពួកមន្ត្រីអង់គ្លេស លោកស្រី May អាចនឹង បន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់ អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។
លោកស្រី Theresa May បានឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសកាលពីខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីលោក David Cameroon បានលាលែង។ ការចុះចេញពីដំណែងរបស់លោក David Cameroon នាពេលនោះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់លោកបានធ្វើការស្ទង់មតិមួយថាតើអង់គ្លេសគួរតែនៅក្នុងសហភាពអឺរ៉ុបទៀតឬទេ។ការស្ទង់មតិបានបង្ហាញថាប្រជាជនអង់គ្លេស ដល់ទៅ ៥២ភាគរយ សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។
អ្វីដែលនាំអោយលោកស្រី សន្យាលាលែងពីតំណែងនេះ គឺដោយសារលោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រីចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប បាន ធ្វើឱ្យ Brexit នេះត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
លោកស្រីសម្រេចដូចនេះ គឺដើម្បីទុកឱកាសឲ្យមេដឹកនាំក្រោយធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងការចាកចេញពីសមាជិកភាពអង់គ្លេសពីសហភាពអឺរ៉ុបឲ្យបានឆាប់។
តាមកិច្ចព្រមព្រៀង អង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុបនៅ ចុងខែមេសាឆ្នាំ២០១៩នេះ។សមាជិកសហភាពអឺរ៉ុបមាន២៨ប្រទេស ដែលបង្កើតនៅឆ្នាំ ១៩៩៣៕